ចំណូលមិនមែនសារពើពន្ធ សំដៅដល់ចំណូលដែលទទួលបានមកពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ ចំណូលពី សហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត ចំណូលពីសេវាសាធារណៈ ចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម វៀរលែងតែការពិន័យនិងការដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធផ្សេងទៀត។
ប្រភព៖ សទ្ទានុក្រមភ្ជាប់ជាឧបសម្ព័ន្ធនៃ ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នស/រកម/០៨០២២/១០ ចុះថ្ងៃទី១៨ សីហា ២០២២។
✍សម្រង់មាត្រា ក្នុងច្បាប់នេះ
មាត្រា៤.-
ចំណូលមិនមែនសារពើពន្ធ ត្រូវបានបែងចែក ដូចខាងក្រោម៖
- ១- ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ។
- ២- ចំណូលពីសហគ្រាសសាធារណៈ ភាគកម្មសាធារណៈ និងអង្គភាពស្វ័យភាពហិរញ្ញវត្ថុដទៃទៀត។
- ៣- ចំណូលពីសេវាសាធារណៈ។
- ៤- ចំណូលពីការពិន័យនិងការដាក់ទណ្ឌកម្ម។
- ៥-ចំណូលមិនមែនសារពើពន្ធដទៃទៀត ដូចមានកំណត់ក្នុងមាត្រា ៣៣ នៃច្បាប់នេះ។
ចំណូលមិនមែនសារពើពន្ធ ដែលជាប្រភេទចំណូលថ្មី ក្រៅពីប្រភេទចំណូលមិនមែនសារពើពន្ធខាងលើ ត្រូវ កំណត់ក្នុងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ។
មាត្រា៨២.-
ត្រូវបានផ្តល់ការលើកទឹកចិត្តចំពោះក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រមូលចំណូលមិនមែន សារពើពន្ធ និងអ្នករាជការសាធារណៈ ដែលមានស្នាដៃក្នុងការប្រមូលចំណូលនិងការតឹងទារបំណុលមិនមែនសារពើពន្ធ ប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងសក្តិសិទ្ធិភាព។