ទ្រព្យសម្បត្តិរដ្ឋ សំដៅដល់ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត ព្រមទាំង ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត។ ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត អាច​ហៅ​និង​សរសេរ​ក្នុង​ទម្រង់​ខ្លី​បាន​ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ ទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងរបស់នីតិបុគ្គលសាធារណៈដទៃទៀត​អាចហៅនិងសរសេរក្នុងទម្រង់ខ្លីបានជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។

ប្រភព៖ សទ្ទានុក្រមភ្ជាប់ជាឧបសម្ព័ន្ធនៃ ច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ នស/រកម/០៨០២២/១០ ចុះថ្ងៃទី១៨ សីហា ២០២២។

សម្រង់មាត្រា ក្នុងច្បាប់នេះ

មាត្រា៥.-

ចំណូលពីការចាត់ចែងទ្រព្យសម្បត្តិរដ្ឋ មានជាអាទិ៍៖

  • ១- ចំណូលពីការលក់ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ
  • ២- ចំណូលពីការជួលទ្រព្យសម្បត្តិរដ្ឋ
  • ៣- ចំណូលពីសម្បទានសេវាសាធារណៈ។
  • ៤- ចំណូលពីធនធានធម្មជាតិ។
  • ៥- ចំណូលផ្សេងៗទៀតដែលមានចែងក្នុងលិខិតគតិយុត្តបង្កើតចំណូលមិនមែនសារពើពន្ធ។

មាត្រា៦ .-

ចំណូលពីការលក់ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ជាចំណូលដែលទទួលបានមកពីការលក់ ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋជាចលនទ្រព្យនិងអចលនទ្រព្យ។

ការលក់ ឬការដូរទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ត្រូវអនុវត្តតាមវិធាននិងនីតិវិធីដូចមានកំណត់ក្នុងច្បាប់និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន។