បណ្ដឹងអញ្ញត្រកម្មបឋម សំដៅដល់បណ្ដឹងរបស់ភាគីម្ខាង[1]ប្រឆាំងនឹងយុត្តាធិការរបស់តុលាការ លើវិវាទដែលបានដាក់ជូនដោយភាគីម្ខាងទៀត។ គោលបំណងនៃបណ្ដឹងនេះ គឺដើម្បីឱ្យតុលាការលើកចោលបណ្ដឹងរបស់ដើមបណ្ដឹង។
ជាក់ស្ដែង ក្នុងវិវាទនីការ៉ាហ្គ័រនិងកូឡុំប៊ី[2] នីការ៉ាហ្គ័រ បានដាក់ពាក្យប្ដឹង ប្រឆាំងកូឡុំប៊ី ដោយចោទថា កូឡុំប៊ីរំលោភបំពានសិទ្ធិអធិបតេយ្យនៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។ នីការ៉ាហ្គ័រ ដាក់ពាក្យបណ្ដឹងនៅថ្ងៃទី២៦ វិច្ឆិកា ២០១៣ ចំណែកកូឡុំប៊ី បានធ្វើបណ្ដឹងអញ្ញត្រកម្មបឋម (preliminary objection) នៅថ្ងៃទី១៩ ធ្នូ ២០១៤។
ក្នុងបណ្ដឹងអញ្ញត្រកម្មបឋមខាងលើ ហេតុផលមួយក្នុងចំណោមហេតុផលដទៃទៀត កូឡុំប៊ីលើកឡើងថា តុលាការមិនមានយុត្តាធិការលើរឿងនេះឡើយ ព្រោះកូឡុំប៊ី បានប្រកាសដកខ្លួន (denunciation) ពី Pact of Bogota[3] នៅថ្ងៃទី២៧ វិច្ឆិកា ២០១២ រួចហើយ។ បើតាមមាត្រា ៥៦ (១) នៃ Pact of Bogota ការប្រកាសដកខ្លួន នឹងមានប្រសិទ្ធភាពក្នុងរយៈពេល១ឆ្នាំ ក្រោយការប្រកាសនោះ[4] បានន័យថា កូឡុំប៊ីនឹងចាកចេញពី Pact of Bogota នៅថ្ងៃទី២៧ វិច្ឆិកា ២០១៣។ ករណីខាងលើ នីការ៉ាហ្គ័រដាក់បណ្តឹងទៅតុលាការនៅថ្ងៃទី២៦ វិច្ឆិកា ២០១៣ គឺ១ថ្ងៃមុនការប្រកាសដកខ្លួនមានប្រសិទ្ធភាព។ យោងតាមមាត្រា៥៦ (១) Pact of Bogota, ICJ ក្នុងសាលដីកាអញ្ញត្រកម្មបឋម ២០១៦ បានច្រានចោលការទាមទាររបស់កូឡុំប៊ី។
ICJ បានគូសបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ចរបស់តុលាការមានសុពលភាពនៅថ្ងៃដាក់ពាក្យបណ្តឹង នោះការដកខ្លួនក្រោយមកចេញពីខយុត្តាធិការ គ្មានឥទ្ធិពលលើយុត្តាធិការតុលាការនោះទេ។[5] រឿងសំខាន់នៅត្រង់ថា បើសិនខយុត្តាធិការមានសុពលភាព នៅថ្ងៃដែលនីការ៉ាហ្គ័រដាក់ពាក្យបណ្តឹង នោះតុលាការមានយុត្តាធិការហើយ។ រឿងកូឡុំប៊ីដកខ្លួនពីខយុត្តាធិការនាពេលក្រោយមកទៀត មិនជះឥទ្ធិពលដល់សមត្ថកិច្ច តុលាការទេ។
ជារួម នៅពេលដែលមានពាក្យបណ្ដឹងមួយទៅតុលាការអន្តរជាតិ រដ្ឋដែលត្រូវបានប្ដឹងអាចតវ៉ាប្រឆាំងនឹងយុត្តាធិការរបស់តុលាការនោះបាន តាមរយៈបណ្ដឹងអញ្ញត្រកម្មបឋម។ នៅពេលទទួលបណ្ដឹងនេះ តុលាការត្រូវដោះស្រាយបណ្ដឹងនេះជាមុនសិន (ដើម្បីបង្ហាញថាខ្លួនមានយុត្តាធិការឬអត់) ទើបអាចបន្តដោះស្រាយលើសម្រេចលើបណ្ដឹងចម្បងបាន។ តួយ៉ាង នៅពេលដោះស្រាយបណ្ដឹងអញ្ញត្រកម្មបឋមរបស់កូឡុំប៊ី រួចតាមសេចក្ដីសម្រេច ២០១៦ ទើប ICJ បន្តនីតិវិធី បណ្ដឹងចោទប្រកាន់របស់នីការ៉ាហ្គ័រ រឿងរំលោភសិទ្ធិអធិបេយ្យតំបន់សេដ្ឋកិច្ចផ្ដាច់ ដោយចេញសាលដីកាលើអង្គសេចក្ដីនៅថ្ងៃទី ២១ មេសា ២០២២។
[1] ជាទូទៅ ភាគីចុងចម្លើយ។
[2] Alleged Violations of Sovereign Rights and Maritime Spaces in the Caribbean Sea (Nicaragua v. Colombia), Preliminary Objections, Judgment, I.C.J. Reports 2016 [pdf].
[3] American Treaty on Pacific Settlement (“Pact of Bogotá”), Entry into force: 6 May 1949. [pdf]
[4] Pact of Bogota, 1948, art. LVI: (1) The present Treaty shall remain in force indefinitely, but may be denounced upon one year’s notice, at the end of which period it shall cease to be in force with respect to the state denouncing it, but shall continue in force for the remaining signatories. The denunciation shall be addressed to the Pan American Union, which shall transmit it to the other Contracting Parties. (2) The denunciation shall have no effect with respect to pending procedures initiated prior to the transmission of the particular notification.
[5] Alleged Violations of Sovereign Rights and Maritime Spaces in the Caribbean Sea (Nicaragua v. Colombia, ICJ Judgement Report, 2022, para.42 [pdf]. if a title of jurisdiction is shown to have existed at the date of the institution of proceedings, any subsequent lapse or withdrawal of the jurisdictional instrument is without effect on the jurisdiction of the Court.