តារាងតុល្យការ (balance sheet) សំដៅដល់តារាង ដែលឆ្លុះបញ្ចាំងអំពីស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្តិ (ទ្រព្យអកម្ម និងទ្រព្យសកម្ម) របស់នីតិបុគ្គល។
(សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧។)
✍សម្រង់មាត្រានៃក្រមរដ្ឋប្បវេណី៖
មាត្រា ៧២. ករណីយកិច្ចធ្វើសេចក្តីរាយការណ៍អំពីការស្រាវជ្រាវទ្រព្យសម្បត្តិនីតិបុគ្គល
១-ក្រោយពេលឡើងកាន់តំណែង អ្នកជម្រះបញ្ជីត្រូវស្រាវជ្រាវស្ថានភាពបច្ចុប្បន្ននៃទ្រព្យសម្បត្តិរបស់នីតិបុគ្គលធ្វើបញ្ជីសារពើភ័ណ្ណ និងតារាងតុល្យការ និងដាក់ជូនតុលាការ ដោយគ្មានការយឺតយ៉ាវ។
២-ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត ឯកសារដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវទទួលការយល់ព្រមពីមហាសន្និបាតសមាជិក មុននឹងដាក់ទៅតុលាការ។
៣-ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ឯកសារដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះ ត្រូវទទួលការយល់ព្រមពីសមាជិកទាំងអស់មុននឹងដាក់ទៅតុលាការ។
៤-ចំពោះនីតិបុគ្គលមូលនិធិ ឯកសារដែលបានកំណត់នៅកថាខណ្ឌទី ១ ខាងលើនេះត្រូវទទួលការយល់ព្រមពីក្រសួង ឬស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យ មុន នឹងដាក់ទៅតុលាការ។
មាត្រា ៩៨. ការធ្វើ និងការយល់ព្រមលើឯកសារគណនា ជាអាទិ៍
១-រាល់ឆ្នាំអនុវត្តកិច្ចការ អភិបាលត្រូវធ្វើឯកសារដែលបានកំណត់ដូចខាងក្រោមនេះនិងឯកសារលំអិតភ្ជាប់ជាមួយ ដែលសរសេរអំពីហេតុសំខាន់ដើម្បីពន្យល់បន្ថែមទៅលើការសរសេរនៅក្នុងឯកសារនោះ :
- ក-តារាងតុល្យការ។
- ខ-របាយការណ៍ចំណេញខាត។
- គ-របាយការណ៍អំពីកិច្ចការ។
- ឃ-សេចក្តីព្រាងនៃសេចក្តីសម្រេចអំពីការចាត់ចែងប្រាក់ ដែលនៅសល់ឬដំណោះស្រាយចំពោះការខាតបង់។
២-អភិបាលត្រូវដាក់ជូនមហាសន្និបាតសាមញ្ញនូវឯកសារ ដែលបានកំណត់នៅក្នុងចំណុចនីមួយៗនៃកថាខណ្ឌទី ១ ខាងលើនេះ ហើយចំពោះឯកសារដែលបានកំណត់ នៅក្នុងចំណុច គឺត្រូវរាយការណ៍អំពីខ្លឹមសារនោះ រីឯឯកសារដែលបានកំណត់នៅក្នុង ចំណុច ក ចំណុច ខ និង ចំណុច ឃ ត្រូវទទួលការយល់ព្រមពីមហាសន្និបាត។