តុណ្ហីភាព (impliedly/tacit) សំដៅដល់ភាពស្ងៀមស្ងាត់ក្នុងការបង្ហាញឆន្ទៈ។

(សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​។)

👉 ការព្រមព្រៀងដោយតុណ្ហីភា (tacit agreement) មានន័យថា ការព្រមព្រៀងដោយស្ងៀមស្ងាត់ ឬការចាត់ទុកថាបានព្រមព្រៀងដោយសារភាពស្ងៀតស្ងាត់ ឬមិនបានឆ្លើយតប។

មាត្រា ៩២២. ការបង្កើតកាតព្វកិច្ចដោយសាមគ្គីភាព

១-ក្រៅពីករណីដែលមានបញ្ញត្តិនៅក្នុងច្បាប់​ កាតព្វកិច្ចដោយសាមគ្គីភាព​ត្រូវបានបង្កើតឡើង ដោយការព្រមព្រៀងដោយជាក់លាក់ ឬដោយតុណ្ហីភាព រវាងម្ចាស់បំណុល និងកូនបំណុលច្រើននាក់ដែលឆន្ទៈសាមគ្គីភាពរួមគ្នាទៅវិញទៅមកត្រូវបានទទួលស្គាល់។

២-ការព្រមព្រៀងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចធ្វើឡើង រវាងម្ចាស់បំណុល និងកូនបំណុលនីមួយៗដោយព្រមគ្នា ឬដោយបន្តបន្ទាប់។

៣-ម្ចាស់បំណុលអាចលើកលែងសាមគ្គីភាព ចំពោះកូនបំណុលណាមួយដោយមិនចាំបាច់មានការយល់ព្រមពីកូនបំណុលផ្សេងទៀតបាន។

៤-ក្រោយពេលលើកលែងសាមគ្គីភាព កូនបំណុលដែលបានទទួលការលើកលែងត្រូវទទួលបន្ទុកនូវកាតព្វកិច្ចត្រឹមតែចំនួនប្រាក់ដែលស្មើនឹងបន្ទុកដែលខ្លួនធ្លាប់មានមុនពេលលើកលែង។

៥-ភាគនៃបន្ទុករបស់កូនបំណុល ដែលមានកាតព្វកិច្ចដោយសាមគ្គីភាពនីមួយៗត្រូវ បានសន្មតថាស្មើគ្នា។