តាមក្រមរដ្ឋប្បវេណី ទណ្ឌកម្ម (discipline/correction) មានន័យថា សិទ្ធិប្រៀនប្រដៅកូន ក្នុងគោលបំណងអប់រំដោយព្រហ្មវិហារធម៌របស់អ្នកមានអំណាចមេបា។
ប្រភព: សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទកអនុម័តពាក្យច្បាប់ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧។
យោងតាមវចនានុក្រមខ្មែរ ដោយសម្ដេចសង្ឃរាជ ជួន ណាត ពាក្យ ទណ្ឌកម្ម សំដៅដល់ ការធ្វើទោសផ្ចាលតាមដំណើរធ្វើខុសនឹងវិន័យបញ្ញត្តិ : ដាក់ទណ្ឌកម្ម, ទទួលទណ្ឌកម្ម ។ វចនានុក្រមនេះ ក៏ចង្អុលឲ្យមើលពាក្យ នាសនង្គ ផងដែរ។
នាសនង្គ គឺជាអង្គនៃសេចក្ដីវិនាស គឺការប្រព្រឹត្តកន្លងសិក្ខាបទ ដែលជាហេតុឲ្យសាមណេរមានទោសត្រូវ ទណ្ឌកម្ម មានការបង្គាប់ឲ្យបោសសម្អាតវត្តនិងការប្រើឲ្យដងទឹកសម្រាប់ប្រើប្រាស់និងទឹកឆាន់ជាដើម ហៅថា ទណ្ឌកម្មសាសនា; ដាក់ទណ្ឌកម្មមិនឲ្យចេញចូលត្រង់ទីនេះឬទីនោះជាដើម ហៅថា សំវាសនាសនា, បើភិក្ខុវិញ ហាមមិនឲ្យរួមសំវាសជាមួយនឹងសង្ឃ ក៏ហៅថា សំវាសនាសនា; សង្ឃត្រូវផ្សឹកចេញឲ្យទៅជាគ្រហស្ថ ហៅថា លិង្គនាសនា; ទណ្ឌកម្មទាំង ៣ យ៉ាងនេះ ហៅថា នាសនង្គ “អង្គនៃនាសនា” (ព. វិ. ពុ.) ។
ក្នុងបរិបទច្បាប់ “ទណ្ឌកម្ម” ពេលខ្លះអាចជំនួសគ្នាជាមួយពាក្យថា “ទោស”។ ឧ. ទណ្ឌកម្មព្រហ្មទណ្ឌ (ទោសព្រហ្មទណ្ឌ) ជាដើម។