ទាយក (donor) សំដៅ​ដល់​ភាគី​ម្ខាង​នៃកិច្ច​សន្យា​ប្រទាន​កម្ម ដែលបង្ហាញ​ឆន្ទៈ​ផ្តល់​ទៅ​ឱ្យ​ភាគី​ម្ខាង​ទៀត​នូវ​ទ្រព្យ​សម្បត្តិ ដោយ​មិន​យក​ថ្លៃ។

​ប្រភព: សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​។

សម្រង់មាត្រានៃក្រមរដ្ឋប្បវេណី

មាត្រា ៥៧១. ការលុបចោលប្រទានកម្មដោយសារអំពើរំលោភលើទំនុកចិត្ត ជាអាទិ៍

១-ក្នុង​ករណី​ដែល​បដិគ្គា​ហក​បាន​ធ្វើអំពើ​រំលោភ​លើទំនុកចិត្តធ្ងន់ធ្ងរចំពោះទាយក ទាយកអាចលុបចោលប្រទានកម្ម បាន។

២-ចំពោះ​ផ្នែក​ដែល​បាន​អនុវត្ត​ហើយ ការ​លុប​ចោល​ប្រទាន​កម្ម​ដែលកំណត់​នៅក្នុង​កថាខណ្ឌ​ទី ១ ខាង​លើនេះ​អាច​ធ្វើបាន​តែ​ក្នុង​អំឡុង​ពេល ៥ (ប្រាំ) ឆ្នាំ គិត​ចាប់​ពីពេល​ដែល​មាន​អំពើរំលោភ​លើទំនុក​ចិត្ត​ធ្ងន់ធ្ងរនោះ។

មាត្រា ៥៧២. ការលុបចោលប្រទានកម្មដោយសារភាពទីទ័លក្ររបស់ទាយក

១-ប្រសិនបើទាយកធ្លាក់ខ្លួន​ក្នុង​ស្ថាន​ភាព​ទីទ័ល​ក្រ មិនអាច​រក្សា​ជីវ​ភាពរស់​​នៅ​របស់​ខ្លួន​ផ្ទាល់ និង​បុគ្គល​ដែល​ត្រូវ​មាន​អាហារ​កាត​ព្វកិច្ច​ក្រោយ​ពីបាន​បង្ហាញ​ឆន្ទៈ​ធ្វើប្រទាន​កម្ម​ហើយ​ ទាយ​ក ​អាច​លុបប្រទានកម្មនោះចោលបាន ។

២-ចំពោះផ្នែកដែលបានអនុវត្តហើយ ការលុបចោលប្រទានកម្មដែលកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះអាចធ្វើបានតែក្នុងអំឡុងពេល ៥ (ប្រាំ) ឆ្នាំ គិតចាប់ពីពេលដែលបានអនុវត្ត។

មាត្រា ៥៧៣. អានុភាពនៃការលុបចោលប្រទានកម្ម

ក្នុងករណីដែលបានលុបចោល​ប្រទាន​កម្មតាម​បញ្ញត្តិនៃមាត្រា ៥៧១ (ការលុប​ចោលប្រទានកម្ម​ដោយ​សារអំពើ​រំលោភលើទំនុកចិត្ត ជាអាទិ៍) និង​មាត្រា ៥៧២ (ការ​លុបចោល​ប្រទានកម្ម​ដោយ​សារភាព​ទីទ័លក្ររបស់​ទាយក) ខាងលើនេះ​ទាយក​អាចទាមទារ​ឱ្យសងទ្រព្យ​សម្បត្តិដែលបាន​ធ្វើប្រទានកម្ម​នោះដោយផ្អែកតាមបញ្ញត្តិស្តីពីការសងនៃសេចក្តីចម្រើន​ដោយឥតហេតុបាន ។

មាត្រា ៥៧៤. ការបន្ថយនូវការទទួលខុសត្រូវក្នុងការធានា

ទាយកពុំមានបន្ទុកទទួលខុសត្រូវក្នុងការធានាចំពោះវិការៈ ឬការខ្វះវត្ថុ ឬសិទ្ធិដែលជាកម្មវត្ថុនៃប្រទានកម្មឡើយ។   ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយបើទាយកបានដឹងអំពីវិការៈ ឬការខ្វះនោះហើយតែមិនបានផ្តល់ដំណឹងទៅបដិគ្គាហក។

មាត្រា៥៧៥. ប្រទានកម្មដោយមានកំណត់ពេល

ប្រទានកម្ម ដែលធ្វើឡើងក្នុងគោលបំណងផ្តល់តាវកាលិកដោយមានកំណត់​ពេល​ត្រូវ​បាត់​បង់​អានុភាព​ដោយ​មរណ​ភាព​របស់​ទាយក​ឬ​បដិគ្គាហក។

មាត្រា ៥៧៦. ប្រទានកម្មដែលមានភ្ជាប់បន្ទុក

១-ប្រទានកម្ម ដែល​បដិគ្គា​ហក​មាន​ករណីយកិច្ចត្រូវអនុវត្តការ​ផ្តល់​តាវ​កា​លិក​ជា កំណត់​ដើម្បីទទួល​ទ្រព្យសម្បត្តិ​ដែល​ជាកម្មវត្ថុ​នៃប្រទានកម្ម​ត្រូវហៅថា ប្រទានកម្មដែល មានភ្ជាប់បន្ទុក ។

២-នៅក្នុងប្រទានកម្ម ដែលមានភ្ជាប់​បន្ទុក​ទាយកត្រូវ​ទទួល​ខុស​ត្រូវ​លើប្រាតិភោគ​ដូចគ្នា​នឹង​អ្នកលក់​ផងដែរ​ត្រឹមកម្រិតនៃបន្ទុកនោះ។

៣-ក្នុងករណី     ដែលភាគីម្ខាង​បានធ្វើការ​ផ្តល់តាវកាលិក​នៅក្នុង​ប្រទាន​កម្ម​ដែល​មាន​ភ្ជាប់​បន្ទុក ​បុគ្គល​នោះ​អាចទាម​ទារ​ចំពោះ​ភាគី​ម្ខាង​ទៀត​ឱ្យផ្ត​ល់​តាវកា​លិក​បាន ។

៤-នៅក្នុងប្រទានកម្ម ដែលមានភ្ជាប់បន្ទុក​បើគ្មាន​កិច្ចសន្យា​ពិសេស​ទេលុះ​ត្រា​តែ​ភាគីម្ខាង​មិន​បាន​ធ្វើការ​ផ្តល់តាវកាលិក​ទេទើប​ភាគីម្ខាងទៀតនៃ​កិច្ចសន្យា​អាច​មិន​ផ្តល់​តាវកាលិក​របស់​ខ្លួនបាន។

៥-ទាយកនៃប្រទានកម្មដែល​មានភ្ជាប់បន្ទុក អាច​រំលាយ​កិច្ច​សន្យាប្រទាន​កម្ម​ដែល​មាន​ភ្ជាប់​បន្ទុក​នោះតាម​បញ្ញត្តិនៃការរំលាយកិច្ចសន្យាបាននៅក្នុងករណី ដែលភាគីម្ខាងទៀតមិនបានអនុវត្តបន្ទុក។

មាត្រា ៥៧៧. ប្រទានកម្មដោយមូលហេតុមរណភាព

១-ប្រទានកម្មដែលបង្កើតអានុភាពដោយមរណភាពរបស់ទាយកត្រូវហៅថា ប្រទាន​កម្ម​ដោយ​មូលហេតុមរណភាព។

២-បញ្ញត្តិ​នៃ​អច្ច័យទាន​ត្រូវ​យក​មក​អនុវត្តដូចគ្នាផងដែរចំពោះអានុភាពនៃ ប្រទានកម្មដោយមូលហេតុមរណភាព។