មាត្រា​ ៧៦​.-​
រដ្ឋ​សភា​ មាន​សមាជិក​​តំណាងរាស្ត្រ​យ៉ាង​តិច​ ១២០ រូប។

តំណាងរាស្ត្រ​ ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះឆ្នោត​ជា​សកល​ ដោយ​សេរី​ ដោយ​ស្មើភាព​ ដោយ​ចំពោះ​ និង​តាម​វិធី​ជ្រើសរើស​ឆ្នោត​ជា​សម្ងាត់។

តំណាងរាស្ត្រ​ អាច​ឈរ​ឈ្មោះ​បោះឆ្នោត​​សា​ជា​ថ្មី​បាន។

អ្នក​ដែល​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​តំណាងរាស្ត្រ​ គឺ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​​ទាំង​ពីរ​ភេទ​ ដែល​មាន​សិទ្ធិ​បោះឆ្នោត​ មាន​អាយុ​យ៉ាង​តិច​ ២៥​ ឆ្នាំ មាន​សញ្ជាតិ​ជា​​ខ្មែរ​តាំង​ពី​កំណើត។

អង្គការ​​រៀបចំ​ការ​បោះឆ្នោត​ បែបបទ​​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះឆ្នោត​ ត្រូវ​កំណត់​ក្នុង​ច្បាប់​បោះឆ្នោត។

មាត្រា​ ៧៧​.-​
តំណាងរាស្ត្រ​ក្នុង​រដ្ឋសភា​ ជា​តំណាង​ប្រជាជាតិ​​ខ្មែរ​ទាំងមូល​ ពុំ​មែន​គ្រាន់​តែ​ជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​របស់​ខ្លួន​នោះ​ទេ។

អាណត្តិ​អាជ្ញា​បញ្ជា​ទាំងឡាយ​ ត្រូវ​​ទុក​ជា​មោឃៈ។

មាត្រា​ ៧៨​.-​
នីតិកាល​របស់​រដ្ឋ​សភា​មាន​កំណត់​ ៥​ឆ្នាំ​​ ហើយ​ត្រូវ​ផុត​កំណត់​នៅ​ពេល​ដែល​រដ្ឋសភា​ថ្មី​ចូល​កាន់​តំណែង។ រដ្ឋសភា​មិន​អាច​ត្រូវ​​បាន​រំលាយ​មុន​ផុត​អាណត្តិ​បាន​ឡើយ​ វៀរលែង​​តែ​ក្នុង​ករណី​ដែល​រាជរដ្ឋាភិបាល​ ត្រូវ​បាន​ទម្លាក់​ពីរ​ដង​ក្នុង​រយៈពេល​ ១២​ខែ។

ក្នុង​ករណី​នេះ​ ព្រះមហាក្សត្រ​​ត្រូវ​រំលាយ​រដ្ឋសភា​ ក្រោយ​ពី​ព្រះ​អង្គ​ទ្រង់​បាន​ទទួល​ការ​ស្នើ​ពី​នាយករដ្ឋមន្ត្រី​ និង​ បន្ទាប់​ពី​ទ្រង់​បាន​ការ​យល់​ព្រម​ពី​ប្រធាន​រដ្ឋសភា។

ការ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​រដ្ឋ​សភា​ថ្មី​ នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ ៦០​ ថ្ងៃ​ យ៉ាង​យូរ​ ចាប់​តាំង​​ពី​ថ្ងៃ​រំលាយ​រដ្ឋសភា​មក។

ក្នុង​រយៈ​កាល​នេះ​ រាជរដ្ឋាភិបាល​​មាន​តែ​ភារកិច្ច​ដឹកនាំ​ការងារ​ប្រចាំ​ថ្ងៃ​តែ​​ប៉ុណ្ណោះ។

ក្នុង​ពេល​មាន​សង្គ្រាម​ ឬ​ក្នុង​​កាលៈទេសៈ​ពិសេស​ដទៃ​ទៀត​ ដែល​មិន​​អាច​ធ្វើ​ការ​បោះឆ្នោត​កើត​ រដ្ឋសភា​អាច​ប្រកាស​បន្ត​នីតិកាល​​របស់​ខ្លួន​មួយ​ដង​បាន​មួយ​ឆ្នាំ​ តាម​សំណើ​របស់​ព្រះមហាក្សត្រ។

ការ​ប្រកាស​បន្ត​នីតិកាល​របស់​រដ្ឋសភា​ ត្រូវ​សម្រេច​ដោយ​មតិ​យល់​ព្រម​ ពីរ​ភាគ​បី​យ៉ាង​តិច​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

មាត្រា​ ៧៩​.-​
អាណត្តិ​នៃ​សមាជិក​រដ្ឋសភា​ មាន​វិសមិតភាព​ជាមួយ​ការ​បំពេញ​មុខងារ​​សាធារណៈ​ ជា​សកម្ម​ និង​ ជា​មួយ​មុខងារ​ជា​សមាជិក​នៃ​ស្ថាប័ន​ដទៃ​ទៀត​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នេះ​ វៀរលែង​តែ​ទៅ​បំពេញ​មុខងារ​ក្នុង​គណៈរដ្ឋមន្ត្រី​​នៃ​រាជរដ្ឋាភិបាល។

ក្នុង​ករណី​នេះ​ សមាជិក​រដ្ឋសភា​រូប​នោះ​មាន​ឋានៈ​ជា​សមាជិក​រដ្ឋសភា​ធម្មតា​ ប៉ុន្តែ​មិន​ត្រូវ​មាន​មុខ​តំណែង​​អ្វី​ទាំងអស់​ក្នុង​គណៈកម្មាធិការ​ អចិន្ត្រៃយ៍​ និង​ក្នុង​គណៈ​កម្មការ​ផ្សេងៗ​នៃ​រដ្ឋសភា។

មាត្រា​​ ៨០​.-​
តំណាងរាស្ត្រ​ មាន​អភ័យ​ឯកសិទ្ធិ​សភា។

តំណាងរាស្ត្រ​រូប​ណា​ក៏​ដោយ​ មិន​អាច​ត្រូវ​​បាន​ចោទ​ប្រកាន់​ ចាប់​ខ្លួន​ ឃាត់​ខ្លួន​ ឬ​ឃុំ​ខ្លួន​ ដោយ​ហេតុ​ពី​បាន​សំដែង​យោបល់​ ឬ​បញ្ចេញ​មតិ​ ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ។

ការ​ចោទ​ប្រកាន់​​ ការ​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​​ សមាជិក​ណា​មួយ​នៃ​រដ្ឋសភា​ នឹង​អាច​ធ្វើ​​ទៅ​កើត​ លុះ​ត្រា​តែ​មាន​ការ​យល់​ព្រម​ពី​​រដ្ឋសភា​ ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា​ វៀរលែង​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្ដែង។ ក្នុង​ករណី​ខាង​ក្រោយ​នេះ​ ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​រដ្ឋសភា​ ឬ​ជូន​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ជា​បន្ទាន់​ ដើម្បី​សម្រេច។

សេចក្ដី​សម្រេច​របស់​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ ត្រូវ​​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋសភា​ខាង​មុខ​ ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​​ភាគ​បី​នៃ​សមាជិក​រដ្ឋសភា​ទាំង​មូល។

ក្នុង​ករណី​ទាំងអស់​ខាង​លើ​នេះ​ ការ​ឃុំ​ខ្លួន​ ការ​ចោទ​ប្រកាន់​តំណាងរាស្ត្រ​ណា​មួយ​ត្រូវ​ផ្អាក​ ប្រសិន​បើ​រដ្ឋសភា​បាន​បញ្ចេញ​​មតិ​ឱ្យ​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​បួន ​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

មាត្រា​ ៨១​.-​​;
រដ្ឋសភា​មាន​ថវិកា​ស្វយ័ត សម្រាប់​ដំណើរ​ការ។

តំណាងរាស្ត្រ​ ត្រូវ​ទទួល​ប្រាក់​បំណាច់។

មាត្រា​ ៨២ ថ្មី.-​
រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង​ ហុកសិប​ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​បោះឆ្នោត​ តាម​ការ​​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។

មុន​ចាប់​ផ្ដើម​​ការងារ​​របស់​ខ្លួន​ រដ្ឋសភា​ត្រូវ​ប្រកាស​សុពលភាព​​នៃ​អាណាត្តិ​របស់​សមាជិក​នីមួយៗ​​ ត្រូវ​បោះឆ្នោត​ជ្រើសរើស​ដាច់​ដោយ​ឡែក​ពី​គ្នា​ នូវ​ប្រធាន​​ អនុប្រធាន​រដ្ឋសភា​ និង​សមាជិក​ទាំងអស់​នៃ​គណៈកម្មការ​នានា​របស់​រដ្ឋសភា​ ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

រដ្ឋសភា​ត្រូវ​អនុម័ត​បទបញ្ជា​ផ្ទៃ​ក្នុង ដោយ​មតិ​ភាគច្រើន​ដាច់ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

តំណាងរាស្ត្រ​​ទាំងអស់​ ត្រូវ​ធ្វើ​សច្ចា​ប្រណិធាន​មុន​ចូល​កាន់​តំណែង​ដូច​មាន​ខ្លឹមសារ​ចែង​ក្នុង​ ឧបសម្ព័ន្ធ​ទី​ ៥​ នៃ​រដ្ឋធម្មនុញ្ញ។

មាត្រា​ ៨៣​.-​
រដ្ឋសភា​ ប្រជុំ​ជា​សាមញ្ញ​ ពីរ​ដង​ ក្នុង​មួយ​ឆ្នាំ។

សម័យ​ប្រជុំ​នីមួយៗ​ មាន​ថិរៈ​វេលា​យ៉ាង​តិច​បី​ខែ។ បើ​មាន​សំណូមពរ​ពី​ព្រះមហាក្សត្រ​ ឬ​សេចក្ដី​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ ឬ​ពី​សមាជិក​រដ្ឋសភា​ចំនួន​មួយ​ភាគ​បី​យ៉ាង​តិច​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ កោះ​​ប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ។

ក្នុង​ករណី​នេះ​ របៀប​វារៈ​ជាក់លាក់​នៃ​សម័យ​ប្រជុំ​ជា​វិសាមញ្ញ​ត្រូវ​​ផ្សាយ​​ដល់​ប្រជារាស្ត្រ​ជា​មួយ​នឹង​ថ្ងៃ​កំណត់​ប្រជុំ។

មាត្រា​ ៨៤​.-​
នៅ​ចន្លោះ​សម័យ​ប្រជុំ​របស់​រដ្ឋសភា​ គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ទទួល​ភារកិច្ច​ចាត់​ចែង​ការងារ។

គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​រួម​មាន​ : ប្រធាន​រដ្ឋសភា ​អនុប្រធាន​រដ្ឋសភា​ និង​ប្រធាន​គណៈកម្មការ​ទាំងអស់​របស់​រដ្ឋសភា។

មាត្រា ៨៥​.-
សម័យ​ប្រជុំ​រដ្ឋសភា​ ត្រូវ​ធ្វើ​នៅ​រាជធានី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​សាល​ប្រជុំ​របស់​​ រដ្ឋសភា​ លើកលែង​តែ​មាន​ការ​សម្រេច​ផ្សេង​ចុះ​ក្នុង​លិខិត​កោះ​ប្រជុំ​ដោយ​កាលៈទេសៈ​ តម្រូវ។

ក្រៅ​ពី​ករណី​ខាង​លើ​ និង​ក្រៅ​ពី​កន្លែង​ និង​ពី​កាល​បរិច្ឆេទ​ ដែល​កំណត់​ក្នុង​សេចក្ដី​អញ្ជើញ​ ការ​ប្រជុំ​ណា​ក៏​ដោយ​របស់​រដ្ឋសភា​ត្រូវ​ទុក​ជា​ខុស​ច្បាប់​ ហើយ​ជា​អសារ​សូន្យ​ពេញ​លក្ខណៈ។

មាត្រា ៨៦​.-
ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាព​អាសន្ន​ រដ្ឋសភា​ប្រជុំ​រាល់​ថ្ងៃ​ជាប់​ជា​ប្រចាំ។ រដ្ឋសភា​​មាន​សិទ្ធិ​សម្រេច​បញ្ចប់​កាលៈទេសៈ​ពិសេស​ខាង​លើ​នេះ​ កាល​បើ​សភាពការណ៍​អនុញ្ញាត។

បើ​រដ្ឋសភា​មិន​អាច​ប្រជុំ​បាន​ទេ​ ដោយ​មូលហេតុ​ចាំបាច់​ ជា​អាទិ៍​នៅ​ពេល​ដែល​កម្លាំង​បរទេស​ចូល​មក​កាន់​កាប់​ទឹកដី​ ការ​ប្រកាស​ភាព​អាសន្ន​ត្រូវ​បន្ត​ទៅ​មុខ​ជា​ស្វ័យ​ប្រវត្តិ។

នៅ​ពេល​​ដែល​ប្រទេស​ជាតិ​ឋិត​ក្នុង​ភាព​អាសន្ន​​ រដ្ឋសភា​មិន​អាច​ត្រូវ​រំលាយ​បាន​ឡើយ។

មាត្រា ៨៧.-
ប្រធាន​រដ្ឋសភា​ដឹក​នាំ​អង្គ​ប្រជុំ​របស់​រដ្ឋសភា​ ទទួល​អាញ្ញត្តិ​ច្បាប់​ និង​​សេចក្ដី​សម្រេច​ចិត្ត​ទាំងឡាយ​ ដែល​រដ្ឋសភា​បាន​អនុម័ត​ រ៉ាប់រង​ការ​អនុវត្ត​បទបញ្ជា​ផ្ទៃ​ក្នុង​​របស់​រដ្ឋសភា​ និង​ ចាត់ចែង​ការ​ទាក់ទង​អន្តរជាតិ​ទាំងឡាយ​របស់​រដ្ឋសភា។

ក្នុង​ករណី​ ដែល​ប្រធាន​រដ្ឋសភា​មាន​ធុរៈ​មិន​អាច​​បំពេញ​មុខងារ​​បាន​ ដោយ​ហេតុ​មក​ពី​មាន​ជម្ងឺ​ ឬ​បំពេញ​​មុខងារ​​ជា​ប្រមុខ​រដ្ឋ​ស្ដី​ទី​ ឬ​ជា​​ព្រះរាជានុសិទ្ធិ​ ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស អនុប្រធាន​រដ្ឋសភា​មួយ​រូប​ត្រូវ​ទទួល​ភារកិច្ច​ចាត់ចែង​​ការងារ​ជំនួស។

ក្នុង​ករណី​ដែល​ប្រធាន​ ឬ​អនុប្រធាន​រដ្ឋសភា​លាលែង​ពី​មុខ​តំណែង​ ឬ​ទទួល​អនិច្ចកម្ម​ រដ្ឋសភា​ត្រូវ​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ ឬ​អនុប្រធាន​ថ្មី។

មាត្រា ៨៨​ ថ្មី​ (ពីរ)​.-
ការ​ប្រជុំ​រដ្ឋសភា​ ត្រូវ​ធ្វើ​ជា​សាធារណៈ។

រដ្ឋសភា​អាច​ប្រជុំ​ជា​សម្ងាត់​បាន​ តាម​ការ​ស្នើ​សុំ​ពី​ប្រធាន​ឬ​ពី​សមាជិក​ចំនួន​​មួយ​ភាគ​ដប់​យ៉ាង​​តិច​ពី​ ព្រះមហាក្សត្រ​ ឬ​ពី​នាយករដ្ឋមន្ត្រី។

ការ​ប្រជុំ​រដ្ឋសភា​​ នឹង​​យក​ជា​​ការ​បាន​ លុះ​ត្រា​តែ​មាន​:

ក- កូរ៉ុម​លើស​ពី​ ពីរ​ភាគ​បី​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​​ទាំង​មូល​​សម្រាប់​ការ​អនុម័ត​ ទាំង​ឡាយ​ណា​ដែល​​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ ពីរ​ភាគ​បី​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

ខ- កូរ៉ុម​លើស​ពី​ពាក់​កណ្ដាល​ នៃ​ចំនួន​​សមាជិក​រដ្ឋសភា​ទាំងមូល​សម្រាប់​ការ​អនុម័ត​ទាំងឡាយ​ណា​ ដែល​តម្រូវ​ឱ្យ​យក​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ ទាំងមូល។

មាត្រា ៨៩.-
តាម​ការ​សុំ​ពី​សមាជិក​ចំនួន​មួយ​ភាគ​ដប់​យ៉ាង​តិច​ រដ្ឋសភា​អាច​​អញ្ជើញ​ឥស្សរជន​ដ៏​ឧត្ដម​ណា​មួយ​មក​បំភ្លឺ​រដ្ឋសភា​ អំពី​បញ្ហា​ដែល​មាន​សារៈសំខាន់​ពិសេស។

មាត្រា ៩០​ ថ្មី​ (ពីរ)​.-
រដ្ឋសភា​ជា​អង្គការ​​ដែល​មាន​អំណាច​នីតិប្បញ្ញត្តិ​ ហើយ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ ដូច​បាន​​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ និង​ ច្បាប់​ជា​ធរមាន។

រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ​ ផែនការ​រដ្ឋ​ ការ​ឱ្យ​រដ្ឋ​ខ្ចី​ប្រាក់​ពី​គេ​ ការ​ឱ្យ​រដ្ឋ​ឱ្យ​ប្រាក់​គេ​ខ្ចី​ ការ​សន្យា​នានា​ ផ្នែក​ហិរញ្ញវត្ថុ​ និង​ ការ​បង្កើត​ កែប្រែ​ ឬ​លុប​ចោល​ពន្ធដារ។

រដ្ឋសភា​ឱ្យ​សេចក្ដី​យល់​ព្រម​ចំពោះ​គណនី​រដ្ឋបាល។

រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​លើកលែង​​ទោស​ជា​ទូទៅ។

រដ្ឋសភា​អនុម័ត​យល់​ព្រម​ ឬ​លុបចោល​សន្ធិសញ្ញា​ ឬ​អនុសញ្ញា​អន្តរជាតិ។ រដ្ឋសភា​អនុម័ត​ច្បាប់​ស្ដី​ពី​ការ​ប្រកាស​​សង្គ្រាម។

ការ​អនុម័ត​ខាង​លើ​នេះ​ ប្រព្រឹត្ត​ទៅ​ដោយ​មតិ​ភាគច្រើន​ដាច់ខាត​ នៃ​​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

រដ្ឋសភា​បោះឆ្នោត​​ទុក​ចិត្ត​​ដល់​រាជរដ្ឋាភិបាល តាម​មតិ​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

មាត្រា​ ៩១ ថ្មី.-​
សមាជិក​ព្រឹទ្ធសភា​ សមាជិក​រដ្ឋសភា​ និង​ នាយករដ្ឋមន្ត្រី​ មាន​សិទ្ធិ​ផ្ដួចផ្ដើម​គំនិត​ធ្វើ​ច្បាប់។

តំណាងរាស្ត្រ​​ មាន​សិទ្ធិ​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ ប៉ុន្តែ​សំណើ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ​ បើ​វិសោធនកម្ម​នោះ​សំដៅ​បន្ថយ​ប្រាក់​ចំណូល​សាធារណៈ​ ឬ​បន្ថែម​​បន្ទុក​លើ​ប្រជាពលរដ្ឋ។

មាត្រា ៩២​.-
ការ​អនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា​ ដែល​ផ្ទុយ​នឹង​គោលការណ៍​រក្សា​ការពារ​ ឯករាជ្យ​ អធិបតេយ្យ​ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ​ ឬ​ការ​គ្រប់គ្រង​រដ្ឋបាល​របស់​ប្រទេស​ជាតិ​ នឹង​ត្រូវ​ចាត់​ទុក​ជា​អាសារ​សូន្យ ។ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​អង្គការ​​តែ​មួយ​គត់​ ដែល​មាន​​សមត្ថកិច្ច​​សម្រេច​ពី​មោឃភាព​នេះ។

មាត្រា​ ៩៣ ថ្មី.-​
ច្បាប់​​ដែល​រដ្ឋសភា​បាន​អនុម័ត​ និង​ ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វ​គ្រប់​រួច​ហើយ​ ហើយ​ត្រូវ​​​បាន​ព្រះមហាក្សត្រ​ទ្រង់​ឡាយ​ព្រះហស្តលេខា​ប្រកាស​​​ឱ្យ​ប្រើ​ ត្រូវ​​ចូល​ជាធរមាន​​នៅ​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ដប់​ថ្ងៃ​គត់​ ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​ និង​នៅ​ទូទាំង​ប្រទេស​ក្នុង​​រយៈពេល​ម្ភៃ​ថ្ងៃ​គត់​ ក្រោយ​ពី​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ​។ ប៉ុន្តែ​បើ​ច្បាប់​នេះ​ បាន​ចែង​ថា​ជា​ការ​​ប្រញាប់​ ច្បាប់​នេះ​ត្រូវ​​ចូល​ជាធរមាន​​ភ្លាម​នៅ​ទូទាំង​ប្រទេស​ ក្រោយ​ថ្ងៃ​ប្រកាស​ឱ្យ​ប្រើ។

ច្បាប់​ ដែល​ព្រះមហាក្សត្រ​ទ្រង់​បាន​ឡាយ​ព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើ​ ត្រូវ​ចុះ​ក្នុង​រាជកិច្ច​ និង​ ផ្សព្វផ្សាយ​នៅ​ទូទាំង​ប្រទេស​ឱ្យ​ទាន់​តាម​ពេល​កំណត់​ខាង​លើ។

មាត្រា ៩៤​.-
រដ្ឋសភា​​បង្កើត​គណៈកម្មការ​ផ្សេងៗ​ ដែល​ចាំបាច់។ ការ​រៀបចំ​ និង​ ការ​ប្រព្រឹត្ត​ទៅ​នៃ​រដ្ឋសភា​ នឹង​មាន​កំណត់​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ​រដ្ឋសភា។

មាត្រា ៩៥​.-​
ក្នុង​ករណី​មាន​សមាជិក​រដ្ឋសភា​ទទួល​អនិច្ចកម្ម​ លាលែង​ ឬ​ប្រាស​ចាក​សមាជិក​ភាព​ ដែល​កើត​មាន​ឡើង​ ៦​ខែ​ យ៉ាង​តិច​មុន​ចប់​នីតិកាល​ ត្រូវ​​ចាត់​ការ​ជ្រើស​តាំង​​ជំនួស​​សមាជិក​នោះ​ តាម​ល័ក្ខខ័ណ្ឌ​កំណត់​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា​ និង​ក្នុង​ច្បាប់​បោះឆ្នោត។

មាត្រា ៩៦​.-
តំណាងរាស្ត្រ​មាន​សិទ្ធិ​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល។ សំណួរ​នេះ​ត្រូវ​​សរសេរ​ជា​លាយលក្ខណ៍​អក្សរ​ប្រគល់​ជូន​តាម​រយៈ​ប្រធាន​ រដ្ឋសភា។

ចម្លើយ​អាច​ធ្វើ​ឡើង​ដោយ​រដ្ឋមន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប​​ អាស្រ័យ​ដោយ​បញ្ហា​ដែល​​បាន​ចោទ​ឡើង​ ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ខុសត្រូវ​​របស់​មន្ត្រី​មួយ​រូប​ ឬ​ច្រើន​រូប។ បើ​បញ្ហា​ពាក់ព័ន្ធ​​ដល់​នយោបាយ​ទូទៅ​របស់​រាជរដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​ ត្រូវ​ឆ្លើយ​ផ្ទាល់​ខ្លួន។

ចម្លើយ​របស់​រដ្ឋមន្ត្រី​ ឬ​របស់​នាយករដ្ឋមន្ត្រី​ អាច​ធ្វើ​ដោយ​ផ្ទាល់​មាត់​ ឬ​ សរសេរ​ជា​លាយលក្ខណ៍​អក្សរ។

ចម្លើយ​ខាង​លើ​នេះ​​ ត្រូវ​ធ្វើ​ឡើង​ក្នុង​រយៈពេល​ ប្រាំ​ពីរ​ថ្ងៃ​ បន្ទាប់​ពី​បាន​ទទួល​សំណួរ។

ចំពោះ​ចម្លើយ​ផ្ទាល់​មាត់​ ប្រធាន​រដ្ឋសភា​អាច​សម្រេច​បើក​ឱ្យ​មាន​ ឬ​មិន​ឱ្យ​មាន​ការ​ជជែក​ដេញ​ដោល។ បើ​គ្មាន​ការ​បើក​​ឱ្យ​ជជែក​ដេញដោល​ទេ​នោះ​ចម្លើយ​របស់​ រដ្ឋមន្ត្រី​ ឬ​នាយករដ្ឋមន្ត្រី​​ នឹង​បញ្ចប់​សំណួរ​តែ​ម្ដង។

បើ​មាន​ការ​បើក​ឱ្យ​ជជែក​ដេញដោល​ម្ចាស់​សំណួរ​ វាគ្មិន​ឯ​ទៀត​ និង​​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ ឬ​នាយករដ្ឋមន្ត្រី​អាច​ជជែក​ប្ដូរ​យោបល់​ ក្នុង​រយៈពេល​ដែល​មិន​អាច​លើស​ពី​មួយ​ពេល​ប្រជុំ​ឡើយ។

រដ្ឋសភា​កំណត់​ទុក​ពេល​មួយ​ថ្ងៃ​ ក្នុង​មួយ​សប្ដាហ៍​ សម្រាប់​ការ​ឆ្លើយ​សំណួរ។ ទោះបី​យ៉ាង​ណា​ក៏​ដោយ​ សម័យ​ប្រជុំ​សម្រាប់​ឆ្លើយ​សំណួរ​ខាង​លើ​នេះ​មិន​អាច​បើក​លទ្ធភាព​​ឱ្យ​មាន​ ការ​បោះឆ្នោត​ប្រភេទ​ណា​មួយ​បាន​ឡើយ។

មាត្រា ៩៧​.-
គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា​ អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វី​មួយ​​ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទទួល​ខុសត្រូវ​​របស់​ខ្លួន។

មាត្រា​ ៩៨ ថ្មី.-​
រដ្ឋសភា​អាច​ទម្លាក់​សមាជិក​គណៈរដ្ឋមន្ត្រី​ ឬ​ទម្លាក់​រាជរដ្ឋាភិបាល​ពី​តំណែង​​ដោយ​អនុម័ត​ញត្តិ​បន្ទោស​ តាម​សំឡេង​​ឆ្នោត​​ភាគ​ច្រើន​ដាច់​ខាត​ នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

ញត្តិ​បន្ទោស​​រាជរដ្ឋាភិបាល​ ត្រូវ​បាន​លើក​ឡើង​ជូន​រដ្ឋសភា​ ដោយ​តំណាង​រាស្ត្រ​ចំនួន​សាមសិប​នាក់​ ទើប​រដ្ឋសភា​អាច​លើក​យក​មក​ពិភាក្សា​បាន។