មាត្រា ២១ នៃច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ បានចែងថា នីតិវិធី​សម្រាប់​អនុវត្ត​ចំពោះ​បទ​ល្មើស​ពុក​រលួយ ត្រូវ​អនុវត្ត​តាមនីតិវីធី​ដែលមាន​ចែង​នៅក្នុង​ក្រម​នីតិវីធី​ព្រហ្ម​ទណ្ឌ និង​នីតិវិធីដែលមានចែងក្នុង​ច្បាប់​នេះ​ ។ តាមមាត្រា ២២ នៃច្បាប់នេះ ប្រធាន អនុ​ប្រធាន និង មន្រ្តី​នៃ​អង្គភាពប្រឆាំង​អំពើពុក​រលួយ​ដែល​ទទួល​បាន​នីតិសម្បទា​ជាមន្រ្តី​នគរបាល​យុត្តិធម៌ មាន​សមត្ថ​កិច្ច​ស៊ើ​ប​អង្កេត​លើ​បទ​ល្មើស​ពុក​រលួយ​ដែល​មានចែង​នៅ​ក្នុង​ច្បាប់​នេះ និង បទល្មើស​ពុករលួយ​ដែល​មានចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ។ អង្គភាព​ផ្សេង​ទៀត​ដែល​បាន​ដឹង​អំពី​បទ​ល្មើស​ពុក​រលួយទាំង​ឡាយ​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​នេះ និង​បទល្មើស​ពុករលួយដែល​មាន​ចែង​ក្នុង​ក្រមព្រហ្ម​ទណ្ឌ​ត្រូវ​ប្ដឹង​ទៅ​អង្គ​ភាព​ ឬ ការិយាល័យ​រាជធានី-ខេត្ត ប្រ​ឆាំង​អំពើ​​ពុក​រលួយ​អំពី​រឿង​ហេតុ​នៃ​​បទល្មើស​ទាំង​នេះ។

ប្រធាន និង អនុ​ប្រធាន​អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​មានគុណសម្បត្តិជា​មន្រ្តី​នគរបាល​យុត្តិធម៌​ដោយ​ពេញ​ច្បាប់ ដើ​ម្បី​​បំ​ពេញ​មុខងារ​របស់​ខ្លួន។ មន្រ្តី ​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាចទទួលបាន​នីតិសម្បាទា​ជាមន្រ្តី​នគរ​ បាល​យុត្តិធម៌​​ស្រប​​តាម​​បទ​ប្បញ្ញ​ត្តិ​នៃក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ។ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ភារកិច្ច​រៀបចំបញ្ជី​ឈ្មោះ​ មន្រ្តី នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែលត្រូវទទួលបាន​នីតិសម្បទា​ជា​មន្រ្តី​ នគរបាល​យុត្តិធម៌​ដោយ​ប្រកាស​របស់​រដ្ឋ​មន្រ្តី​ក្រ​សួង​យុត្តិធម៌។

ដូចគ្នាដែរ មន្រ្តីនៃ​អង្គភាព​ប្រឆាំ​អំពើ​ពុករលួយ​ដែលបានទទួល​នីតិសម្បទា​នគរបាល​យុត្តធម៌ ធ្វើ​ការ​ស៊ើប​​អង្កេត​បទ​ល្មើស​ពុករលួយ ដោយ​អនុ​លោម​តាម​បទ​ប្បញ្ញត្តិ​នៃ​ក្រម​នីតិវិធីព្រហ្មទណ្ឌ និង បទប្បញ្ញត្តិ​នៅ​ក្នុង​ច្បាប់នេះ។ មន្ត្រីនៃ​អង្គភាព​ប្រឆាំអំពើពុក​រលួយ​ដែល​បាន​ទទួលនីតិសម្បទា​ជាមន្រ្តី​នគរបាល​យុត្តិធម៌​មានភារកិច្ច​ស៊ើប​អង្កេត​បទល្មើស​ពុករលួយ។ ក្នុងករណី​ស៊ើប​អង្កេត​បទ​ល្មើស​ពុករលួយ​ហើយ​រកឃើញ​បទល្មើស​ផ្សេង​ទៀត​ដែលមាន​អង្គ​ហេតុ​ទាក់​ទិន​នឹង​បទល្មើស​ដែល​កំពុង​ស៊ើប​អង្កេត មន្រ្តី​នៃអង្គភាព​ប្រឆាំ​អំពើ​ពុករលួយ អាច​ធ្វើ​ការ​ស៊ើប​អង្កេត​បទ​ល្មើស​ទាំង​នោះ​រហូត​ចប់​នីតិវិធី។

អង្គភាព​ប្រឆាំ​អំពើ​ពុករលួយ​មិនអាច​ចាប់​ផ្តើម​ការស៊ើប​អង្កេតបទល្មើស​អ្វី​ក្រៅ​ពី​បទល្មើស​ពុករលួយ​បាន​ទេ លើក​លែង​តែមាន​បញ្ជាពី​អាជ្ញា​ធរ​តុលា​ការ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ស៊ើប​អង្កេត​បទល្មើស​អ្វី​ក្រៅ​ពីបទ​ល្មើស​ពុករលួយ។ តុលាការ​អាចបញ្ជា​ឲ្យ​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ ធ្វើ​កោ​សល​វិច័យ​នានាដើម្បី​ជួយ​ដល់​ការ​វិនិ​ច្ឆ័យ​របស់​តុលាការ។

នៅ​ក្នុង​ក្រប​ខណ្ឌ​នៃការ​ស៊ើប​អង្កេត​ទាំង​នេះ និង ដោយ​បដិប្បញ្ញត្តិ​ទៅនឹង​មាត្រា ៨៥ (អំណាយ​របស់​មន្រ្តី​នគរបាល​យុត្តិធម៌​នៅក្នុង​ករណី​ស៊ើប​អង្កេត​បទល្មើស​ជាក់​ស្ដែង) មាត្រា​ ៩១ (ការ​ឆែក​ឆេរ) មាត្រា ៩៤​ (បទបញ្ជា​ឲ្យចូលខ្លួនក្នុង​ករណី​ការស៊ើប​អង្កេត​បទ​ល្មើស​ជាក់​ស្ដែង) និង មាត្រា ១១៤ (ការបញ្ជាឲ្យ​ចូលខ្លួន ការ​ស៊ើប​អង្កេត​បឋម) នែក្រម​នីតិវិធីព្រហ្ម​ទណ្ឌ ប្រធាន​អង្គភាពប្រឆាំ​អំពើ​ពុករលួយ ឬ តំណាង​ដែល​ខ្លួន​បាន​ចាត់​តាំងយ៉ាងត្រឹមត្រូវ មានតួនាទីដឹកនាំ សម្រប​សម្រួល និង ត្រួតពិនិត្យ​បេសកម្ម​របស់​មន្រ្តី​ទាំង​នេះ​ជំនូស​តួនាទី​របស់​ព្រះ​រាអាជ្ញា​រហូត​ដល់មាន​ការ​ឃាត់​ខ្លួន​ជនសង្ស័យ។ បន្ទាប់​ពីមាន​ការ​ឃាត់​ខ្លួន ព្រះរាអាជ្ញា​អនុវត្ត​អំណាច​របស់ខ្លួន​ដូចបានកំណត់​នៅ​ក្នុង​បទប្បញ្ញត្តិ​នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ។ នៅ​ចុង​បញ្ចប់​នៃការ​ស៊ើប​អង្កេត​នីមួយៗ អង្គភាព​ប្រឆាំ​អំពើ​ពុករលួយ​ត្រូវបញ្ជូនរាល់​កិច្ច​នីតិវិធីទាំងអស់​ទៅ​ព្រះរាជអាជ្ញា ដើម្បី​ចាត់​ការ​បន្ត​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ក្រម​នីតិវិធី​ព្រហ្ម​ទណ្ឌ។

ប្រធាន ​អង្គភាពប្រឆាំ​អំពើ​ពុករលួយ​អាច​ស្នើ​សុំ​ពី​អាជ្ញា​ធរ​ឋានានុក្រម​ពាក់​ ព័ន្ធ ឲ្យ​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​មុខងារ​នៃ​បុគ្គល​ទាំងឡាយ​ណា​ដែលមាន​ ភស្ដុតាង​គ្រប់​គ្រាន់​បញ្ជាក់​ថា​ជាប់​ទាក់​ទិននឹង​រឿង​ហេតុ​នៃ​បទ​ល្មើស​ ពុករលួយ។ប្រសិន​បើជន​ជាប់​សង្ស័យរត់​គេច​ខ្លួន​ទៅ​បរទេស​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​អាចស្មើសុំ​ទៅ​អាជ្ញា​ធរ​មានសមត្ថកិច្ច​ធ្វើ​បត្យា​ប័ន​តាមបទប្បញ្ញត្តិ​ជាធរមាន។

អង្គភាព ​ប្រឆាំងអំពើ​ពុករលួយ​អាចរៀប​ចំឲ្យ មានទីកន្លែងមួយចំនួន​ជា​អចិន្រ្តៃយ៍ ឬ​ បណ្ដោះ​អាសន្ន​សម​ស្រប សម្រាប់​ការ​ឃាត់​ខ្លួននានា​ដែល​ធ្វើ​ឡើង​ស្រប​ទៅ​តាមក្រម​នីតិវិធី​ព្រហ្ម​ ទណ្ឌ។ នៅ​កន្លែង​ណា​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិនអាច​រៀប​ចំ​ឲ្យ​ មានទីកន្លែងជា​អចិន្ត្រែយ៍ ឬ ជា​បណ្ដោះ​អាសន្ន​សមស្រប​សម្រាប់​ការឃាត់​ខ្លួន អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​អាច​សុំ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​រក្សា​ ទុក​ជន​ដែល​ត្រូវ​បាន​អង្គភាព​ប្រឆាំងអំពើ​ពុករលួយ​ឃាត់​ខ្លួន។

ក្នុង​ករណី​ដែល​មាន​តម្រុយ​ជាក់​លាក់​ថា​មាន​បទ​ល្មើស​ពុករលួយ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយអាច៖

  • និត្យ និង ដាក់​ឲ្យ ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​នូវ​គ​ណនី​ធនាគារ ឬ គណនី​ឯ​ទៀត​ដែលចាត់​ទុក​ដូចជា​គណនី​ធនាគារ។
  • ធ្វើ​ការ​ត្រួតពិនិត្យ និង​បង្គាប់ឲ្យ​ផ្ដល់​ ឬ ថតចម្លង​លិខិត​យថា​ភូត ឬ លិខិត​ឯកជន ឬ ឯកសារធនាគារ ហិរញ្ញវត្ថុ និង ពាណិជ្ជកម្មទាំងអស់។
  • តាម​ដាន​ ឃ្លាំ​មើល លប​ស្ដាប់ លបថតសំឡេងនិងរូបភាព និងដាក់​ខ្សែ​ទូរស័ព្ទ​ក្រោម​ការលប​ស្ដាប់ និង ថត ។
  • ចូល​ទៅ​ពិនិត្យ​ឯកសារនានា ព្រម​ទាំង​ឯកសារ​រក្សា​ទុក​ក្នុង​​ប្រព័ន្ធ​អេឡិច​ត្រូនិក។
  • រៀប​ចំ​ប្រតិបត្តិការ​ដែល​មាន​គោល​ដៅ​ប្រមូល​ភស្ដុ​តាង​ជាក់​ស្ដែង។

 វិធានការ​ខាងលើ​នេះ មិនត្រូវ​ចាត់​ទុក​ថា​ជា​ការ​រំលោភ​លើ​ការ​សម្ងាត់​វិជ្ជា​ជីវៈ​ឡើយ។ ការសម្ងាត់​របស់​ធនាគារ​ក៏​មិនមែន​ជាយុត្តិកម្ម​សម្រាប់​បដិសេធ​មិន​ផ្តល់​ភស្ដុតាង​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ពុករលួយ ដែល​មាន​បញ្ញត្ត​នៅ​ក្នុង​ច្បាប់​នេះ​ឡើយ។

តាម​ការ​ស្នើ​សុំ​របស់​ប្រធានអង្គភាព​ប្រឆាំង​អំពើពុក​រលួយ រាជរដ្ឋាភិបាល​អាច​ធ្វើ​អធិ​បញ្ញា​ឪ្យ​អគ្គ​ព្រះ​រាជអាជ្ញា​អម​សាលា​ឧ​ទ្ធរណ៍ ឬ ព្រះ​រាជអាជ្ញា​អមសាលា​ដំបូង​ បង្កក​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស ដែល​មានចែង​នៅ​ក្នុង​ច្បាប់នេះ និង​ បទល្មើស​ពុករលួយ​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ។ ទ្រព្យ​សម្បត្តិ​របស់​បុគ្គល​ដែល​បាន​ចែងនៅក្នុង​កថាខណ្ឌ​ទី ១ ខាងលើ​នេះ រាប់​បញ្ចូល​ទាំងមូល​និធីដែល​បាន​មក ឬ បង្កើត​បាន​ជា​ទ្រព្យ​សម្បត្តិ​ដែល​ជា​កម្ម​សិទ្ធិ​របស់​បុគ្គល​នោះ។

ប្រធានអង្គភាព ​ប្រឆាំង​អំពើ​ពុករលួយ អាច​ធ្វើ​អធិ​បញ្ជា​ដល់​អាជ្ញា​ធរ​សាធារណៈ​មន្រ្តី​រាជការ ពលរដ្ឋ​ដែលទទួល​អាណត្តិ​សាធារណៈ​តាមការ​បោះ​ឆ្នោត ព្រម​ទាំង​​បណ្ដាអង្គ​ភាពនៃ​វិស័យ​ឯកជន​ពាក់​ព័ន្ធ​មាន​ជាអាទិ៍​ ស្ថាប័នហិរញ្ញ​វត្ថុ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​មន្រ្តី​នៃ​ អង្គភាព​ក្នុង​ការ​ងារ​ស៊ើប​អង្កេត។ ប្រធាន​អង្គភាព​ប្រ​ឆាំង​អំពើ​ពុករលួយ​ក៏​អាច​ស្មើ​សុំ​ការ​សហការ​ពី​ស្ថាប័ន​ជាតិ និង អន្តរ​ជាតិ​ក្នុង​ការ​ធ្វើ​កោសល​វិច័យ​នានា​ទាក់​ទង​ទៅនឹងការ​ស៊ើប​អង្កេត​របស់​ខ្លួន​ផង​ដែរ។

(ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ មាត្រា ២១ ដល់មាត្រា ៣១)