កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងចិន និងកម្ពុជា ត្រូវបានចុះហត្ថលេខានាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ដែលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាការអនុវត្តវិធានការណ៍ថ្មីបំផុតដើម្បីជំរុញការកសាងតំបន់ពាណិជ្ជកម្មសេរី និងជំរុញការកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហដូចមានលើកឡើងក្នុងសមាជមជ្ឈិមបក្សកុម្មុយនិសចិនលើកទី១៩។ មិនតែប៉ុណ្ណោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ បានកំណត់បង្ហាញពីការឈានចូលយុគ្គសម័យថ្មីនៃទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់គ្រុងជ្រោយរវាងភាគីទាំងពី និងជាការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងកម្ពុជា និងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់មួយ និងផ្លូវមួយ (one belt one road)។

តើកិច្ចព្រមព្រៀងនេះផ្ដល់ប្រយោជន៍អ្វីខ្លះដល់កម្ពុជា?

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនាថ្ងៃទី ១២ តុលា ឆ្នំា ២០២០ បានឱ្យដឹងថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា ចិន នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ដូចជា៖

  • ការទទួលបានការបើកទីផ្សារឱ្យបានធំជាងមុន និងប្រសើរជាងមុន សម្រាប់មុខទំនិញ ផលិផលត្រីសាច់គ្រប់ប្រភេទ កសិផលបន្លែផ្លែឈើ ផលិតផលកែច្នៃ និងសិប្បកម្ម និងផលិតផលជាច្រើនផ្សេងទៀត
  • ការទទួលបានលំហូរទីផ្សារពាណិជ្ជកម្មសេវាកម្ម ដែលកម្ពុជាអាចនាំចេញ ក្នុងករណីមានការបណ្តុះបណ្តាលជំនាញ និងមានគុណវុឌ្ឍិគ្រប់គ្រាន់ ជាពិសេសនៅពេលដែលកម្ពុជាអាចពង្រឹងខ្លួនឯងឱ្យរឹងមំាក្នុងវិស័យសេវាកម្មនាពេលខាងមុខ
  • ការទទួលបានផលប្រយោជន៍ពីការប្រមូលពន្ធដារ ការទទួលបានការងារ ការទទួលបានការបណ្តុះបណ្តាលចំណេះដឹង ចំណេះធ្វើជំនាញពីអ្នកផ្គត់ផ្គង់និងក្រុមហ៊ុនផ្គត់ផ្គង់សេវាបរទេសជាដើម។

គួរបញ្ជាក់ផងដែរថា រដ្ឋសភាកម្ពុជា បានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាង​ច្បាប់ស្តីពី​ការអនុម័ត​យល់ព្រមលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាងប្រទេស​កម្ពុជានិងចិន​កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។ បើយោងតាមមាត្រា ១៦ កថាខណ្ឌទី២ នៃកិច្ចព្រមព្រៀងខាងលើ កិច្ចព្រមព្រៀងនេះនឹងចូលជាធរមានក្នុងរយៈពេល៣០ថ្ងៃបន្ទាប់ពីភាគីទាំងពីរបានផ្លាស់ប្តូរលិខិតុបករណ៍នៃការផ្តល់សច្ចាប័នតាមផ្លូវការទូត។