ពាក្យអាណាប័ក ជាភាសាអង់គ្លេសគឺ (Budget Officers) សំដៅដល់ភ្នាក់ងារសាធារណៈក្នុងការបញ្ជាប្រតិបត្ដិការចំណូល និងបញ្ជាថវិកាចំណាយរបស់រដ្ឋ។ អាណាប័ក មានពីរប្រភេទផ្សេងគ្នាគឺ អាណាប័កដើមខ្សែ (Principle of budget officer) និង អាណាប័កតាមការប្រទានសិទ្ធិ ឬ អាណាប័កផ្ទេរសិទ្ធិ (Delegated budget officer)។ អាណាប័កដើមខ្សែ (Principle budget administrator) សំដៅដល់មន្ត្រីដែលមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ក្នុងការបញ្ជាប្រតិបត្តិការចំណូល ចំណាយថវិកាខ្លួនឯងផ្ទាល់ដោយត្រូវគោរពទៅតាមព្រំដែននៃសិទ្ធិអំណាច និងមុខងាររបស់ខ្លួន។ ចំណែកឯអាណាប័កផ្ទេរសិទ្ធិ (Delegated budget administrator) សំដៅដល់មន្ត្រីដែលទទួលបានសិទ្ធិប្រទានពីអាណាប័កដើមខ្សែសម្រាប់កិច្ចប្រតិបត្តិការចំណូល ចំណាយថវិកាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
បទបញ្ជារាជរដ្ឋាភិបាលលេខ ០៤ បប ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្ដីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ បានចង្អុលបង្ហាញអំពីសញ្ញាណ និងតួនាទីអាណាប័កទាំងពីរប្រភេទនេះដូចខាងក្រោម៖
អាណាប័កដើមខ្សែ ដែលបញ្ជាប្រតិបត្តិចំណូល និងបញ្ជាចំណាយថវិការដ្ឋរួមមាន រដ្ឋមន្ត្រី ប្រធានស្ថាប័នសាធារណៈនានា។ អាណាប័កដើមខ្សែ ត្រូវធ្វើប្រតិភូកម្មអំណាចជូនអភិបាលខេត្ត-ក្រុង ធ្វើជាអាណាប័កផ្ទេរសិទ្ធិចំពោះកិច្ចប្រតិបត្តិការថវិការដ្ឋក្នុងដែនដីខេត្ត-ក្រុងរបស់ខ្លួន។ ចំពោះកិច្ចប្រតិបត្តិការថវិកាសាលាខេត្ត-ក្រុង អភិបាលខេត្ត ក្រុងជាអាណាប័កដើមខ្សែ។ រីឯថវិកាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ជាអាណាប័កដើមខ្សែនៃកិច្ចប្រតិបត្តិការថវិការបស់ខ្លួន។
បទបញ្ជាខាងលើបានចេញនៅឆ្នាំ ២០០៥ ហើយបានប្រើពាក្យថា “អភិបាលខេត្ត-ក្រុង” ស្មេរសូមដកស្រង់ខ្លឹមសារដោយមិនមានកែពាក្យឡើយ ប៉ុន្តែសូមបញ្ជាក់ថា បើយោងតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឆ្នាំ ២០០៨ បច្ចុប្បន្ននេះ កម្ពុជាមិនប្រើពាក្យ “ខេត្ត-ក្រុង”ទៀតទេ គឺប្រើពាក្យ “រាជធានី-ខេត្ត”។
ឯកសារយោង
១. ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី ២២ ឧសភា ឆ្នាំ ២០០៨។ ទាញយកជាPDF: https://t.me/lawaudio_kh/447
២. បទបញ្ជារាជរដ្ឋាភិបាលលេខ ០៤ បប ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្ដីពីការពង្រឹងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។ ទាញយកជាPDF: https://t.me/lawaudio_kh/453
៣. កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ២០១០-២០១៩, ២៨ ឧសភា ២០១០។ ទាញយកជាPDF: https://t.me/lawaudio_kh/448