ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ និងត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើតាមរយៈព្រះរាជក្រមលេខ នស/រកម/១១២១/០១៨ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១។ អត្ថបទខ្លីនេះ នឹង សង្ខេបខ្លឹមសារសំខាន់ៗនៃច្បាប់ខាងលើជូនប្រិយមិត្តអ្នកអាន។
១. គោលបំណងនៃច្បាប់
ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋនិងឯកជន មានគោលបំណងលើកកម្ពស់ការគ្រប់គ្រងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ក្នុងការរៀបចំ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងគម្រោងសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធិភាព ចីរភាព តម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដើម្បីជាឧត្ដមប្រយោជន៍ដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
២. ស្ថាប័នមានសមត្ថកិច្ច
ច្បាប់នេះបានកំណត់ក្នុងមាត្រា៤ ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាស្ថាប័នមានសមត្ថកិច្ចក្នុងការដឹកនាំ និងគ្រប់គ្រងយន្តការភាពជាដៃគូររវាងរដ្ឋនិងឯកជននៅព្រះរាជាណាចក្រកម្ពុជា។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាសេនាធិការ និងជាច្រកចេញចូលតែមួយ របស់រាជរដ្ឋាភិបាល ក្នុងការទទួលបន្ទុកគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងមានតួនាទីផ្សេងៗទៀតដូចកំណត់ក្នុងច្បាប់នេះ។
មាត្រា៥ នៃច្បាប់ដដែលចង្អុលបង្ហាញថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវមានអគ្គនាយកដ្ឋានមួយ ជាសេនាធិការក្នុងការដឹកនាំ និងគ្រប់គ្រងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ដោយការរៀបចំ និងការប្រព្រឹត្តទៅនៃអគ្គនាយកដ្ឋាននេះត្រូវកំណត់ដោយអនុក្រឹត្យ។
ក្រៅពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថាប័នរដ្ឋដែលជាស្ថាប័នសាមីក៏ជាស្ថាប័នមានសមត្ថកិច្ចផងដែរក្នុងការអភិវឌ្ឍគម្រោង និង/ឬការបំពេញតួនាទីក្នុងការចុះកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជនជាមួយដៃគូឯកជន។
៣. សិទ្ធិចុះកិច្ចសន្យា និងលក្ខណសម្បត្តិគ្រប់គ្រាន់នៃគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន
ស្ថាប័នសាធារណៈដែលមានសិទ្ធិចុះកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងនាមស្ថាប័នសាមី មានដូចជាក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ស្ថាប័នសាធារណៈទាំងនេះមានសិទ្ធិចុះកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជនដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួនស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ចំណែកបុគ្គល (ឯកជន ឬសាធារណៈ)ដែលមានសិទ្ធិទទួលបានការជ្រើសរើសចុះកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជនមានដូចជា (១) ក្រុមហ៊ុនដែលបានចុះបញ្ជីស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា (២) ក្រុមហ៊ុនពាណិជ្ជកម្មបរទេសដែលបានចុះបញ្ជីស្របតាមច្បាប់បរទេស (៣) សហគ្រាសសាធារណៈដែលមិនមែនជាស្ថាប័នសាមី និងដែលទទួលបានប្រតិភូកម្មអំណាចស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។
វិស័យដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលពាក់ព័ន្ធនឹងការសាងសង់ និង/ឬការផ្គត់ផ្គង់សេវាសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជនមានដូចជា៖
- ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈបម្រើដល់វិស័យដឹកជញ្ជូន និងវិស័យភស្ដុភារកម្ម
- ហេដ្ឋារចនាសម្ព័ន្ធប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល
- ការផលិត ការបញ្ជូន និងការចែកចាយថាមពលអគ្គិសនី បំពង់បង្ហូរប្រេងនិងឧស្ម័ន និងសេវាសាធារណៈផ្សេងទៀត ក្នុងវិស័យរ៉ែនិងថាមពល
- ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ប្រព័ន្ធលូ ប្រព័ន្ធបង្ហូរទឹក ប្រព័ន្ធបូមស្ដារ ប្រព្រឹត្តិកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់ និងសេវាសាធារណៈផ្សេងទៀតបម្រើឱ្យកិច្ចគាំពារបរិស្ថាន
- ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យសុខាភិបាល វិស័យអប់រំ វិស័យការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិស័យទេសចរណ៍ វិស័យវប្បធម៌និងសិល្បៈ វិស័យកីឡា និងលំនៅដ្ឋានសង្គម
- ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មានជាអាទិ៍តំបន់សេដ្ឋកិច្ចពិសេស សួនបណ្ដុំឧស្សាហកម្មធុនតូចនិងមធ្យម និងសួនបច្ចេកវិទ្យានិងនវានុវត្តន៍
- ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងសេវាមន្ទីរពិសោធន៍ ការគាំទ្រការកែច្នៃ ការរក្សាផលិតផល និងការជំរុញពាណិជ្ជកម្ម
- ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈពាក់ព័ន្ធនឹងវិស័យកសិកម្មនិងប្រព័ន្ធធារាសាស្ត្រ
- ហេដ្ឋារចនាសម្ព័ន្ធនិងសេវាសាធារណៈផ្សេងទៀតដែលច្បាប់ដោយឡែកអនុញ្ញាត។
៤. អំពីកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជន
គោលការណ៍កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជនត្រូវបានកំណត់ដូចខាងក្រោម៖
- ត្រូវរៀបចំឡើងដោយផ្អែកទៅលើលក្ខណៈពិសេសនៃគម្រោង ដូចមានកំណត់នៅក្នុងលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាពដែលនឹងត្រូវមានការឯកភាពរវាងរាជរដ្ឋាភិបាលនិងដៃគូឯកជន
- ត្រូវតែជាកិច្ចព្រមព្រៀងបែបពាណិជ្ជកម្មរវាងស្ថាប័នសាមីនិងដៃគូឯកជន
- ត្រូវបែងចែកការទទួលបន្ទុកហានិភ័យពាក់ព័ន្ធនឹងគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន រវាងរាជរដ្ឋាភិបាលនិងដៃគូឯកជន ដោយធ្វើឱ្យរាជរដ្ឋាភិបាលមានលទ្ធភាពទទួលផលចំណេញតាមគោលការណ៍តម្លៃនៃលុយ ប៉ុន្តែនៅតែមានលទ្ធភាពរក្សាផលចំណេញពីពាណិជ្ជកម្មក្នុងកម្រិតសមរម្យឱ្យដៃគូឯកជន
- ការកំណត់ផលប្រយោជនដែលដៃគូឯកជនមានសិទ្ធិទទួលបានក្នុងកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋនិងឯកជន។
៥. អំពីការអនុវត្តច្បាប់នេះ
ច្បាប់នេះបានប្រកាសនិរាករណ៍ច្បាប់ស្ដីពីសម្បទានដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១០០៧/០២៧ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៧ ហើយច្បាប់នេះត្រូវបានប្រកាសជាការប្រញាប់។
- លោកអ្នកអាចទាញយកអត្ថបទទាំងស្រុងជាPDF: https://t.me/lawaudio_kh/456