១. អំពីច្បាប់នេះ
ច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ គឺជាច្បាប់ពិសេសក្នុងវិស័យព្រហ្មទណ្ឌ ដែលត្រូវបានប្រកាសឱ្យប្រើជាការប្រញាប់ដោយព្រះរាជក្រមលេខនស/រកម/០៤១០/០០៤ ចុះថ្ងៃទី១៧ ខែមេសា ២០១០។ ត្បិតតែត្រូវបានជាការប្រញាប់ក្ដី ប៉ុន្តែមាត្រា៥៧ នៃច្បាប់ខាងលើបានលើកលែងចំពោះជំពូកទី៦ (ចែងអំពីបទល្មើសពុករលួយ និងទោស) ដោយកំណត់ថាជំពូកនេះ មានអានុភាពអនុវត្តក្នុងរយៈពេល១២ ខែ ក្រោយពេលដែលក្រមព្រហ្មទណ្ឌត្រូវបានអនុវត្តទាំងស្រុង។ ច្បាប់ដែលមានចំនួន ៩ ជំពូក និង៥៧ មាត្រានេះ មានគោលបំណង លើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋនៅក្នុងការដឹងនាំ និងការគ្រប់គ្រងរដ្ឋ ព្រមទាំងរក្សាភាពស្អាតស្អំ និងយុត្តិធម៌ដែលជាមូលដ្ឋានចាំបាច់ក្នុងការអភិវឌ្ឍសង្គមជាតិ និងកាត់បន្ថយភាពក្រីក្រ។
២. អំពីវាក្យសព្ទបច្ចេកទេស
វាក្យសព្ទបច្ចេកទេសក្នុងច្បាប់នេះមានន័យដូចតទៅៈ
- បទល្មើសពុករលួយ មានន័យថា បទល្មើសព្រហ្មទណ្ឌដែលមានចែងនៅក្នុងជំពូកទី ៦ នៃច្បាប់នេះ។
- អ្នករាជការសាធារណៈ មានន័យថាៈ
ក – បុគ្គលដែលបម្រើការងារនៅក្នុងស្ថាប័ននីតិប្បញ្ញតិ្ត ស្ថាប័ននីតិប្រតិបត្តិ ឬ ស្ថាប័នតុលាការ ដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុទ្ត ទោះជាអចិន្តៃ្រយ៍ ឬជាបណ្ដោះអាសន្នក្តី ទោះជាបាន ឬមិនបានទទួលប្រាក់ឈ្នួលក្តី ដោយមិនគិតពីឋានៈ អាយុរបស់បុគ្គលឡើយ។
ខ – បុគ្គលឯទៀតដែលធ្វើការក្នុងមុខងារសាធារណៈរួមទាំងទីភ្នាក់ ងារសាធារណៈ ឬសហគ្រាសសាធារណៈ ព្រមទាំងស្ថាប័នសាធារណៈដទៃទៀតដែលមានចែងនៅក្នុងច្បាប់នៃ ព្រះរាជាណាចក្រកម្ពុជា។
៣ – មន្ត្រីសាធារណៈបរទេស: មានន័យថា មន្ត្រីបរទេសដែលកាន់តំណែងក្នុងស្ថាប័ននីតិប្បញ្ញតិ្ត ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នតុលាការរបស់ប្រទេសក្រៅ ទោះជាបានតែងតាំង ឬបោះឆ្នោតជ្រើសរើសក៏ដោយ និងជនបរទេសដែលអនុវត្តមុខងារសាធារណៈសម្រាប់ប្រទេសក្រៅណាមួយ រួមមានទីភ្នាក់ងារសាធារណៈ ឬសហគ្រាសសាធារណៈ។
៤ – មន្ត្រីនៃអង្គការអន្តរជាតិសាធារណៈ: មានន័យថា មន្ត្រីអន្តរជាតិ ឬជនណាដែលទទួលបានការអនុញ្ញាតពីអង្គការអន្តរជាតិឲ្យបំពេញ ភារកិច្ចក្នុងនាមអង្គការអន្តរជាតិនោះ។
៥ – ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត: មានន័យថា សមាជិក ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងពលរដ្ឋដែលទទួលអាណត្តិសាធារណៈ ដោយការបោះឆ្នោត ដើម្បីបំពេញមុខងារសាធារណៈដទៃទៀត។
៦ – ចៅក្រម: មានន័យថាចៅក្រមអាសនៈ និងចៅក្រមអយ្យការ។
៧ – នីតិបុគ្គល: មានន័យថាក្រុមមនុស្ស ឬមូលនិធិដែលមានបុគ្គលភាពគតិយុត្ត ហើយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ច។
៨ – សង្គមស៊ីវិល: មានន័យថា សហគមន៍ ឬក្រុមមនុស្សដែលបង្កើតឡើងដើម្បីធ្វើសកម្មភាពក្នុងការការពារផល ប្រយោជន៍លើវិស័យសេដ្ឋកិច្ច សង្គមកិច្ច នយោបាយ វិទ្យាសាស្ត្រ វប្បធម៌ និងសាសនា មានជាអាទិ៍ សមាគម អង្គការក្រៅរដ្ឋាភិបាល គណបក្សនយោបាយ។
៩ – អត្ថប្រយោជន៍: មានន័យថាៈ
ក – អំណោយអ្វីមួយ កម្ចី តម្លៃឈ្នួល រង្វាន់ ឬកម្រៃជើងសាដែលមិនមានការអនុញ្ញាតដោយច្បាប់ជាធរមាន ជាទឹកប្រាក់ ឬជាវត្ថុមានតម្លៃ ឬជាទ្រព្យសម្បត្តិប្រភេទអ្វីមួយ។
ខ – ការងារ តំណែង មុខងារ កិច្ចព្រមព្រៀង ឬកិច្ចសន្យាអ្វីមួយ។
គ – ការបង់ប្រាក់ ការលើកលែង ការលុបចោល ការលុបបំបាត់នូវប្រាក់កម្ចី អ្វីមួយ កាតកិច្ច ឬបំណុលដទៃទៀត ទោះជាទាំងមូលក្តី ឬដោយផ្នែកក្តី។
ឃ – សេវាកម្មឯទៀត ឬការផ្តល់ជាគុណប្រយោជន៍ រួមទាំងកិច្ចការពារមិនឲ្យ មានការដាក់ទណ្ឌកម្ម ដែលលេចចេញពីអំពើ ឬដំណើរការនៃការដាក់ទណ្ឌកម្មរដ្ឋប្បវេណី ឬព្រហ្ម – ទណ្ឌ ទោះបីទណ្ឌកម្មនេះត្រូវបានកំណត់ ឬពុំទាន់ត្រូវបានកំណត់ក៏ដោយ។
ង – ការអនុវត្ត ឬការរារាំងមិនឲ្យអនុវត្តនូវសិទ្ធិ ឬអំណាច ឬភាកិច្ចអ្វីមួយ។
ច – ការស្នើជូន ឬការសន្យាថាជូន ទោះបីមានលក្ខខណ្ឌ ឬគ្មានលក្ខខណ្ឌក្តី នូវអត្ថប្រយោជន៍ ដូចមានចែងក្នុងស្មារតីនៃកថាខណ្ឌ (ក) (ខ) (គ) (ឃ) និង (ង)។
១០ – អំណោយ: មានន័យថា ទ្រព្យ ឬសេវាដែលត្រូវបានផ្តល់ឲ្យទៅបុគ្គលណាម្នាក់ ឬដើម្បីជាប្រយោជន៍ដល់បុគ្គលណាម្នាក់ ហើយដែលមិនត្រូវបានចាត់ទុកជាកិច្ចព្រមព្រៀង និងមិនមែនជាជំនូនតាមទំនៀមទម្លាប់ ឬប្រពៃណី។
១១ – ទំនាស់ផលប្រយោជន: មានន័យថា ផលប្រយោជន៍ជាទឹកប្រាក់ ផលប្រយោជន៍នយោបាយ ផលប្រយោជន៍សម្រាប់គ្រួសារ ឬផលប្រយោជន៍ផ្ទាល់ខ្លួន ដែលអាចមាន ឥទ្ធិពលលើទង្វើរបស់ជនណាម្នាក់ ក្នុងការអនុវត្តកាតកិច្ចជាផ្លូវការរបស់ខ្លួន។
១២ – ទ្រព្យសម្បតិ្ត: មានន័យថា ទ្រព្យគ្រប់ប្រភេទ ទោះជាចលនវត្ថុ ឬជាអចលនវត្ថុ រូបីយ ឬអរូបីយ និងឯកសារគតិយុត្ត ឬលិខិតូបករណ៍ដែលបញ្ជាក់ពីកម្មសិទ្ធិ ឬផលប្រយោជន៍នៅក្នុងទ្រព្យសម្បត្តិនោះ។
១៣ – ការចាប់យក: មានន័យថា ការហាមប្រាមជាបណ្ដោះអាសន្នមិនឲ្យធ្វើការផ្ទេរផ្លាស់ប្តូរ ប្រែប្រួល ប្រគល់ឲ្យ ឬធ្វើចលនានៃទ្រព្យសម្បត្តិ ឬយកធ្វើជាទ្រព្យសម្បត្តិបណ្ដោះអាសន្ន ឬគ្រប់គ្រងទ្រព្យសម្បត្តិតាមរយៈដីកាតុលាការ។
១៤ – ការរឹបអូស: មានន័យថា ការដកហូតជាអចិន្ត្រៃយ៍នូវទ្រព្យសម្បត្តិណាមួយតាមរយៈសេចក្តីសម្រេចរបស់តុលាការ។
១៥ – ផលនៃអំពើពុករលួយ: មានន័យថា ទ្រព្យណាក៏ដោយដែលមានមកពី ឬទទួលបានដោយផ្ទាល់ ឬដោយប្រយោលតាមរយៈការប្រព្រឹត្តអំពើពុករលួយ។
១៦ – កម្រៃ: មានន័យថា ផលជាប្រាក់បានមកអំពីកិច្ចការការិយាល័យ ឋានៈមុខងារឬការងារដែលរួមទាំងប្រាក់បៀវត្ស ប្រាក់ឈ្នូល និងប្រាក់បន្ថែមឯទៀត។
១៧ – ការប៉ុនប៉ង: មានន័យថា ការប្រព្រឹត្តអំពើពុករលួយដែលអាចត្រូវផ្តន្ទាសទោសបាន កាលណាលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញៈ
ក – ចារីបានចាប់ផ្តើមប្រព្រឹត្តបទល្មើស មានន័យថា ចារីបានប្រព្រឹត្តអំពើដែលមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស និង
ខ – ចារីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្តតែត្រូវ បានរាំងស្ទះ ឬអាក់ខានដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួន។ អំពើត្រៀមបម្រុងដែលពុំមាន គោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើសមិនមែនជាការចាប់ផ្តើមប្រព្រឹត្តទេ។
១៨ – អ្នកផ្តើមគំនិត: មានន័យថា បុគ្គលណាដែលៈ
ក – ជម្រុញឲ្យប្រព្រឹត្តបទល្មើសពុករលួយតាមការណែនាំ ឬបញ្ជា។
ខ – បង្កឲ្យមានបទល្មើសពុករលួយ ដោយផ្តល់អំណោយ ដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬដោយការរំលោភអាជ្ញា ឬអំណាចរបស់ខ្លួន។
១៩ – អ្នកសមគំនិត: មានន័យថា បុគ្គលដែលជួយសម្រួលដោយចេតនាដល់ការ ប៉ុនប៉ង ឬការសម្រេចបទល្មើសពុករលួយដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន។
២០ – អង្គភាពដើមប្រឆាំងអំពើពុករលួយ: មានន័យថា អង្គភាពប្រឆាំងអំពើពុករលួយដែលត្រូវបានបង្កើតឡើងតាមអនុក្រឹត្យ លេខ ៨៤អនក្រ.បក ចុះថ្ងៃទី ២២ ខែ សីហា ឆ្នាំ ២០០៦។
៣. អំពីស្ថាប័នប្រឆាំងអំពើពុករលួយ
ស្ថាប័នប្រឆាំងអំពើពុករលួយរួមមានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងអង្គភាពប្រឆាំងអំពើពុករលួយ។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានតួនាទីពិគ្រោះយោបល់ និងផ្តល់អនុសាសន៍លើការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយមានសមាជិក ១១ (ដប់មួយ) រូប និង
មានភារកិច្ចដូចតទៅៈ
- កសាងយុទ្ធសាស្រ្ត និងនយោបាយប្រយុទ្ធប្រឆាំងអំពើពុករលួយ
- ពិគ្រោះយោបល់ និងផ្តល់អនុសាសន៍ដល់អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ
- ឃ្លាំមើលដំណើរការការងារនៃអង្គភាពប្រឆាំងអំពើពុករលួយ
- ស្នើអង្គភាពប្រឆាំងអំពើពុករលួយឲ្យរាយការណ៍ ឬបំភ្លឺ
- ធ្វើរបាយការណ៍ជូននាយករដ្ឋមន្ត្រី អំពីដំណើរការរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំជូននាយករដ្ឋមន្ត្រី
- រៀបចំ និងអនុម័តបទបញ្ជាផ្ទៃក្នុងដើម្បីអនុវត្តភារកិច្ចរបស់ខ្លួន។
អង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយ មានភារកិច្ចដូចខាងក្រោម៖
- អនុវត្តច្បាប់បទបញ្ជា និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបទល្មើសពុករលួយជាធរមាន
- រៀបចំកសាងផែនការសកម្មភាពប្រយុទ្ធប្រឆាំងអំពើពុករលួយស្របតាមយុទ្ធសាស្ត្រ និងនយោបាយរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- ដឹកនាំការងារទប់ស្កាត់ និងបង្រាបអំពើពុករលួយ
- តាមដានស៊ើបអង្កេតត្រួតពិនិត្យ និងធ្វើការសិក្សាស្រាវជ្រាវព្រមទាំងលើកវិធានការនានាពាក់ព័ន្ធនឹងបទល្មើសពុករលួយនៅតាមក្រសួងស្ថាប័នអង្គភាពសាធារណៈ និងឯកជនទាំងអស់ស្របតាមនីតិវិធីជាធរមាន
- ទទួល និងពិនិត្យរាល់ពាក្យបណ្តឹងដែលពាក់ព័ន្ធនឹងអំពើពុករលួយព្រមទាំងចាត់ការទៅតាមនីតិវិធីជាធរមាន
- ស្វែងរក ពិនិត្យ និងរៀបចំឯកសារ និងព័ត៌មានពាក់ព័ន្ធនឹងអំពើពុករលួយ
- រក្សាការសម្ងាត់ជាដាច់ខាត់ចំពោះប្រភពព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ចាត់វិធានការចាំបាច់ដើម្បីរក្សាសន្តិសុខដល់បុគ្គលដែលផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ
- ធ្វើការគ្រប់គ្រងប្រព័ន្ធការប្រកាសទ្រព្យសម្បត្តិ និងបំណុលដូចមានប្បញ្ញត្តក្នុងច្បាប់នេះ
- ដឹកនាំការងារឃោសនាអប់រំមហាជនអំពីផលវិបាកនៃអំពើពុករលួយ និងលើកទឹកចិត្តឲ្យមហាជនចូលរួមក្នុងការបង្ការទប់ស្កាត និងកម្ចាត់អំពើពុករលួយ
- ពិនិត្យ និងលើកគម្រោងថវិការប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- ទទួលឆ្លើយបំភ្លឺដោយផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរចំពោះរាល់សំណួរដែលលើកឡើងដោយសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ឬសមាជិករដ្ឋសភា
- បម្រើសេវាការងារជូនក្រុមព្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- តែងតាំងផ្លាស់ប្តូរនិងគ្រប់គ្រង ឬលើកសំណើរតែងតាំងផ្លាស់ប្តូរមន្រ្តីរាជការក្រោមឱវាទក្នុងអង្គភាពប្រឆាំងអំពើពុករលួយ
- ធ្វើសហប្រតិបត្តិការជាមួយអង្គការជាតិអង្គការតំបន់អង្គការអន្តរជាតិនានាដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្លងដែន
- ធ្វើរបាយការណ៍អំពីសកម្មភាពទាំងឡាយរបស់អង្គភាពប្រឆាំងអំពើពុករលួយជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ
- មានសិទ្ធិធ្វើការព្រមានចំពោះមុខសញ្ញាដែលក្នុងដំណាក់កាលដំបូងមានការខកខានមិនបានអនុវត្តច្បាប់ និងបទប្បញ្ញាតិ្តជាធរមានក្នុងគោលដៅបង្ការ និងទប់ស្កាត់អំពើពុករលួយ។
៤. អំពីការប្រកាសទ្រព្យសម្បត្តិ និងបំណុល
ក្នុងពេលចូលកាន់មុខតំណែង និងក្នុងពេលចេញពីមុខតំណែងបុគ្គលដូចខាងក្រោមនេះត្រូវប្រកាសទ្រសម្បត្តិរបស់ខ្លួនជាលាយលក្ខណ៍អក្សរ ឬជាទម្រង់អេឡិចត្រូនិចទោះជាទ្រព្យសម្បត្តិនោះនៅក្រៅប្រទេសក្តី ឬក្នុងប្រទេសក្តីរួមទាំងបំណុលផងហើយដាក់ជូនអង្គភាពប្រឆាំងអំពើពុករលួយដោយសាមីខ្លួនផ្ទាល់៖
- សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល
- មន្រ្តីសាធារណៈដែលមានអាណត្តិជ្រើសតាំង
- សមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយប្រធានអនុប្រធាន និងមន្រ្តីទាំងអស់នៃអង្គភាពប្រឆាំងអំពើពុករលួយ។
- មន្រ្តីរាជការស៊ីវិលយោធា នគរបាលជាតិ និងអ្នករាជការសាធារណៈផ្សេងទៀតដែលត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ ឬអនុក្រឹត្យ។
- មន្រ្តីផ្សេងទៀតដែលតែងតាំងដោយប្រកាសហើយត្រូវបានកំណត់ឲ្យប្រកាសទ្រព្យសម្បត្តិ និងបំណុលតាមបញ្ជីដែលរៀបចំឡើងដោយអង្គភាពប្រឆាំងអំពើពុករលួយបន្ទាប់ពីបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
- ចៅក្រមអាសនៈចៅក្រមអយ្យការសារការីក្រឡាបញ្ជី និងអាជ្ញាសាលា។
- ថ្នាក់ដឹកនាំនៃសង្គមស៊ីវិល។
ក្រៅពីបុគ្គលខាងលើ ជនដែលមានការពាក់ព័ន្ធនឹងអំពើពុករលួយ ក្រោយពីត្រូវបានស៊ើបអង្កេត និងទទួលសេចក្ដីសម្រេចពីអង្គភាពប្រឆាំងអំពើពុករលួយ ត្រួវធ្វើការប្រកាសទ្រព្យសម្បត្តិ និង បំណុលរបស់ខ្លួនជាលាយលក្ខណ៌អក្សរ ឬ ជាទម្រង់អេឡិច ទោះបីជននោះពុំមានឈ្មោះក្នុងបញ្ជីប្រកាសទ្រព្យសម្បត្តិ និងបំណុលក៏ដោយ។
៥. អំពីបទល្មើសពុករលួយ និងទោស
ក្រៅពីបទល្មើសដែលមានចែងនៅក្នុងច្បាប់នេះ បទល្មើសដែលមានចែងនៅក្នុងមាត្រា ២៧៨ (បទស៊ីសំណូកនៃនិយោជិត) មាត្រា២៧៩ (បទសូកប៉ាន់ដល់នៃនិយោជិត) មាត្រា ២៨០ (បទស៊ីសំណូករបស់អភិបាលជាអាទិ៍) មាត្រា ៣៨៧ (បទដេញថ្លៃមិនត្រឹមត្រូវ) មាត្រា ៤០៤ (និយមន័យនៃការសម្អាតប្រាក់) មាត្រា ៤០៥ (ទោសដែលត្រូវអនុវត្ត) មាត្រា ៤០៦ (ស្ថានទម្ងន់ទោស) មាត្រា ៤០៩ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៥១៧ (បទស៊ីសំណូកប្រព្រឹត្តដោយចៅក្រម) មាត្រា ៥១៧ (បទសូក ប៉ាន់ចំពោះចៅក្រម ) មាត្រា ៥១៩ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៥៤៧ (បទស៊ីសំណូករបស់សាក្សីដើម្បីធ្វើសក្ខីកម្មក្មែងក្លាយ) មាត្រា ៥៤៨ (បទសូកប៉ាន់សាក្សី) មាត្រា ៥៥៣ (បទស៊ីសំណូករបស់អ្នកបកប្រែ) មាត្រា ៥៥៤ (បទសូកប៉ាន់អ្នកបកប្រែ) មាត្រា ៥៥៣ (បទស៊ីសំណូករបស់អ្នកជំនាញ) មាត្រា ៥៥៦ (បទសូកប៉ាន់អ្នកជំនាញ) មាត្រា ៥៥៩ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៥៩២ (និយមន័យនៃវីតិក្រម) មាត្រា ៥៩៣ (ទោស ដែលត្រូវអនុវត្ត) មាត្រា ៥៩៤ (បទស៊ីសំណូក) មាត្រា ៥៩៥ (និយមន័យនៃជំនួញឥទ្ឋិពលអកម្ម) មាត្រា ៥៩៦ (ទោសដែលត្រូវអនុវត្ត) មាត្រា ៥៩៧ (និយមន័យនៃការកេងយកផលប្រយោជន៍ដោយខុសច្បាប់) មាត្រា ៥៩៨ (ទោសដែលត្រូវអនុវត្ត) មាត្រា ៥៩៩ (និយមន័យនៃបក្ខានុគ្រោះ) មាត្រា ៦០០ (ទោសដែលត្រូវអនុវត្ត) មាត្រា ៦០១ (បទបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត) មាត្រា ៦០៥ (បទសូកប៉ាន់) មាត្រា ៦០៦ (បទឥទ្ឋិពលសកម្ម) មាត្រា ៦០៧ (បទសម្លុតគំរាម) មាត្រា ៦០៨ (បទបំផ្លាញ និងគៃបំបាត់) មាត្រា ៦២៥ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) មាត្រា ៦៣៧ (បទស៊ីសំណូកដោយអ្នកមាននីតិសម្បទាដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៣៨ (បទសូកប៉ាន់ចំពោះអ្នកមាននីតិសម្បទារដើម្បីលិខិតបញ្ជាក់មិនពិត) មាត្រា ៦៣៩ (បទស៊ីសំណូកដោយសមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្រ្តដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៤០ (បទសូកប៉ាន់ចំពោះសមាជិកនៃគណៈវិជ្ជាជីវៈខាងវេជ្ជសាស្រ្ត ដើម្បីធ្វើលិខិតបញ្ជាក់មិនពិត) មាត្រា ៦៤១ (ការអនុវត្តបទមជ្ឈិមនៃមាត្រា ៦៣៦ និង ៦៤០ចំពោះគ្រប់វិជ្ជាជីវៈខាងវេជ្ជសាស្រ្ត) និងមាត្រា ៦២២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមព្រហ្មទណ្ឌជាបទល្មើសពុករលួយដែលត្រូវអនុវត្តតាមច្បាប់នេះ។
ច្បាប់នេះ បានចែងអំពីបទល្មើសនិងទោសដូចខាងក្រោម៖
មាត្រា | បទល្មើស | ទោស |
៣៣ | បទស៊ីសំណូកនៃមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ | ពន្ឋគារពី ៧ ឆ្នាំ ដល់ ១៥ ឆ្នាំ |
៣៤ | បទសូកប៉ាន់ចំពោះមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ | ពន្ឋគារពី ៥ ឆ្នាំ ដល់ ១០ ឆ្នាំ |
៣៥ | បទសូកប៉ាន់ចំពោះមន្រ្តីសាធារណៈបរទេស ឬមន្រ្តីនៃអង្គការអន្តរជាតិសាធារណៈ | ពន្ឋគារពី ២ ដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលទៅ ១0 លានរៀល ✍ពន្ឋគារពី ៥ ឆ្នាំ ទៅ ១០ឆ្នាំ ប្រសិនបើល្មើសនេះមានប្រសិទ្ឋភាព |
៣៦ | បទមានទ្រព្យសម្បត្តិដោយខុសច្បាប់ | រឹបអូសទ្រព្យសម្បត្តិដែលពុំអាចពន្យល់បានទាំងអស់ទុកជាសម្បត្តិរដ្ឋ និងទទួលទោសតាមច្បាប់នេះ |
៣៧ | បទទទួលផលបន្តពីបទល្មើសពុករលួយ | ពន្ឋគារពី ២ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១0 លានរៀល |
៣៧ | អំពើទទួលផលបន្តពីបទល្មើសពុករលួយ ដែលប្រព្រឹត្ត (១) ជាទម្លាប់ (២) ដោយប្រើប្រាស់ភាពងាយស្រួលដែលទទួលបានពីសកម្មភាពវិជ្ជាជីវៈផ្តល់ឲ្យ (៣) ជាក្រុមមានការចាត់តាំង | ពន្ឋគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ |
៣៨ | បទមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល | ពន្ឋគារពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី ១សែន) រៀលទៅ ២លានរៀល និងបង្ខំឱ្យប្រកាសទ្រព្យសម្បត្តិ |
៣៩ | បទទម្លាយការសម្ងាត់នៃប្រភពព័ត៌មានស្តីពីអំពើពុករលួយ | ពន្ឋគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ |
៤០ | បទរារាំង និងការជ្រៀតជ្រែកដល់ការងាររបស់អង្គភាពប្រឆាំងអំពើពុលរលួយ | ពន្ឋគារពី ២ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ ១ លានរៀល។ |
៤១ | បទប្តឹងបរិហាដោយភូតកុហក | ពន្ឋគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី ១ សែនរៀល ទៅ ១ លានរៀល |
៤២ | បទបំពានលើទ្រព្យសម្បត្តិដែលជាកម្មវត្ថុនៃការចាប់យក | ពន្ឋគារពី ១ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ២ លានរៀលទៅ ១0លានរៀល |
៦. អំពីបត្យាប័ន និងជំនួយផ្នែកច្បាប់ទៅវិញទៅមក
នៅក្នុង ករណីដែលរកឃើញថាទ្រព្យសម្បត្តិ និងផលនៃអំពើពុករលួយត្រូវបានរក្សាទុកនៅក្នុងរដ្ឋបរទេស អាជ្ញធរមានសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជាត្រូវចាត់វិធានការ ដើម្បីទាមទារយកទ្រព្យសម្បត្តិ និងផលទាំងនោះមកកម្ពុជាក៏ត្រូវធ្វើសហប្រតិបត្តិការជាមួយប្រទេស ដទៃដែលលើកសំណើសុំបញ្ជូនទៅវិញនូវផលនៃបទល្មើសពុករលួយ ដែលត្រូវបានរក្សាទុកក្នុងប្រទេសកម្ពុជា។
ក្នុងករណីបទល្មើសពុករលួយ អាជ្ញាធរតុលាការនៃព្រះរាជណាចក្រកម្ពុជាអាចប្រគល់អំណាចឲ្យទៅអាជ្ញាធរតុលាការមានសមត្ថកិច្ចនៃរដ្ឋបរទេសណាមួយ និងអាចទទួលអំណាចពីអាជ្ញាធរតុលាការនៃរដ្ឋបរទេសណាមួយដែរដើម្បីៈ
- ប្រមូលយកសក្ខីភាព ឬយកចម្លើយដែលឆ្លើយតាមផ្លូវតុលាការ
- ឲ្យដំណឹងពីលិខិតផ្សេងៗរបស់តុលាការ
- ធ្វើការឆែកឆេរ ឃាត់ទុក និងដកហូត
- ធ្វើការពិនិត្យវត្ថុ និងទីកន្លែង
- ផ្តល់ព័ត៌មាន និងវត្ថុតាង
- ផ្តល់ឯកសារកំណត់ហេតុជាច្បាប់ដើម ឬសេចក្តីចម្លងដោយមានបញ្ជាក់ថាត្រឹមត្រូវតាម ច្បាប់ដើមនៃឯកសារ និងសំណុំរឿង រាប់ទាំងសេចក្តីស្រង់បញ្ជីប្រាក់ពីធនាគារ ឯកសារគណនេយ្យ សំណុំរឿងរបស់ក្រុមហ៊ុន និងឯកសារពាណិជ្ជកម្មព្រមទាំងលិខិតយថាភូត ឬលិខិតឯកជន
- បង្ហាញ ឬផ្តល់សាក្សីអ្នកជំនាញ ឬជនដទៃទៀតរាប់ទាំងជនជាប់ឃុំខ្លួនផងដែលយល់ព្រមជួយក្នុងការស៊ើបអង្កេត ឬយល់ព្រមចូលរួមក្នុងនីតិវិធី
- កំណត់អត្តសញ្ញាណ ឬស្រាវជ្រាវរកធនធានទ្រព្យសម្បត្តិ បរិក្ខារ និងសម្ភារៈទាំងឡាយដែលបានមកពីការប្រព្រឹត្តបទល្មើស និងមធ្យោបាយបទល្មើស
- ដាក់ក្រោមវិធានការរក្សាទុកជាបណ្តោះអាសន្ននូវផលិតផល និងទ្រព្យសម្បត្តិដែលបាន មកពីបទល្មើសពុករលួយព្រមទាំងបរិក្ខារ សម្ភារៈដែលបានប្រើប្រាស់ ឬទុកសម្រាប់ប្រើប្រាស់ដើម្បីប្រព្រឹត្តបទល្មើសពុករលួយ
- ចាត់ឲ្យអនុវត្តសេចក្តីសម្រេចដែលបញ្ជារឲ្យធ្វើការរឹបអូសដកហូត ឬយកវិញនូវផលិតផលទ្រព្យសម្បត្តិ បរិក្ខារ សម្ភារៈទាំងឡាយដែលបានមកពីការប្រព្រឹត្តអំពើពុករលួយ។
- បញ្ជារឲ្យធ្វើការរឹបអូសវត្ថុទាំងឡាយដែលមានចែងក្នុងចំណុចខាងលើ
- ឲ្យដំណឹងអំពីការចោទប្រកាន់តាមនីតិវិធីព្រហ្មទណ្ឌ
- សួរចម្លើយជនត្រូវចោទតាមនីតិវិធីព្រហ្មទណ្ឌ
- រកឲ្យឃើញ និងកំណត់អត្តសញ្ញាណសាក្សី និងជនសង្ស័យ។
ស្ថាប័នប្រឆាំងអំពើពុករលួយ និងអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ពន្ធមានកាតព្វកិច្ចស្វះស្វែងរកកិច្ចសហប្រត្តិការអន្តរជាតិ និងជំនួយផែ្នកច្បាប់ទៅវិញទៅមកអំពីស្ថានភាពទ្រព្យសម្បត្តិរបស់ពលរដ្ឋខ្មែរដែលមានសញ្ជាតិលើសពីមួយ។ នីតិវិធីនៃការអនុវត្តន៍ជំនួយផ្នែកច្បាប់ទៅវិញទៅមក ត្រូវអនុវត្តតាមគោលការណ៍ទាំងឡាយឡាយដែលបានកំណត់ក្នុងសន្ធិញ្ញា ឬកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគី និងច្បាប់ជាតិជាធរមាន។
- អានអន្ថបទច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ នស/រកម/០៤១០/០០៤ ១៧ មេសា ២០១០ (PDF)៖ https://t.me/lawaudio_kh/552