ក្រមរដ្ឋប្បវេណី
- គន្ថីទី ២៖ បុគ្គល
គន្ថីទី ២៖ បុគ្គល
ជំពូកទី ១៖ រូបវន្តបុគ្គល
ផ្នែកទី ១៖ សមត្ថភាពទទួលសិទ្ធិ
មាត្រា ៦. គោលការណ៍សមភាពនៃសមត្ថភាពទទួលសិទ្ធិ
រូបវន្តបុគ្គលគ្រប់រូប មានលក្ខណសម្បត្តិអាចក្លាយជាប្រធាននៃសិទ្ធិ និងកាតព្វកិច្ចបាន។
មាត្រា ៧. ការកម្រិតក្នុងការទទួលសិទ្ធិចំពោះជនបរទេស
ជនជាតិបរទេស មិនអាចទទួលបានកាន់កាប់នូវសិទ្ធិមួយចំនួនដែលត្រូវបាន កំណត់ឡើយក្នុងករណីដែលមានបញ្ញត្តិផ្សេងនៅក្នុងច្បាប់ជាតិ ឬសន្ធិសញ្ញា ឬអនុសញ្ញាអន្តរជាតិ។
មាត្រា ៨. ពេលចាប់ផ្ដើម និងបញ្ចប់សមត្ថភាពទទួលសិទ្ធិ
រូបវន្តបុគ្គលម្នាក់ៗ មានសមត្ថភាពទទួលសិទ្ធិនៅពេលចាប់កំណើត ហើយបាត់បង់អស់នូវសមត្ថភាពទទួលសិទ្ធិនេះ នៅពេលទទួលមរណភាព។
មាត្រា ៩. ទារកនៅក្នុងគភ៌
១-ទារកដែលនៅក្នុងគភ៌នាពេលមានអំពើអនីត្យានុកូល បើទារកនេះមានកំណើតនៅពេលក្រោយ អាចទាមទារនូវសំណងនៃការខូចខាតដែលបានកើតឡើងពេលដែលខ្លួន នៅក្នុងគភ៌ ដោយអំពើអនីត្យានុកូលនោះបាន។
២-ទារកដែលនៅក្នុងគភ៌នាពេលដែលចាប់ផ្តើមសន្តតិកម្ម បើទារកនោះមានកំណើតនៅពេលក្រោយ អាចទទួលមត៌ក ដោយសន្តតិកម្មនោះបាន។
៣-ទារកដែលនៅក្នុងគភ៌នាពេលដែលម្ចាស់បណ្តាំបានទទួលមរណភាពបើទារកនោះមានកំណើតនៅពេលក្រោយ អាចទទួលនូវអានុភាពនៃបនោះបាន។
ផ្នែកទី ២៖ សិទ្ធិបុគ្គល
មាត្រា ១0. អត្ថន័យនៃសិទ្ធិបុគ្គល
សិទ្ធិបុគ្គល សំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬសិទ្ធិផ្សេងទៀតដែលជាផលប្រយោជន៍ទាក់ទង នឹងលក្ខណបុគ្គល។
មាត្រា ១១. សិទ្ធិទាមទារឱ្យបញ្ឈប់
ប្រសិនបើមានការបារម្ភថា នឹងអាចមានការរំលោភសិទ្ធិបុគ្គលដោយខុសច្បាប់ ឬមានការបារម្ភថា ការរំលោភសិទ្ធិបុគ្គលដែលបានកើតឡើងហើយនោះ នឹងអាចបន្ត ឬនឹងអាចកើតឡើងទៀតដោយខុសច្បាប់អ្នកដែលមានសិទ្ធិបុគ្គលអាចទាមទារឱ្យ បញ្ឈប់នូវការរំលោភនោះបាន។
មាត្រា ១២. សិទ្ធិទាមទារឱ្យ ដកចេញនូវលទ្ធផលនៃសកម្មភាពរំលោភ
បើស្ថានភាពរំលោភសិទ្ធិបុគ្គលនៅតែមានជាបន្តបន្ទាប់ ដោយសារសំណល់នៃលទ្ធផលដែលកើតពីសកម្មភាពរំលោភនោះ អ្នកដែលបានទទួលរងនូវការរំលោភសិទ្ធិ បុគ្គលដោយខុសច្បាប់នោះ អាចទាមទារឱ្យដកចេញនូវលទ្ធផលនៃសកម្មភាពរំលោភនោះបាន លុះត្រាតែលទ្ធផលនោះអាចដកចេញបាន។
មាត្រា ១៣. សិទ្ធិទាមទារសំណងការខូចខាត
បញ្ញត្តិនៃមាត្រា ១១ (សិទ្ធិទាមទារឱ្យ បញ្ឈប់) និង មាត្រា ១២ (សិទ្ធិទាមទារឱ្យដក ចេញនូវលទ្ធផលនៃសកម្មភាពរំលោភ) នៃក្រមនេះ មិនរារាំងការទាមទារសំណងការខូចខាតដោយអ្នកដែលបានទទួលរងនូវការរំលោភផលប្រយោជន៍ទាក់ទង នឹងលក្ខណបុគ្គលនោះ ដោយយោងទៅតាមបញ្ញត្តិស្តីពីអំពើអនីត្យានុកូលបានឡើយ។
ផ្នែកទី៣៖ សមត្ថភាពខាងឆន្ទៈ
មាត្រា ១៤. ការខ្វះសមត្ថភាពខាងឆន្ទៈ
សកម្មភាពដែលភាគី បានធ្វើនៅក្នុងស្ថានភាពដែលខ្លួនមិនអាចយល់ដឹង និងវិនិច្ឆ័យ បានអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន អាចលុបចោលបាន។
មាត្រា ១៥. និយមន័យនៃសកម្មភាព
ពាក្យ “សកម្មភាព” ដែលត្រូវបានប្រើនៅក្នុងផ្នែកទី ៣ (សមត្ថភាពខាងឆន្ទះ) ផ្នែកទី៤ (សមត្ថភាពក្នុងការធ្វើសកម្មភាព) និង ផ្នែកទី ៦ (ការគ្រប់គ្រងទ្រព្យសម្បត្តិ របស់បុគ្គលដែលអវត្តមាន និងការប្រកាសអំពីការ បាត់ខ្លួន) នៃជំពូកទី ១ នេះ សំដៅទៅលើកិច្ចសន្យា និង សកម្មភាពឯកតោភាគី។
ផ្នែកទី ៤៖ សមត្ថភាពក្នុងការធ្វើសកម្មភាព
មាត្រា ១៦. អត្ថន័យនៃជនដែលត្រូវបានកម្រិតសមត្ថភាពក្នុងការធ្វើសកម្មភាព
ជនដែលត្រូវបានកម្រិតសមត្ថភាព សំដៅទៅលើអនីតិជន ជននៅក្រោមអាណា ព្យាបាលទូទៅ និងជននៅក្រោមហិតូបត្ថម្ភ។
កថាភាគទី ១៖ អនីតិជន
មាត្រា ១៧. អត្ថន័យនៃអនីតិជន
អនីតិជន សំដៅទៅលើជនដែលមានអាយុក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ។
មាត្រា ១៨. សិទ្ធិលុបចោលសកម្មភាព
សកម្មភាពដែលអនីតិជន បានធ្វើដោយមិនបានទទួលការយល់ព្រមពីអ្នកមានសិទ្ធិ អំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនអាចលុបចោលបាន។ ប៉ុន្តែបញ្ញត្តិនេះមិនត្រូវអនុវត្តឡើយ ចំពោះសកម្មភាពដែលទទួលសិទ្ធិ ឬឱ្យរួចផុតពីកាតព្វកិច្ច ឬសកម្មភាពដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ។
មាត្រា ១៩. ការចាត់ចែងទ្រព្យសម្បត្តិដែលអ្នកមានសិទ្ធិអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនអនុញ្ញាតឱ្យចាត់ចែង
អនីតិជនអាចចាត់ចែងទ្រព្យសម្បត្តិដែលអ្នកមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន បានអនុញ្ញាតឱ្យចាត់ចែង ដោយកំណត់គោលបំណង ក្នុងទំហំនៃគោលបំណងនេះបាន។ ម្យ៉ាងទៀត អនីតិជនក៏អាចចាត់ចែងទ្រព្យសម្បត្តិដែលអ្នក មានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន បានអនុញ្ញាតឱ្យ ចាត់ចែងដោយមិនបានកំណត់គោលបំណងបានដែរ។
មាត្រា ២០. អនីតិជនដែលត្រូវបានអនុញ្ញាតឱ្យ ប្រកបអាជីវកម្ម
១-អនីតិជនដែលបានទទួលការអនុញ្ញាតឱ្យប្រកបអាជីវកម្មមួយប្រភេទ ឬច្រើនប្រភេទពីអ្នកមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនត្រូវមានសមត្ថភាពដូចនីតិជន ចំពោះមុខជំនួញនោះ។
២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ ប្រសិនបើបានដឹងច្បាស់ថា អនីតិជននោះមិនអាចបំពេញកិច្ចការអាជីវកម្មនោះបានអ្នកមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនអាចលុបចោល ឬកម្រិតនូវការអនុញ្ញាតនៃការប្រកបអាជីវកម្មនោះបាន។
មាត្រា ២១. ល័ក្ខខ័ណ្ឌនៃអត្តាធីនភាព
១-ក្នុងករណីដែលអនីតិជនដែលបានដល់អាយុ ១៦ (ដប់ប្រាំមួយ) ឆ្នាំទ្រទ្រង់ជីវភាពខ្លួនឯងដោយឯករាជ្យតុលាការ អាចប្រកាសនូវអត្តាធីនភាពរបស់អ្នកនោះបានតាមពាក្យសុំរបស់អនីតិជននោះ ប្រសិនបើតុលាការយល់ឃើញថា អត្តាធីនភាពស្របនឹងផលប្រយោជន៍របស់អនីតិជននោះ។ ក្នុងករណីនេះ តុលាការត្រូវសួរយោបល់ពីអ្នកមានសិទ្ធិអំណាចមេបា។
២-អនីតិជនដែលបានរៀបអាពាហ៍ពិពាហ៍ហើយ ត្រូវទទួលអត្តាធីនភាពដោយមិនចាំបាច់មានការប្រកាសពីតុលាការទេ ។
៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ ទោះបីភាគីលែងលះគ្នាក៏ដោយ ក៏អានុភាពនៃអត្តាធីនភាព មិនត្រូវរលត់ឡើយ។
មាត្រា ២២. អានុភាពនៃអត្តាធីនភាព
អនីតិជនដែលទទួលអត្តាធីនភាព ត្រូវបានចាត់ទុកថា បានដល់នីតិភាព។
មាត្រា ២៣. កិច្ចសន្យាការងាររបស់អនីតិជន
១-ទោះបីជាមានបញ្ញត្តិនៃមាត្រា ១០៥៣ (ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការតំណាង) និងមាត្រា ១០៨០ (ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការតំណាង) នៃក្រមនេះក៏ដោយ ក៏អ្នកមានសិទ្ធិអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជន មិនអាចធ្វើកិច្ចសន្យាការងារជំនួសអនីតិជនបានដែរ។
២-កិច្ចសន្យាដែលផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ទី ១ ខាងលើនេះ មិនមានអានុភាពចំពោះសាមីអនីតិជនឡើយ។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវអនុវត្តឡើយចំពោះករណីដែលសាមីអនីតិជនផ្តល់សច្ចានុមតិលើកិច្ចសន្យានោះ។
៣-ក្នុងករណីដែលយល់ឃើញថា កិច្ចសន្យាការងាររបស់អនីតិជនអាចធ្វើឱ្យខូចផលប្រយោជន៍ដល់អនីតិជននោះអ្នកមានសិទ្ធិអំណាចមេបា ឬអ្នកអាណាព្យាបាល សម្រាប់អនីតិជន ឬស្ថាប័នរដ្ឋបាលអាចរំលាយកិច្ចសន្យានោះឆ្ពោះទៅអនាគតបាន។
កថាភាគទី ២៖ជននៅក្រោមអាណាព្យាបាលទូទៅ
មាត្រា ២៤. ការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅ
១-ចំពោះជនដែលស្ថិតនៅក្នុងស្ថានភាពជានិរន្តរ៍ ដែលខ្វះសមត្ថភាពក្នុងការយល់ដឹងនិងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួនដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី តុលាការអាចប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅបានតាមពាក្យសុំរបស់សាមីខ្លួន សហព័ទ្ធ ញាតិដែលស្ថិតនៅក្នុង ៤ (បួន) ថ្នាក់អ្នកអាណាព្យាបាលសម្រាប់អនីតិជន អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជន ហិតូបត្ថម្ភ មេឃុំ ឬចៅសង្កាត់នៃលំនៅឋានរបស់ជននោះ ឬ តំណាងអយ្យការ។ ប៉ុន្តែ បញ្ញត្តិនេះ មិនត្រូវយកមកអនុវត្តឡើយចំពោះករណីដែលសាមីខ្លួនមិនទាន់ដល់អាយុ ១៥ (ដប់ប្រាំ) ឆ្នាំ នៅពេលដែលមានពាក្យសុំ។
២-ក្នុងករណីដែលធ្វើការប្រកាសដែលបានកំណត់នៅក្នុងកថាខណ្ទី ១ ខាងលើ នេះបើសាមីខ្លួនជាជននៅក្រោមហិតូបត្ថម្ភ តុលាការត្រូវលុបចោលការប្រកាសការចាប់ផ្តើមហិតូបត្ថម្ភចំពោះជននោះ។
មាត្រា ២៥. អត្ថន័យនៃជននៅក្រោមអាណាព្យាបាលទូទៅ និងការជ្រើសតាំងអ្នកអាណាព្យាបាលទូទៅ
ជនដែលបានទទួលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ ត្រូវហៅថាជននៅក្រោមអាណាព្យាបាលទូទៅ ហើយត្រូវស្ថិតនៅក្រោមអ្នកអាណាព្យាបាលទូទៅ។
មាត្រា ២៦. សិទ្ធិលុបចោលសកម្មភាព
សកម្មភាពរបស់ជននៅក្រោមអាណាព្យាបាលទូទៅអាចលុបចោលបាន។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវអនុវត្តឡើយ ចំពោះសកម្មភាពដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ។
មាត្រា ២៧. ការលុបចោលការប្រកាសចាប់ផ្តើមអាណាព្យាបាលទូទៅ
បើមូលហេតុដែល បានកំណត់នៅក្នុងមាត្រា ២៤ (ការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅ) នៃក្រមនេះបានរលាយ តុលាការត្រូវលុបចោលនូវការប្រកាស ចាប់ផ្តើមអាណាព្យាបាលទូទៅតាមពាក្យសុំរបស់សាមីខ្លួន សហព័ទ្ធ ញាតិដែលស្ថិតនៅ ក្នុង ៤ (បួន) ថ្នាក់អ្នកអាណាព្យាបាល អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាល មេឃុំ ឬចៅសង្កាត់នៃលំនៅឋានរបស់ជននោះ ឬតំណាងអយ្យការ។
កថាភាគទី៣៖ជននៅក្រោមហិតូបត្ថម្ភ
មាត្រា ២៨. ការប្រកាសការចាប់ផ្តើមហិតូបត្ថម្ភ
១-ចំពោះជនដែលមានសមត្ថភាពតិចតួចពេកក្នុងការយល់ដឹង និងវិនិច្ឆ័យអំពីលទ្ធផលតាមផ្លូវច្បាប់នៃសកម្មភាពរបស់ខ្លួន ដោយសារមានវិបត្តិផ្នែកបញ្ញាស្មារតី តុលាការអាចប្រកាសការចាប់ផ្តើមហិតូបត្ថម្ភលើជននោះបានតាមពាក្យសុំរបស់សាមីខ្លួនសហព័ទ្ធ ញាតិដែលស្ថិតនៅក្នុង ៤ (បួន) ថ្នាក់អ្នកអាណាព្យាបាល អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាល មេឃុំ ឬចៅសង្កាត់នៃលំនៅឋានរបស់ជននោះ ឬតំណាងអយ្យការ។
២-ក្នុងករណីដែលធ្វើការប្រកាសដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើ នេះបើសាមីខ្លួនជាជននៅក្រោមអាណាព្យាបាលទូទៅ តុលាការត្រូវលុបចោលការប្រកាសការចាប់ផ្តើមអាណាព្យាបាលទូទៅចំពោះជននោះ។
មាត្រា ២៩. អត្ថន័យនៃជននៅក្រោមហិតូបត្ថម្ភ និងការជ្រើសតាំងហិតូបត្ថម្ភកៈ
ជនដែលបានទទួលការប្រកាសចាប់ផ្តើមហិតូបត្ថម្ភ ត្រូវហៅថាជននៅក្រោមហិតូបត្ថម្ភ ហើយត្រូវស្ថិតនៅក្រោមការថែរក្សាដោយហិតូបត្ថម្ភកៈ។
មាត្រា ៣០. សិទ្ធិលុបចោលសកម្មភាព
លើកលែងតែសកម្មភាពដែលទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃ សកម្មភាពដែលបានធ្វើឡើងដោយជននៅក្រោមហិតូបត្ថម្ភ ដោយគ្មានការយល់ព្រមពីហិតូបត្ថម្ភកៈ ដូចខាងក្រោមនេះ អាចលុបចោលបាន៖
ក-ការទទួល ឬការប្រើប្រាស់ទុន។
ខ-ការខ្ចីទ្រព្យ ឬការធានា។
គ-ការធ្វើសកម្មភាពដែលមានគោលបំណងទទួលបាន ឬធ្វើឱ្យបាត់បង់សិទ្ធិ ដែលទាក់ទងនឹងអចលនវត្ថុ ឬទ្រព្យសម្បត្តិដែលមានសារៈសំខាន់ផ្សេងទៀត។
ឃ-ការធ្វើសកម្មភាពបណ្ដឹង។
ង-ការធ្វើប្រទានកម្ម ឬធ្វើកិច្ចសន្យាស្រុះស្រួល ឬកិច្ចសន្យាមជ្ឈត្តកម្ម។
ច-ការទទួលស្គាល់នូវសន្តតិកម្ម ឬការបោះបង់ចោលនូវសិទ្ធិសន្តតិកម្ម ឬការ បែងចែកនូវមត៌ក។
ឆ-ការប្រកែកមិនទទួលប្រទានកម្ម ឬអច្ច័យទាន ឬការយល់ព្រមទទួលនូវប្រទានកម្មឬអច្ច័យទានដែលភ្ជាប់នឹងបន្នក។
ជ-ការសាងសង់សំណង់ថ្មី ការសង់ឡើងវិញ ការសង់បន្ថែម ឬការជួសជុលធំ។
ឈ-ការធ្វើភតិសន្យា ដែលមានអំឡុងពេលលើសពី ៣ (បី) ឆ្នាំ ចំពោះដីធ្លី លើសពី ២ (ពីរ) ឆ្នាំ ចំពោះអាគារ លើសពី ៦ (ប្រាំមួយ) ខែ ចំពោះចលនវត្ថុ។
ញ-សកម្មភាពដែលតុលាការ បានប្រកាសជាពិសេសថា ចាំបាច់ត្រូវមានការ យល់ព្រមពីហិតូបត្ថម្ភកៈ តាមពាក្យសុំរបស់ជនដែលបានរៀបរាប់នៅក្នុងមាត្រា ២៨ (ការ ប្រកាសការចាប់ផ្តើមហិតូបត្ថម្ភ) នៃក្រមនេះ ឬហិតូបត្ថម្ភកៈ ឬអ្នកត្រួតពិនិត្យ ហិតូបត្ថម្ភកៈ។
មាត្រា ៣១. ការលុបចោលការប្រកាសចាប់ផ្តើមហិតូបត្ថម្ភ
បើមូលហេតុដែល បានកំណត់នៅក្នុងមាត្រា ២៨ (ការប្រកាសការចាប់ផ្តើម ហិតូបត្ថម្ភ) នៃក្រមនេះបានរលាយ តុលាការត្រូវលុបចោលនូវការប្រកាសចាប់ផ្តើម ហិតូបត្ថម្ភ តាមពាក្យសុំរបស់សាមីខ្លួន សហព័ទ្ធ ញាតិដែលស្ថិតនៅក្នុង ៤ (បួន) ថ្នាក់ អ្នកអាណាព្យាបាលសម្រាប់អនីតិជន អ្នកត្រួតពិនិត្យអ្នកអាណាព្យាបាលសម្រាប់អនីតិជនហិតូបត្ថម្ភកៈ អ្នកត្រួតពិនិត្យហិតូបត្ថម្ភកៈ មេឃុំ ឬចៅសង្កាត់នៃលំនៅឋានរបស់ជននោះ ឬតំណាងអយ្យការ។
កថាភាគទី ៤៖ ការការពារភាគីម្ខាងទៀតនៃជនដែលត្រូវបានកម្រិតសមត្ថភាព
មាត្រា ៣២. សិទ្ធិដាស់តឿន
១-ភាគីម្ខាងទៀតនៃជន ដែលត្រូវបានកម្រិតសមត្ថភាពអាចដាស់តឿនឱ្យជននោះឆ្លើយថាផ្តល់ឬមិនផ្តល់សច្ចានុមតិ លើសកម្មភាពដែលជននោះអាចលុបចោលបានក្នុងអំឡុងពេលលើសពី ១ (មួយ) ខែ ក្រោយពេលជននោះបានក្លាយជាសមត្ថជនវិញ។ ប្រសិនបើជនដែលត្រូវបានកម្រិតសមត្ថភាពដែលបានក្លាយជាសមត្ថជនវិញនោះ មិនឆ្លើយតបក្នុងអំឡុងពេលដែលបានកំណត់ទេត្រូវចាត់ទុកថា ជននោះផ្តល់សច្ចានុមតិលើ សកម្មភាពនោះ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តផងដែរចំពោះករណីដែលភាគីម្ខាងទៀត បានដាស់តឿនដូចដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើ ទៅអ្នកមានសិទ្ធិអំណាចមេបា អ្នកអាណាព្យាបាល ឬហិតូបត្ថម្ភកៈ អំពីសកម្មភាពដែលស្ថិតនៅក្នុងទំហំនៃសិទ្ធិរបស់ខ្លួន នៅពេលដែលជនដែលត្រូវបានកម្រិតសមត្ថភាពមិនទាន់ក្លាយជាសមត្ថជនតែអ្នកមានសិទ្ធិអំណាចមេបាអ្នកអាណាព្យាបាល ឬ ហិតូបត្ថម្ភកៈ មិនឆ្លើយតបក្នុងអំឡុងពេលដែលបានកំណត់ទេ។
៣-ភាគីម្ខាងទៀតអាចដាស់តឿនឱ្យ ជននៅក្រោមហិតូបត្ថម្ភទទួលយកសច្ចានុមតិពីហិតូបត្ថម្ភកៈ ក្នុងអំឡុងពេលដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ។ ប្រសិនបើជននៅក្រោមហិតូបត្ថម្ភ មិនបានជូនដំណឹងថា ខ្លួនបានទទួលសច្ចានុមតិក្នុងអំឡុងពេលនោះទេត្រូវចាត់ទុកថា ជននោះបានលុបចោលសកម្មភាពនោះ។
មាត្រា ៣៣. ការឆបោករបស់ជនដែលត្រូវបានកម្រិតសមត្ថភាព
ប្រសិនបើជនដែលត្រូវបានកម្រិតសមត្ថភាព បានប្រើប្រាស់មធ្យោបាយឆបោកដើម្បីឱ្យគេជឿជាក់ថាខ្លួនជាសមត្ថជនជននោះមិនអាចលុបចោលសកម្មភាពបានទេ។
ផ្នែកទី ៥៖លំនៅឋាន
មាត្រា ៣៤. អត្ថន័យនៃលំនៅឋាន
កន្លែងដែលជាទីតាំងនៃជីវភាពរស់នៅរបស់បុគ្គលម្នាក់ៗ ត្រូវយកធ្វើជាលំនៅឋាន។
មាត្រា ៣៥. ទីសំណាក់
ក្នុងករណីដែលកន្លែងដែលជាទីតាំងនៃជីវភាពរស់នៅមិនច្បាស់លាស់ទេ ទីសំណាក់ ត្រូវបានចាត់ទុកថាជាលំនៅឋាន។
មាត្រា ៣៦. ករណីដែលគ្មានលំនៅឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា
ចំពោះបុគ្គលដែលគ្មានលំនៅឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ ទោះបីជាបុគ្គលនោះជាជនជាតិខ្មែរក៏ដោយ ជាជនជាតិបរទេសក៏ដោយទីសំណាក់របស់បុគ្គល នោះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានចាត់ទុកថាជាលំនៅឋាន។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវអនុវត្តឡើយ ចំពោះករណីដែលច្បាប់នៃលំនៅឋានត្រូវបានយកមកអនុវត្ត។
ផ្នែកទី ៦៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់បុគ្គលដែលអវត្តមាន និង ការប្រកាសអំពីការបាត់ខ្លួន
កថាភាគទី ១៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់បុគ្គលដែលអវត្តមាន
មាត្រា ៣៧. ការជ្រើសតាំងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិដោយតុលាការ
ក្នុងករណីដែលបុគ្គលណាម្នាក់ដែលបានចេញពីលំនៅឋាន ឬទីសំណាក់ហើយដែលគ្មានលទ្ធភាព នឹងត្រឡប់មកវិញដោយងាយស្រួលនោះមិនបានចាត់តាំងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួនទេ តុលាការអាចជ្រើសតាំងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ឬបង្គាប់ចាត់ចែងជាចាំបាច់ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិនោះ បានតាមពាក្យសុំរបស់បុគ្គលដែលមានទំនាក់ទំនងនឹងផលប្រយោជន៍មេឃុំ ឬចៅសង្កាត់ដែលលំនៅឋានជននោះស្ថិតនៅ ឬតំណាងអយ្យការ ។ បញ្ញត្តិនេះត្រូវយកមកអនុវត្តផងដែរ ចំពោះករណីដែលសិទ្ធិរបស់ អ្នកគ្រប់គ្រងត្រូវបានរលត់នៅក្នុងរយៈពេលដែលសាមីខ្លួនអវត្តមាន ។
មាត្រា ៣៨. ការលុបចោលការបង្គាប់ឱ្យគ្រប់គ្រងទ្រព្យសម្បត្តិ
ក្នុងករណីដែលបានកំណត់នៅក្នុងមាត្រា ៣៧ (ការជ្រើសតាំងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិដោយតុលាការ) នៃក្រមនេះប្រសិនបើក្រោយមក បុគ្គលដែលអវត្តមានបានចាត់តាំងអ្នកគ្រប់គ្រងតុលាការអាចលុបចោលនូវការបង្គាប់ តាមពាក្យសុំរបស់អ្នកគ្រប់គ្រងអ្នកដែលមានផលប្រយោជន៍ មេឃុំ ឬចៅសង្កាត់ដែលលំនៅឋានជននោះស្ថិតនៅ ឬតំណាងអយ្យការ។
មាត្រា ៣៩. ការផ្លាស់ប្តូរអ្នកគ្រប់គ្រង
ក្នុងករណីដែលបុគ្គលអវត្តមានបានចាត់តាំងអ្នកគ្រប់គ្រង ប្រសិនបើពុំមានដំណឹង ច្បាស់លាស់ថាអ្នកអវត្តមាននោះនៅរស់ ឬទទួលមរណភាពទេតុលាការអាចផ្លាស់ប្តូរ អ្នកគ្រប់គ្រងបានតាមពាក្យសុំរបស់អ្នកដែលមានផលប្រយោជន៍ មេឃុំ ឬចៅសង្កាត់ដែលលំនៅឋានជននោះស្ថិតនៅ ឬតំណាងអយ្យការ។
មាត្រា ៤០. សិទ្ធិរបស់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ជាអាទិ៍
១-អ្នកគ្រប់គ្រងដែលបានជ្រើសតាំងមានសិទ្ធិធ្វើសកម្មភាព ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ មាត្រា ៣៦៦ (ទំហំនៃសិទ្ធិតំណាង) នៃក្រមនេះ។ ប្រសិនបើចាំបាច់ ត្រូវធ្វើសកម្មភាពផ្សេងទៀត អ្នកគ្រប់គ្រងនោះអាចធ្វើបាន ដោយទទួលការអនុញ្ញាតពីតុលាការ។
២-ក្នុងករណីដែលពុំមានដំណឹងច្បាស់លាស់ថា បុគ្គលអវត្តមាននៅរស់ ឬទទួលមរណភាពទេ ហើយអ្នកគ្រប់គ្រងរបស់បុគ្គលអវត្តមាននោះចាំបាច់ត្រូវធ្វើសកម្មភាពដែលហួសសិទ្ធិដែលបុគ្គលអវត្តមានបានកំណត់ អ្នកគ្រប់គ្រងនោះអាចធ្វើបានដោយទទួលការអនុញ្ញាតពីតុលាការ។
៣-បើយល់ឃើញថា សមរម្យក្នុងការផ្តល់កម្រៃដល់អ្នកគ្រប់គ្រងដោយគិតពិចារណានូវទំនាក់ទំនងរវាងអ្នកអវត្តមាន និងអ្នកគ្រប់គ្រង និងស្ថានភាពផ្សេងទៀតតុលាការអាចផ្ដល់កម្រៃចំនួនសមរម្យដល់អ្នកគ្រប់គ្រង ដោយយកពីទ្រព្យសម្បត្តិរបស់អ្នកអវត្តមានបាន។
កថាភាគទី ២៖ ការប្រកាសអំពីការបាត់ខ្លួន
មាត្រា ៤១. ល័ក្ខខ័ណ្ឌម្បីធ្វើការប្រកាសអំពីការបាត់ខ្លួន
១-ប្រសិនបើពុំមានដំណឹងច្បាស់លាស់ថា អ្នកអវត្តមាននៅរស់ ឬទទួលមរណភាពក្នុងអំឡុងពេល ៥ (ប្រាំ) ឆ្នាំ តុលាការអាចប្រកាសបានថាបុគ្គលនោះបានបាត់ខ្លួនតាមពាក្យសុំរបស់សហព័ទ្ធ អ្នកដែលត្រូវ បានសន្មតថាជាសន្តតិជន អច្ច័យលាភី អ្នកទទួលប្រាក់ធានារ៉ាប់រង អ្នកមានសិទ្ធិអំណាចមេបា អ្នកអាណាព្យាបាល ឪពុកម្តាយ ឬអ្នកផ្សេងទៀតដែលមានផលប្រយោជន៍សំខាន់តាមផ្លូវច្បាប់ក្នុងការប្រកាសអំពីការ បាត់ខ្លួន។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះត្រូវយកមកអនុវត្តផងដែរ ចំពោះករណីបុគ្គលដែលចូលទៅតំបន់ដែលមានសង្គ្រាម បុគ្គលដែលមានវត្តមាននៅក្នុងនាវាដែលបានលិច ឬបុគ្គលដែលបានជួបប្រទះនឹងគ្រោះថ្នាក់ផ្សេងទៀតដែលអាចនាំឱ្យទទួលមរណភាព ហើយពុំមានដំណឹងច្បាស់លាស់ថា អ្នកអវត្តមាននៅរស់ ឬទទួលមរណភាពក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ ក្រោយពីចប់សង្គ្រាមក្រោយពីនាវាបានលិច ឬក្រោយពីគ្រោះថ្នាក់ផ្សេងទៀតនោះបានកន្លងផុតទៅ។
មាត្រា ៤២. ការដាស់តឿនជាសាធារណៈ
ការប្រកាសអំពីការបាត់ខ្លួនត្រូវធ្វើឡើង ដោយឆ្លងកាត់ទៅតាមនីតិវិធីនៃការដាស់ តឿនជាសាធារណៈ។
មាត្រា ៤៣. អានុភាពនៃការប្រកាសអំពីការ បាត់ខ្លួន
ក្នុងករណីដែលការបាត់ខ្លួនត្រូវបានប្រកាសតាមបញ្ញត្តិនៃកថាខណ្ឌទី ១ នៃមាត្រា ៤១ (ល័ក្ខខ័ណ្ដើម្បីធ្វើការប្រកាសអំពីការបាត់ខ្លួន) នៃក្រមនេះ បន្ទាប់ពីពេលដែលអំឡុងពេលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នោះបានកន្លងផុត និងក្នុងករណីដែលការបាត់ខ្លួនត្រូវបានប្រកាសតាមបញ្ញត្តិនៃកថាខណ្ឌទី ២ នៃមាត្រាដដែលបន្ទាប់ពីពេលដែលគ្រោះថ្នាក់បានកន្លងផុតទៅអ្នកបាត់ខ្លួនត្រូវបានចាត់ទុកថា បានទទួលមរណភាព។ បញ្ញត្តិ នេះត្រូវយកមកអនុវត្ត ចំពោះតែទំនាក់ទំនងគតិយុត្តជុំវិញលំនៅឋាន ឬទីសំណាក់កន្លងមករហូតដល់ពេលនោះ។
មាត្រា ៤៤. ការចាត់ចែងពេលបុគ្គលដែលបាត់ខ្លួនត្រឡប់មកវិញ
១-ប្រសិនបើមានការបញ្ជាក់ថា បុគ្គលដែលបាត់ខ្លួននៅរស់ ឬមានការបញ្ជាក់ថា ទទួលមរណភាពនៅពេលខុសពីពេលដែលបានកំណត់នៅក្នុងមាត្រា ៤៣ (អានុភាពនៃការប្រកាសអំពីការបាត់ខ្លួន) ខាងលើនេះ តុលាការត្រូវលុបចោលការប្រកាសអំពីការបាត់ខ្លួន តាមពាក្យសុំរបស់សាមីខ្លួន ឬបុគ្គលដែលមានផលប្រយោជន៍។
២-បុគ្គលដែលបានទទួលទ្រព្យសម្បត្តិដោយចំពោះដោយសារអានុភាពនៃការប្រកាសអំពីការបាត់ខ្លួន ត្រូវបាត់បង់សិទ្ធិដោយសារការលុបចោលនូវការប្រកាសអំពីការបាត់ខ្លួននោះ។ ប៉ុន្តែ បុគ្គលដែលមិនបានដឹងថា ការប្រកាសបាត់ខ្លួននោះផ្ទុយពីការពិតនៅពេលដែលខ្លួនបានទទួលទ្រព្យសម្បត្តិនោះត្រូវមានករណីយកិច្ចសងត្រឹមតែ កម្រិតនៃផលប្រយោជន៍ដែលខ្លួននៅតែទទួលផលប្រយោជន៍តែប៉ុណ្ណោះ។
៣-អានុភាពនៃសកម្មភាពដែលបានធ្វើឡើង ដោយទុកចិត្តលើការប្រកាសអំពីការបាត់ខ្លួន នៅក្រោយការប្រកាសអំពីការបាត់ខ្លួន ប៉ុន្តែមុនពេលលុបចោលការប្រកាសអំពីការបាត់ខ្លួននោះពុំទទួលឥទ្ធិពល ដោយសារការលុបចោលការប្រកាសអំពីការបាត់ខ្លួនឡើយ។
៤-ក្នុងករណីដែលការប្រកាសអំពីការបាត់ខ្លួន ត្រូវបានលុបចោលក្រោយពេលសហព័ទ្ធរបស់បុគ្គលដែលត្រូវបានប្រកាសអំពីការបាត់ខ្លួននោះបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកផ្សេងហើយអាពាហ៍ពិពាហ៍មុនត្រូវរលាយដោយសារអាពាហ៍ពិពាហ៍ក្រោយនោះ។
ផ្នែកទី ៧៖ការចាត់ទុកថាបានទទួលមរណភាពព្រមពេលជាមួយគ្នា
មាត្រា ៤៥. ការចាត់ទុកថាបានទទួលមរណភាពព្រមពេលជាមួយគ្នា
ក្នុងចំណោមបុគ្គលដែលបានទទួលមរណភាពជាច្រើននាក់រសិនបើមិនច្បាស់លាស់ថា មានបុគ្គលណាម្នាក់នៅរស់ក្រោយពេលបុគ្គលផ្សេងទៀត បានទទួលមរណភាព ទេបុគ្គលទាំងនោះត្រូវបានចាត់ទុកថា បានទទួលមរណភាពព្រមពេលជាមួយគ្នា។
- ត្រឡប់ទៅមាតិកា
- គន្ថីទី១៖ បទប្បញ្ញត្តិទូទៅ
- គន្ថីទី២. ជំពូកទី២៖ នីតិបុគ្គល