ក្រមរដ្ឋប្បវេណី

គន្ថីទី៦ ការធានាកាតព្វកិច្ច

ជំពូកទី ៣៖ ឯកសិទ្ធិ

មាតិកា

ផ្នែកទី ១ បទប្បញ្ញត្តិទូទៅ

មាត្រា ៧៨១. អត្ថន័យនៃឯកសិទ្ធិ

១-ម្ចាស់បំណុលដែលមានឯកសិទ្ធិ អាចទទួលការសងពីទ្រព្យដែលជាកម្មវត្ថុនៃឯកសិទ្ធិ ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀត បាន ។

២-ឯកសិទ្ធិដែលម្ចាស់បំណុលមានលើទ្រព្យទាំងអស់របស់កូនបំណុលត្រូវហៅថា ជាឯកសិទ្ធិទូទៅ ។

៣-ឯកសិទ្ធិដែលម្ចាស់បំណុលមានលើទ្រព្យរបស់កូនបំណុល ដែលកំណត់ជាក់លាក់ ត្រូវហៅថាជាឯកសិទ្ធិពិសេស ។   ក្នុងករណីនេះ ឯកសិទ្ធិដែលម្ចាស់បំណុលមានលើចលនវត្ថុ ដែលកំណត់ជាក់លាក់ត្រូវហៅថាជាឯកសិទ្ធិលើចលនវត្ថុ វីឯឯកសិទ្ធិដែលម្ចាស់បំណុលមានលើអចលនវត្ថុដែលកំណត់ជាក់លាក់ ត្រូវហៅថាជាឯកសិទ្ធិលើអចលនវត្ថុ ។

មាត្រា ៧៨២. ឧបាទេសកម្មលើវត្ថុ

១-ឯកសិទ្ធិអាចអនុវត្តបានចំពោះប្រាក់ ឬវត្ថុផ្សេងទៀតដែលកូនបំណុលត្រូវទទួល ដោយការលក់ ការជួល ការ បាត់បង់ ឬការខូចខាតនូវវត្ថុដែលជាកម្មវត្ថុ ។   ប៉ុន្តែ អ្នកមានឯកសិទ្ធិពុំអាចអនុវត្តឯកសិទ្ធិរបស់ខ្លួនបានឡើយ នៅក្រោយពេលដែលប្រាក់ត្រូវបានបង់ ឬវត្ថុផ្សេងត្រូវបានប្រគល់ ទៅឱ្យកូនបំណុល ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះតម្លៃថ្នូរនឹងសិទ្ធិប្រត្យក្សដែលបង្កើតឡើង ដោយកូនបំណុលលើវត្ថុដែលជាកម្មវត្ថុនៃឯកសិទ្ធិ ។

ផ្នែកទី ២ ឯកសិទ្ធិទូទៅ

មាត្រា ៧៨៣. អត្ថន័យនៃឯកសិទ្ធិទូទៅ

បុគ្គលដែលមានសិទ្ធិលើបំណុលដែលកើតឡើងដោយសារមូលហេតុណាមួយដូចខាង

ក្រោមនេះ មានឯកសិទ្ធិលើទ្រព្យទាំងអស់ របស់កូនបំណុល:

ក-សោហ៊ុយចំណាយសម្រាប់ប្រយោជន៍រួម ។

ខ-សិទ្ធិលើបំណុលរបស់កម្មករនិយោជិត ។

គ-សោហ៊ុយសម្រាប់បុណ្យសព ។

ឃ-ការផ្តល់នូវវត្ថុសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ។

មាត្រា ៧៨៤. ឯកសិទ្ធិចំពោះសោហ៊ុយចំណាយសម្រាប់ប្រយោជន៍រួម

១-ឯកសិទ្ធិចំពោះសោហ៊ុយចំណាយសម្រាប់ប្រយោជន៍រួមមាន     អត្ថិភាពចំពោះសោ

ហ៊ុយចំណាយដើម្បីថែរក្សាទ្រព្យ ឬជម្រះបញ្ជី ឬចែកចំណែកទ្រព្យដែលបានចេញសម្រាប់ប្រយោជន៍រួមរបស់ម្ចាស់បំណុលនីមួយៗ ។

២-ក្នុងចំណោមសោហ៊ុយចំណាយដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើ នេះ ចំពោះសោហ៊ុយចំណាយដែលមានប្រយោជន៍ដល់ម្ចាស់បំណុលតែមួយចំនួនឯកសិទ្ធិ ចំពោះសោហ៊ុយចំណាយនោះមានអត្ថិភាពចំពោះតែម្ចាស់បំណុល    ដែលបានទទួលប្រយោជន៍ពីសោហ៊ុយចំណាយនោះតែប៉ុណ្ណោះ ។

មាត្រា ៧៨៥. ឯកសិទ្ធិចំពោះសិទ្ធិលើបំណុលរបស់កម្មករនិយោជិត

ឯកសិទ្ធិចំពោះសិទ្ធិលើបំណុលរបស់កម្មករនិយោជិតមានអត្ថិភាពចំពោះសិទ្ធិលើបំណុ

លទាំងអស់ដែលកម្មករនិយោជិតត្រូវទទួលពីនិយោជកដោយផ្អែកលើកិច្ចសន្យាការងារ ។

មាត្រា ៧៨៦. ឯកសិទ្ធិចំពោះសោហ៊ុយសម្រាប់បុណ្យសព

១-ឯកសិទ្ធិចំពោះសោហ៊ុយសម្រាប់បុណ្យសព មានអត្ថិភាពចំពោះសោហ៊ុយសម្រាប់ បុណ្យសពដែលបានធ្វើឡើង ទៅតាមឋានៈរបស់កូនបំណុលដែលបានទទួលមរណភាព ។

២-ក្នុងករណីដែលញាតិរបស់កូនបំណុលដែលមានអាហារកិច្ច បានទទួលមរណភាព ឯកសិទ្ធិដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ក៏មានអត្ថិភាពចំពោះសោហ៊ុយសម្រាប់បុណ្យសពដែលកូនបំណុលបានធ្វើឡើង ទៅតាមឋានៈរបស់ញាតិនោះ ដែរ ។

មាត្រា ៧៨៧. ឯកសិទ្ធិចំពោះការផ្តល់នូវវត្ថុសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ

ឯកសិទ្ធិចំពោះការផ្តល់នូវវត្ថុប្រើប្រាស់ប្រចាំថ្ងៃ     មានអត្ថិភាពចំពោះការផ្តល់ចំណីអា

ហារ និងវត្ថុប្រើប្រាស់ផ្សេងៗរៀងរាល់ថ្ងៃ ក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែចុងក្រោយដែលចាំបាច់សម្រាប់ជីវភាពរបស់កូនបំណុលឬញាតិដែលរស់នៅជាមួយកូនបំណុល ហើយដែលកូនបំណុលនោះមានអាហារកិច្ច និងអ្នកបម្រើ ។

ផ្នែកទី ៣ ឯកសិទ្ធិលើចលនវត្ថុ

មាត្រា ៧៨៨. អត្ថន័យនៃឯកសិទ្ធិលើចលនវត្ថុ

បុគ្គលដែលមានសិទ្ធិលើបំណុល ដែលកើតឡើងដោយមូលហេតុណាមួយដូចខាង ក្រោមនេះមានឯកសិទ្ធិលើចលនវត្ថជាក់លាក់ដែលបានកំណត់ជាក់លាក់របស់កូនបំណុលះ

ក-ការជួលអចលនវត្ថុ ។

ខ-ការដឹកជញ្ជូនអ្នកដំណើរ ឬទំនិញ ។

គ-ការរក្សាទុកចលនវត្ថុ ។

ឃ-ការលក់ចលនវត្ថុ ។

ង-ការផ្តល់គ្រាប់ពូជ កូនរុក្ខជាតិ ឬជី និង ពូជ កូនសត្វ ឬចំណីសត្វ ។

មាត្រា ៧៨៩. ឯកសិទ្ធិចំពោះការជួលអចលនវត្ថុ

ឯកសិទ្ធិចំពោះការជួលអចលនវត្ថុ មានអត្ថិភាពលើចលនវត្ថុរបស់ភតិកៈចំពោះ ថ្ងៃឈ្នួលអចលនវត្ថុ និងកាតព្វកិច្ចផ្សេងទៀតរបស់ភតិកៈដែលកើតឡើងដោយទំនាក់ទំនងនៃការជួលអចលនវត្ថុនោះ ។

មាត្រា ៧៩០. ទំហំនៃវត្ថុដែលជាកម្មវត្ថុនៃឯកសិទ្ធិចំពោះការជួលអចលនវត្ថុ ក្នុងករណីធម្មតា

១-ឯកសិទ្ធិរបស់ភតិបតីនៃដីមានអត្ថិភាពទៅលើចលនវត្ថុដែលបានបំពាក់លើដី ជួល ឬនៅនឹងអាគារសម្រាប់ប្រើដីជួលនោះ ចលនវត្ថុដែលបានផ្តល់ប្រយោជន៍សម្រាប់ប្រើដីនោះ និងផលនៃដីនោះដែលស្ថិតនៅក្រោមការកាន់កាប់របស់ភតិកៈ ។

២-ឯកសិទ្ធិរបស់ភតិបតីនៃអាគារមានអត្ថិភាពលើចលនវត្ថុ ដែលភតិកៈបានបំពាក់នៅនឹងអាគារនោះ ។

មាត្រា ៧៩១. ទំហំនៃវត្ថុដែលជាកម្មវត្ថុនៃឯកសិទ្ធិចំពោះការជួលអចលនវត្ថុ ក្នុងករណី

អនុប្បទាននូវសិទ្ធិជួល ឬជួលបន្តក្នុងករណីអនុប្បទាននូវសិទ្ធិជួល ឬជួលបន្តឯកសិទ្ធិរបស់ភតិបតី មានអានុភាព លើចលនវត្ថុរបស់អនុប្បទានិក ឬភតិកៈបន្ត ។  បញ្ញត្តិនេះត្រូវយកមកអនុវត្តផងដែរចំពោះប្រាក់ដែលអនុប្បទានិក ឬភតិកៈបន្តនោះទទួល។             

មាត្រា ៧៩២. ទំហំនៃអានុភាពនៃឯកសិទ្ធិចំពោះការជួលអចលនវត្ថុ

ក្នុងករណីជម្រះបញ្ជីទ្រព្យសរុបទាំងអស់របស់ភតិកៈឯកសិទ្ធិរបស់ភតិបតីមានអត្ថិភាព

លើថ្លៃជួល និងកាតព្វកិច្ចផ្សេងទៀតក្នុងគ្រាមុន គ្រាបច្ចុប្បន្ន និងគ្រាបន្ទាប់ និងសំណងនៃការខូចខាតដែលបានកើតមានឡើងក្នុងគ្រាមុន និងគ្រាបច្ចុប្បន្ន ។

មាត្រា ៧៩៣. ឯកសិទ្ធិក្នុងការជួលអចលនវត្ថុ ក្នុងករណីដែលមានប្រាក់កក់ដើម្បីធានា

 ក្នុងករណីដែលភតិបតី បានទទួលប្រាក់កក់ដើម្បីធានា ភតិបតីនោះមានឯកសិទ្ធិត្រឹមតែចំពោះផ្នែកនៃសិទ្ធិលើបំណុល ដែលមិនអាចទទួលការសងដោយបាក់កក់ដើម្បី ធានានោះតែប៉ុណ្ណោះ ។

មាត្រា ៧៩៤. ឯកសិទ្ធិចំពោះការ ដឹកជញ្ជូន

ឯកសិទ្ធិចំពោះការដឹកជញ្ជូន មានអត្ថិភាពលើវត្ថុដែលអ្នកដឹកជញ្ជូនកាន់កាប់ចំពោះថ្ងៃដឹកជញ្ជូនអ្នកដំណើរ ឬវត្ថុ និងថ្ងៃសោហ៊ុយផ្សេងៗដែលទាក់ទងនឹងការដឹកជញ្ជូន ។

មាត្រា ៧៩៥. លទ្ធកម្មដោយសុចរិត

បញ្ញត្តិនៃមាត្រា ១៩៣ (លទ្ធកម្មដោយសុចរិតនូវកម្មសិទ្ធិលើចលនវត្ថុ) នៃក្រមនេះ ស្តីពីលទ្ធកម្មដោយសុចរិត ត្រូវយកមកអនុវត្តដូចគ្នាផងដែរចំពោះឯកសិទ្ធិដែលបានកំណត់ពីមាត្រា ៧៨៩ (ឯកសិទ្ធិចំពោះការជួលអចលនវត្ថុ) ដល់មាត្រា ៧៩៤ (ឯកសិទ្ធិចំពោះការដឹកជញ្ជូន) នៃក្រមនេះ ។

មាត្រា ៧៩៦. ឯកសិទ្ធិចំពោះការរក្សាទុកចលនវត្ថុ

១-ឯកសិទ្ធិចំពោះការរក្សាទុកចលនវត្ថុ មានអត្ថិភាពលើចលនវត្ថុដែលត្រូវបានរក្សាទុក ចំពោះសោហ៊ុយសម្រាប់រក្សាទុកចលនវត្ថុនោះ ។

២-ឯកសិទ្ធិដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ មានអត្ថិភាពផងដែរ ចំពោះសោហ៊ុយចាំ បាច់ដែលបានចេញដើម្បីឱ្យរក្សាផ្តល់សច្ចានុមតិ ឬអនុវត្តសិទ្ធិដែលទាក់ទងនឹងចលនវត្ថុនោះ ។

មាត្រា ៧៩៧. ឯកសិទ្ធិចំពោះការលក់ចលនវត្ថុ

ឯកសិទ្ធិចំពោះការលក់ចលនវត្ថុមានអត្ថិភាពលើចលនវត្ថុនោះចំពោះប្រាក់ថ្លៃលក់ចលនវត្ថុនោះ និងការប្រាក់ ។

មាត្រា ៧៩៨. ឯកសិទ្ធិចំពោះការផ្តល់គ្រាប់ពូជ កូនរុក្ខជាតិ ឬជី និង ពូជ កូនសត្វ ឬចំណីសត្វ

១-ឯកសិទ្ធិចំពោះការផ្តល់គ្រាប់ពូជ កូនរុក្ខជាតិ ឬជី មានអត្ថិភាពលើផលដែលបានមកពីដី ក្នុង ១ (មួយ) ឆ្នាំ បន្ទាប់ពីបានប្រើគ្រាប់ពូជ កូនរុក្ខជាតិ ឬជីនោះចំពោះ ថ្ងៃគ្រាប់ពូជ កូនរុក្ខជាតិ ឬ ជី និងការប្រាក់ ។

២-ឯកសិទ្ធិចំពោះការផ្តល់ពូជកូនសត្វ ឬចំណីសត្វ មានអត្ថិភាពលើសត្វ និងផលដែលបានមកពីសត្វនោះក្នុង ១ (មួយ) ឆ្នាំ បន្ទាប់ពី បានប្រើសត្វ និងចំណីដើម្បីចិញ្ចឹមសត្វនោះ ចំពោះថ្ងៃពូជ កូនសត្វ និងចំណីនោះ និងការប្រាក់ ។

៣-ឯកសិទ្ធិដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ ខាងលើនេះ ក៏មានអត្ថិភាពលើ ផលដែលបានមកពីពូជដង្កូវនាង ឬស្លឹកមន ចំពោះថ្លៃពូជដង្កូវនាង ឬស្លឹកមនដើម្បីចិញ្ចឹមដង្កូវនាងនោះផងដែរ ។

ផ្នែកទី ៤ ឯកសិទ្ធិលើអចលនវត្ថុ

មាត្រា ៧៩៩. ឯកសិទ្ធិលើអចលនវត្ថុ

បុគ្គលដែលមានសិទ្ធិលើបំណុល ដែលកើតឡើងដោយសារមូលហេតុណាមួយដូច ខាងក្រោមនេះ មានឯកសិទ្ធិលើអចលនវត្ថុដែលបានកំណត់ជាក់លាក់របស់កូនបំណុល

ក-ការរក្សាទុកនូវអចលនវត្ថុ ។

ខ-ការងារលើអចលនវត្ថុ ។

គ-ការលក់អចលនវត្ថុ ។

មាត្រា ៨00. ឯកសិទ្ធិចំពោះការរក្សាទុកនូវអចលនវត្ថុ

១-ឯកសិទ្ធិចំពោះការរក្សាទុកនូវអចលនវត្ថុមានអត្ថិភាពលើអចលនវត្ថុចំពោះសោហ៊ុ

យរក្សាទុកអចលនវត្ថុនោះ ។

២-ឯកសិទ្ធិដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ក៏មានអត្ថិភាពផងដែរ ចំពោះសោហ៊ុយចាំបាច់ដែលបានចេញដើម្បីឱ្យរក្សា ផ្តល់សច្ចានុមតិ ឬអនុវត្តសិទ្ធដែលទាក់ទងនឹងអចលនវត្ថុនោះ ។

មាត្រា ៨០១. ឯកសិទ្ធិចំពោះការងារលើអចលនវត្ថុ

១-ឯកសិទ្ធិចំពោះការងារលើអចលនវត្ថុ មានអត្ថិភាពលើអចលនវត្ថុរបស់កូនបំណុល ចំពោះសោហ៊ុយចំណាយសម្រាប់ការងារ ដែលបានធ្វើលើអចលនវត្ថុនោះដោយ សិប្បករអ្នកបច្ចេកទេស និងអ្នកម៉ៅការ ។

២-ឯកសិទ្ធិដែលបានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ មានអត្ថិភាពចំពោះតែចំនួនបាក់កំណើនតម្លៃក្នុងករណីដែលកំណើនតម្លៃអចលនវត្ថុដោយការងារ នោះនៅតែមានប៉ុណ្ណោះ ។

មាត្រា ៨០២. ឯកសិទ្ធិចំពោះការលក់អចលនវត្ថុ

ឯកសិទ្ធិចំពោះការលក់អចលនវត្ថុមានអត្ថិភាពលើអចលនវត្ថុ ចំពោះប្រាក់ថ្ងៃលក់អចលនវត្ថុនោះ និងការប្រាក់ ។

ផ្នែកទី ៥ លំដាប់នៃឯកសិទ្ធិ

មាត្រា ៨០៣. លំដាប់នៃឯកសិទ្ធិទូទៅ

១-ក្នុងករណីដែលឯកសិទ្ធិទូទៅប្រជែងគ្នា លំដាប់នៃឯកសិទ្ធិទាំងនោះត្រូវអនុលោម តាមលំដាប់ដែលបានកំណត់នៅក្នុងមាត្រា ៧៨៣ (អត្ថន័យនៃឯកសិទ្ធិទូទៅ) នៃក្រមនេះ ។

២-ប្រសិនបើឯកសិទ្ធិទូទៅប្រជែងគ្នានឹងឯកសិទ្ធិពិសេស ឯកសិទ្ធិពិសេសត្រូវមាន អាទិភាពជាងឯកសិទ្ធិទូទៅ ។    ប៉ុន្តែ ឯកសិទ្ធិចំពោះសោហ៊ុយចំណាយសម្រាប់ប្រយោជន៍រួមវិញ មានអាទិភាពចំពោះម្ចាស់បំណុលទាំងឡាយដែល បានទទួលប្រយោជន៍នោះ ។

មាត្រា ៨០៤. លំដាប់នៃឯកសិទ្ធិលើចលនវត្ថុ

១-ក្នុងករណីដែលមានឯកសិទ្ធិពិសេសប្រជែងគ្នាចំពោះចលនវត្ថុតែមួយ លំដាប់នៃឯកសិទ្ធិទាំងនោះត្រូវអនុលោមតាមលំដាប់ដូចខាងក្រោមនេះ :

ទី ១: ឯកសិទ្ធិចំពោះការជួលអចលនវត្ថុ និង ចំពោះការដឹកជញ្ជូន ។

ទី ២: ឯកសិទ្ធិចំពោះការរក្សាទុកនូវចលនវត្ថុ ប៉ុន្តែប្រសិនបើមានអ្នករក្សាច្រើននាក់ អ្នកដែលរក្រោយ មានអាទិភាពជាងអ្នករក្សាមុន ។

ទី ៣ ឯកសិទ្ធិចំពោះការលក់ចលនវត្ថុ ឯកសិទ្ធិចំពោះការផ្តល់គ្រាប់ពូជ កូន រុក្ខជាតិ ឬជី និង ពូជ កូនសត្វ ឬចំណីសត្វ ។

២-ប្រសិនបើម្ចាស់ឯកសិទ្ធិដែលមានអាទិភាពក្នុងលំដាប់ទី ១ បានដឹងថា មានម្ចាស់ឯកសិទ្ធិដែលមានអាទិភាពក្នុងលំដាប់ទី ២ ឬលំដាប់ទី ៣ នៅពេលដែលខ្លួនបានទទួលសិទ្ធិលើបំណុលម្ចាស់ឯកសិទ្ធិដែលមានអាទិភាពក្នុងលំដាប់ទី ១ នោះត្រូវមានលំដាប់ក្រោយម្ចាស់ឯកសិទ្ធិទាំងអស់ដែលមានអាទិភាពក្នុងលំដាប់ទី ២ ឬទី ៣ នោះវិញ ។  ម្ចាស់ឯកសិទ្ធិដែលមានអាទិភាពក្នុងលំដាប់ទី ១ នោះក៏ត្រូវមានលំដាប់ក្រោយបុគ្គល ដែលរក្សាវត្តដើម្បីម្ចាស់ឯកសិទ្ធិនោះដែរ ។

៣-ចំពោះផល លំដាប់ទី ១ ធ្លាក់លើអ្នកផ្តល់គ្រាប់ពូជ កូនរុក្ខជាតិ ឬជី ហើយ លំដាប់ទី ២ ធ្លាក់លើភតិបតីនៃដី ។

មាត្រា ៨០៥ លំដាប់នៃឯកសិទ្ធិលើអចលនវត្ថុ

១-ក្នុងករណីដែលមានឯកសិទ្ធិពិសេសប្រជែងគ្នាចំពោះអចលនវត្ថុតែមួយ លំដាប់នៃឯកសិទ្ធិទាំងនោះត្រូវអនុលោមតាមលំដាប់ដែលបានកំណត់នៅក្នុងមាត្រា ៧៩៩ (ឯកសិទ្ធិ លើអចលនវត្ថុ) នៃក្រមនេះ ។

២-ប្រសិនបើមានការលក់ជាបន្តបន្ទាប់ ចំពោះអចលនវត្ថុតែមួយលំដាប់នៃសិទ្ធិ អាទិភាពរបស់អ្នកលក់ទាំងនោះត្រូវគិតទៅតាមពេលវេលាមុន និងក្រោយនៃការលក់ នោះ ។

មាត្រា ៨៦. ឯកសិទ្ធិដែលមានអាទិភាពល្មើគ្នា

ក្នុងករណីដែលមានម្ចាស់ឯកសិទ្ធិច្រើននាក់ ដែលមានអាទិភាពល្មើគ្នាលើវត្ថុដែលជាកម្មវត្ថុតែមួយ ម្ចាស់ឯកសិទ្ធិនីមួយៗត្រូវទទួលនូវការសងតាមសមាមាត្រនៃសិទ្ធិលើ បំណុលរៀងៗខ្លួន ។

ផ្នែកទី ៦ អានុភាពនៃឯកសិទ្ធិ

មាត្រា ៨០៧. អានុភាពតាមចំពោះតតិយជនដែលបានធ្វើលទ្ធកម្ម

ក្រោយពេលដែលកូនបំណុល បានប្រគល់ចលនវត្ថុរបស់ខ្លួនដែលជាកម្មវត្ថុនៃ ឯកសិទ្ធិទៅឱ្យតតិយជនដែលបានធ្វើលទ្ធកម្មហើយ នោះម្ចាស់ឯកសិទ្ធិមិនអាចអនុវត្តឯកសិទ្ធិរបស់ខ្លួនចំពោះចលនវត្ថុនោះបានឡើយ ។

មាត្រា ៨០៨. ទំនាក់ទំនងនឹងសិទ្ធិលើការបញ្ចាំចលនវត្ថុ

ក្នុងករណីដែលឯកសិទ្ធិប្រជែងជាមួយ នឹងសិទ្ធិលើការបញ្ចាំចលនវត្ថុម្ចាស់សិទ្ធិលើការបញ្ចាំចលនវត្ថុមានសិទ្ធិដូចគ្នានឹងម្ចាស់ឯកសិទ្ធិដែលមានអាទិភាពក្នុងលំដាប់ទី ១ ដែលបានកំណត់នៅក្នុងមាត្រា ៨០៤ (លំដាប់នៃឯកសិទ្ធិលើចលនវត្ថុ) នៃក្រមនេះ ។

មាត្រា ៨០៩. អានុភាពនៃឯកសិទ្ធិទូទៅ

១-ម្ចាស់ឯកសិទ្ធិទូទៅ មិនអាចទទួលការសងដោយអចលនវត្ថុ បានទេលើកលែងតែខ្លួនបានទទួលការសងដោយទ្រព្យផ្សេងទៀតក្រៅពីអចលនវត្ថុនោះជាមុនសិនហើយ នៅតែមិនគ្រប់ ។

២-ចំពោះអចលនវត្ថុ ម្ចាស់ឯកសិទ្ធិទូទៅត្រូវទទួលការសងដោយអចលនវត្ថុដែលមិនមែនជាកម្មវត្ថុនៃបាតិភោគពិសេស ជាមុនសិន ។

៣-ប្រសិនបើម្ចាស់ឯកសិទ្ធិទូទៅធ្វេសប្រហែសមិន បានចូលរួមក្នុងការចែកចំណែក តាមបញ្ញត្តិនៃកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះទេ ម្ចាស់ឯកសិទ្ធិទូទៅនោះមិនអាចអនុវត្តឯកសិទ្ធិនេះ ចំពោះតតិយជនដែលបានចុះបញ្ជីបានឡើយ ក្នុងកម្រិតនៃចំណែករបស់ខ្លួនដែលត្រូវបានទទួល ប្រសិនបើខ្លួនបានចូលរួមក្នុងការចែកចំណែកនោះ ។

៤-បញ្ញត្តិនៃកថាខណ្ឌទី ១ ទី ២ និង កថាខណ្ឌទី ៣ ខាងលើនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលការចែកចំណែកនូវប្រាក់ដែលជាតម្លៃនៃអចលនវត្ថុ ដែលជាកម្មវត្ថុនៃប្រាតិភោគពិសេសត្រូវបានធ្វើឡើងមុនការចែកចំណែកនូវប្រាក់ដែលជាតម្លៃនៃទ្រព្យក្រៅពីអចលនវត្ថុ ។

មាត្រា ១០. អានុភាពនៃឯកសិទ្ធិទូទៅចំពោះតតិយជន

ម្ចាស់ឯកសិទ្ធិទូទៅអាចយកឯកសិទ្ធិនេះទៅតតាំងចំពោះម្ចាស់បំណុលដែលគ្មានប្រាតិភោគពិសេស បានទោះជាពុំបានចុះបញ្ជីឯកសិទ្ធិចំពោះអចលនវត្ថុក៏ដោយ ។   ប៉ុន្តែ ចំពោះតតិយជនដែលបានចុះបញ្ជីវិញ  ម្ចាស់ឯកសិទ្ធិទូទៅពុំអាចយកឯកសិទ្ធិនេះទៅតតាំងបានឡើយ ។

មាត្រា ៨១១. អានុភាពចំពោះតតិយជននៃឯកសិទ្ធិចំពោះការរក្សាទុកអចលនវត្ថុ

១-ឯកសិទ្ធិចំពោះការរក្សាទុកអចលនវត្ថុ មិនអាចតតាំងចំពោះតតិយជនបានឡើយ បើពុំបានចុះបញ្ជីភ្លាមៗក្រោយពីបានបញ្ចប់សកម្មភាពរក្សាទុកទេ ។

២-កំណើនតម្លៃនៃអចលនវត្ថុដែលបានកើតឡើងដោយសារការរក្សាទុក ត្រូវធ្វើការវាយតម្លៃដោយអ្នកវាយតម្លៃដែលត្រូវបានជ្រើសតាំងដោយតុលាការ នៅពេលចូលរួម ក្នុងការចែកចំណែក ។

មាត្រា ៨១២. អានុភាពចំពោះតតិយជននៃឯកសិទ្ធិចំពោះការងារលើអចលនវត្ថុ

១-ឯកសិទ្ធិចំពោះការងារលើអចលនវត្ថុ មិនអាចតតាំងចំពោះតតិយជន បានឡើយបើមិនបានចុះបញ្ជីភ្លាមៗ ក្រោយពីបានបញ្ចប់ការងារនោះ ។

២-កំណើនតម្លៃនៃអចលនវត្ថុដែលបានកើតឡើងដោយសារការងារត្រូវធ្វើការវាយតម្លៃដោយអ្នកវាយតម្លៃដែលត្រូវបានជ្រើសតាំងដោយតុលាការ នៅពេលចូលរួមក្នុងការចែកចំណែក ។

មាត្រា ៨១៣. ទំនាក់ទំនងរវាងឯកសិទ្ធិចំពោះការរក្សាទុកអចលនវត្ថុ ឯកសិទ្ធិចំពោះ

ការងារលើអចលនវត្ថុ និងហ៊ីប៉ូតែក ឯកសិទ្ធិដែលបានចុះបញ្ជី តាមបញ្ញត្តិនៃមាត្រា ៨១១ (អានុភាពចំពោះតតិយជន នៃឯកសិទ្ធិចំពោះការរក្សាទុកអចលនវត្ថុ) និងមាត្រា ៨១២ (អានុភាពចំពោះតតិយជននៃឯកសិទ្ធិចំពោះការងារលើអចលនវត្ថុ) នៃក្រមនេះអាចអនុវត្តដោយមានអាទិភាពជាង ហ៊ីប៉ូតែក បាន ។

មាត្រា ៨១៤. អានុភាពចំពោះតតិយជននៃឯកសិទ្ធិចំពោះការលក់អចលនវត្ថុ

ឯកសិទ្ធិចំពោះការលក់អចលនវត្ថុ មិនអាចតតាំងចំពោះតតិយជនបានឡើយ បើមិន បានចុះបញ្ជីបញ្ជាក់ថា មិនទាន់បានសងថ្ងៃទិញ ឬការបាក់ព្រមគ្នានឹងពេលធ្វើកិច្ចសន្យាលក់ទិញទេ ។

មាត្រា ៨១៥. ការអនុវត្តដូចគ្នា តាមបញ្ញត្តិស្តីពីហ៊ីប៉ូតែក

ក្រៅពីបញ្ញត្តិក្នុងជំពូកទី ៣ (ឯកសិទ្ធិ) នេះ បញ្ញត្តិពីមាត្រា ៨៤៦ (ទំហំនៃអានុភាព ហ៊ីប៉ូតែក) ដល់មាត្រា ៨៤៨ (អានុភាពនៃហ៊ីប៉ូតែកចំពោះផល) បញ្ញត្តិនៃមាត្រា ៨៥១ (លំដាប់នៃហ៊ីប៉ូតែក) មាត្រា ៨៥២ (ទំហំនៃសិទ្ធិលើបំណុលដែលត្រូវបានធានា) មាត្រា ៨៥៣ (ការលក់ដោយបង្ខំនូវអចលនវត្ថុហ៊ីប៉ូតែក) និងបញ្ញត្តិពីមាត្រា ៨៥៩ (ហ៊ីប៉ូតែក បន្ត) ដល់មាត្រា ៨៦៣ (លំដាប់នៃការចាត់ចែងហ៊ីប៉ូតែក) នៃក្រមនេះត្រូវយកមកអនុវត្ត ដូចគ្នាផងដែរចំពោះអានុភាពនៃឯកសិទ្ធិ ។

☛ ទំព័រដើម ក្រមរដ្ឋប្បវេណី