ពាក្យបច្ចេកទេសពាក់ព័ន្ធនឹងសន្តិសុខនាវា និងឋបនីយភណ្ឌផែ

១. ផែនការសន្តិសុខនាវា (Ship Security Plan ) សំដៅដល់ ផែនការដែលបានកសាងឡើង ដើម្បី ធានាអនុវត្តវិធានការនានានៅលើនាវា ក្នុងទិសដៅការពារអាយុជីវិតមនុស្ស ទំនិញនៅលើនាវា និងនាវាទល់នឹង ហានិភ័យនៃឧប្បត្តិហេតុសន្តិសុខ ។
២. ឋបនីយភណ្ឌផែ (Port Facility) សំដៅដល់ ទីតាំងដែលមានប្រតិបត្តិការរវាងនាវា និងផែ និង ដែលត្រូវកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ឋបនីយភណ្ឌផែ មានជាអាទិ៍ តំបន់ចំណត តំបន់បោះយុថ្កា តំបន់រង់ចាំ ប្រឡាយ និងពាម ព្រមទាំងសំណង់ និងឧបករណ៍សម្ភារនានា។
៣. ប្រតិបត្តិការរវាងនាវា និងផែ(Ship/Port Interface) សំដៅដល់ សកម្មភាពផ្ទេរផ្ទុករវាងនាវា និងផែ។
៤. ប្រតិបត្តិការរវាងនាវា និងនាវា (Ship-To-Ship Activity) សំដៅដល់ សកម្មភាពផ្ទេរផ្ទុករវាងនាវា និងនាវា។
៥. ឧប្បត្តិហេតុសន្តិសុខ (Security Incident) សំដៅដល់ សកម្មភាពគួរសង្ស័យណាមួយ ឬហេតុការណ៍ ដែលគម្រាមកំហែងដល់សន្តិសុខនៃនាវា ឋបនីយភណ្ឌផែ ប្រតិបត្តិការរវាងនាវានិងផែ និងប្រតិបត្តិការរវាងនាវានិងនាវា។
៦. ផែនការសន្តិសុខឋបនីយភណ្ឌផែ ( Port Facility Security Plan ) សំដៅដល់ ផែនការដែល បានកសាងឡើង ដើម្បីធានាអនុវត្តវិធានការនានា ក្នុងទិសដៅការពារអាយុជីវិតមនុស្ស ទំនិញ នាវាភ័ណ្ឌ នាវា និង ឋបនីយភ័ណ្ឌ ទល់នឹងហានិភ័យនៃឧប្បត្តិហេតុសន្តិសុខ ។
៧. នាយសន្តិសុខនាវា ( Ship Security Officer ) សំដៅដល់ មនុស្សនៅលើនាវា ដែលតែងតាំង ដោយក្រុមហ៊ុននាវា ដើម្បីទទួលខុសត្រូវលើការងាសន្តិសុខនាវា រួមទាំងការអនុវត្ត និងរក្សាផែនការសន្តិសុខនាវា ដោយសហការ ជាមួយនាយសន្តិសុខក្រុមហ៊ុន និងនាយសន្តិសុខឋបនីយភ័ណ្ឌផែ។
៨. នាយសន្តិសុខក្រុមហ៊ុន (Company Security Officer ) សំដៅដល់ មនុស្សដែលតែងតាំងដោយ ក្រុមហ៊ុននាវា ដើម្បីធានាឱ្យមានការវាយតម្លៃសន្តិសុខនាវា ធានាឱ្យមានការកសាងផែនការសន្តិសុខនាវា និងការ សុំអនុម័តលើផែនការនេះ ហើយបន្ទាប់មកធានាឱ្យមានការអនុវត្ត និងរក្សាផែនការនេះ ព្រមទាំងសហការជាមួយនាយសន្តិសុខនាវានិងនាយសន្តិសុខឋបនីយភណ្ឌផែ។
៩. នាយសន្តិសុខឋបនីយភណ្ឌផែ (Port Facility Security Officer ) សំដៅដល់ មនុស្សដែលតែង តាំងដោយស្ថាប័នសមត្ថកិច្ចកំពង់ផែ ដើម្បីទទួលខុសត្រូវចំពោះការកសាង ការអនុវត្ត ការពិនិត្យឡើងវិញ និងការរក្សា ផែនការសន្តិសុខឋបនីយភ័ណ្ឌផែ និងសហការជាមួយនឹងនាយសន្តិសុខនាវា និងនាយសន្តិសុខក្រុមហ៊ុន។
១០. ស្ថាប័នសមត្ថកិច្ចកំពង់ផែ ( Competent Institution of Port) សំដៅដល់ នីតិបុគ្គលនៃកំពង់ផែ ដែលមានជាអាទិ៍ ប្រធានកំពង់ផែ អគ្គនាយកកំពង់ផែ ឬនាយកកំពង់ផែ ។
១១. អង្គការសន្តិសុខទទួលស្គាល់ (Recognized Security Organization) សំដៅដល់ អង្គការសន្តិសុខ ដែលបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។
១២. សន្តិសុខកម្រិតទី១ (Security Level 1) សំដៅដល់ កម្រិតសន្តិសុខដែលក្នុងនោះគេត្រូវប្រតិបត្តិនៅគ្រប់ពេលវេលានូវវិធានការការពារសន្តិសុខកម្រិតអប្បបរមាសមស្រប។
១៣. សន្តិសុខកម្រិតទី២ (Security Level 2 ) សំដៅដល់កម្រិតសន្តិសុខដែលក្នុងនោះគេត្រូវប្រតិបត្តិ នៅពេលវេលាមួយជាកំណត់នូវវិធានការការពារសន្តិសុខបន្ថែមសមស្រប ដោយហានិភ័យធ្ងន់ធ្ងរនៃឧប្បត្តិហេតុសន្តិសុខ នឹងកើតមានឡើង ។
១៤. សន្តិសុខកម្រិតទី៣ (Security Level 3 ) សំដៅដល់ កម្រិតសន្តិសុខដែលក្នុងនោះគេត្រូវប្រតិបត្តិនូវ វិធានការការពារសន្តិសុខលម្អិតជាក់លាក់ នៅក្នុងពេលវេលាខ្លីមួយ ដែលឧប្បត្តិហេតុសន្តិសុខ នឹងកើតមានឡើង បើទោះបីជាគេពុំអាចកំណត់បាននូវគោលដៅច្បាស់លាស់ក៏ដោយ ។
១៥. នាវា(Ship ) សំដៅដល់ :
១-នាវាសញ្ជាតិខ្មែរ
២-នាវាបរទេស ដែលចូលមកក្នុងដែនទឹកនៃព្រះរាជាណាចក្រកម្ពុជា ឬនៅតាមកំពង់ផែនៃ ព្រះរាជាណាចក្រកម្ពុជា។
១៦. ច្បាប់អន្តរជាតិ (International Law) សំដៅដល់ ច្បាប់អន្តរជាតិទាំងឡាយណា ដែលពាក់ព័ន្ធនឹង វិស័យដឹកជញ្ជូនផ្លូវសមុទ្រ ហើយដែលមានការចូលរួមពីព្រះរាជាណាចក្រកម្ពុជា ។
១៧. ច្បាប់ជាតិ សំដៅដល់ ច្បាប់និងលិខិតបទដ្ឋានគតិយុត្តិនានា នៃព្រះរាជាណាចក្រកម្ពុជា ។
១៨. រដ្ឋាភិបាលជាប់កិច្ចសន្យា (Contracting Governments ) សំដៅដល់ រដ្ឋាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច នៃរដ្ឋជាសមាជិកអនុសញ្ញាអន្តរជាតិ ស្តីពីសុវត្ថិភាពអាយុជីវិតក្នុងនាវាចរណ៍ឆ្នាំ ១៩៧៤ និងវិសោធនកម្ម នៃអនុសញ្ញានេះ ។
១៩. គណៈកម្មាធិការគ្រប់គ្រងការចុះបញ្ជីនាវាសញ្ជាតិកម្ពុជា សំដៅដល់ គណៈកម្មាធិការអន្តរក្រសួង ដែលតែងតាំងដោយរាជរដ្ឋាភិបាល តាមសេចក្តីសំរេចលេខ ៣២ ស.ស.រ ចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០០៣ សម្រាប់គ្រប់គ្រងនាវាសញ្ជាតិខ្មែរ។
២០. សមត្ថកិច្ចត្រួតពិនិត្យនាវា (Port State Control Officer ) សំដៅដល់ មន្ត្រីរាជការជំនាញ ដែល បានទទួលការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីធ្វើការត្រួតពិនិត្យ និងអង្កេតនាវា ដែលចូលមកតាម កំពង់ផែនៃព្រះរាជាណាចក្រកម្ពុជា ដោយគោរពតាមបទប្បញ្ញត្តិនៃច្បាប់ជាតិ និងច្បាប់អន្តរជាតិ ។
GT (Gross Tonnage) សំដៅដល់ខ្នាត “ចំណុផ្ទុកសរុបរបស់នាវា “ ដែលអាចគណនា តាមរូបមន្ត GT = K1V ក្នុងនោះ :
- K1 = 0.2 + 0.02 log10 Vជាមេគុណ
- V ជាមាឌលំហរក្នុងសរុបរបស់នាវា គិតជាម៉ែត្រត្រីគុណ ។
**ដកស្រង់ចេញពីមាត្រា ៧នៃ អនុក្រឹត្យស្ដីពីសន្តិសុខនាវា និងឋបនីយភ័ណ្ឌផែ លេខ៤០ អនក្រ.បក ឆ្នាំ២០០៦។ ទាញយកអត្ថបទអនុក្រឹត្យ៖ https://t.me/lawaudio_kh/646