វិមជ្ឈការ និងវិសហមជ្ឈការខុសគ្នាដូចម្ដេច?

ក្នុងកិច្ចការរដ្ឋបាល <<វិមជ្ឈការ (Decentralization)>> មានន័យថា រាជរដ្ឋាភិបាលប្រគល់ឱ្យ ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ជាដើមនូវភាពជាម្ចាស់លើមុខងារ សិទ្ធិអំណាច និងធនធាន ដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់មូលដ្ឋាន។ ក្រុម ប្រឹក្សាត្រូវមានគណនេយ្យភាពចំពោះប្រជាពលរដ្ឋមូលដ្ឋានលើបញ្ហាទាំងនេះ។ ចំណែក <<វិសហមជ្ឈការ (Deconcentration)>> រាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័ន ធ្វើប្រតិភូកម្មមុខងារ សិទ្ធិអំណាច និងធនធានទៅអង្គភាពក្រោមបង្គាប់ ឬ ទៅក្រុមប្រឹក្សាប្រភេទណា មួយ ដើម្បីអនុវត្តក្នុងនាមរាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័ន។ អង្គភាព ឬ ក្រុមប្រឹក្សានោះ ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល ឬ ក្រសួង ស្ថាប័នស្របទៅតាម តម្រូវការនៃការធ្វើប្រតិភូកម្មនោះ។

ប្រតិភូកម្មមុខងារ (Delegation of Function) សំដៅដល់ ការផ្ទេរនូវមុខងារ ការទទួលខុសត្រូវ អំណាច និងឆន្ទានុសិទ្ធិ ដើម្បីគ្រប់គ្រង និងអនុវត្តមុខងារក្នុងនាមអាជ្ញាធរ ដែលធ្វើ ប្រតិភូកម្ម ដោយផ្អែកតាមតម្រូវការនៃការធ្វើប្រតិភូកម្មនោះ។ អាជ្ញាធរ ដែលបានធ្វើ ប្រតិភូកម្ម នៅតែរក្សាភាពជាម្ចាស់លើកិច្ចការដែល បានធ្វើប្រតិភូកម្ម ។