គន្ថីទី៦

កាតព្វកិច្ច

ជំពូកទី ៨

កាតព្វកិច្ចដោយសាមគ្គីភាព

ផ្នែកទី ១

ការបង្កើតកាតព្វកិច្ចដោយសាមគ្គីភាព

មាត្រា ៩២១. អត្ថន័យនៃកាតព្វកិច្ចដោយសាមគ្គីភាព

១-ក្នុងករណីដែលបុគ្គលច្រើននាក់ទទួលបន្ទុកនូវកាតព្វកិច្ចសាមគ្គីភាព ម្ចាស់បំណុលអាចទាមទារឱ្យកូនបំណុលណាម្នាក់អនុវត្តកាតព្វកិច្ចទាំងអស់ ឬមួយភាគ ឬឱ្យកូនបំណុលទាំងអស់ អនុវត្តកាតព្វកិច្ចទាំងអស់ ឬមួយភាគដោយព្រមគ្នា ឬដោយបន្តបន្ទាប់។

២-ក្នុងករណីដែលកូនបំណុល ដែលមានកាតព្វកិច្ចទាំងអស់ឬកូនបំណុលណាម្នាក់ត្រូវបានប្រកាសក្ស័យធនម្ចាស់បំណុលអាចចូលរួមក្នុងការចែកចំណែកនៅក្នុងនីតិវិធីក្ស័យធនរបស់កូនបំណុលនីមួយៗ ចំពោះចំនួនប្រាក់ទាំងអស់នៃសិទ្ធិលើបំណុលរបស់ខ្លួន ។

មាត្រា ៩២២. ការបង្កើតកាតព្វកិច្ចដោយសាមគ្គីភាព

១-ក្រៅពីករណីដែលមានបញ្ញត្តិនៅក្នុងច្បាប់ កាតព្វកិច្ចដោយសាមគ្គីភាពត្រូវបានបង្កើតឡើង ដោយការព្រមព្រៀងដោយជាក់លាក់ ឬដោយតុណីភាពរវាងម្ចាស់បំណុល និង កូនបំណុលច្រើននាក់ដែលឆន្ទៈសាមគ្គីភាពរួមគ្នាទៅវិញទៅមកត្រូវបានទទួលស្គាល់ ។

២-ការព្រមព្រៀងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចធ្វើឡើង រវាងម្ចាស់បំណុល និងកូនបំណុលនីមួយៗដោយព្រមគ្នា ឬដោយបន្តបន្ទាប់។

៣-ម្ចាស់បំណុលអាចលើកលែងសាមគ្គីភាព ចំពោះកូនបំណុលណាមួយដោយមិនចាំបាច់មានការយល់ព្រមពីកូនបំណុលផ្សេងទៀត បាន។

៤-ក្រោយពេលលើកលែងសាមគ្គីភាព កូនបំណុលដែលបានទទួលការលើកលែងត្រូវទទួលបន្ទុកនូវកាតព្វកិច្ចត្រឹមតែចំនួនប្រាក់ដែលស្មើនឹងបន្ទុកដែលខ្លួនធ្លាប់មានមុនពេលលើកលែង ។

៥-ភាគនៃបន្ទុករបស់កូនបំណុល ដែលមានកាតព្វកិច្ចដោយសាមគ្គីភាពនីមួយៗត្រូវ បានសន្មតថាស្មើគ្នា។

មាត្រា ៩២៣. មោឃភាព និងការលុបចោលចំពោះកូនបំណុល

ទោះបីជាមានមូលហេតុនៃមោឃភាព ឬការលុបចោលសកម្មភាពចំពោះកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់ក៏ដោយ ក៏ការណ៍នេះមិនមានឥទ្ធិពលដល់អានុភាពនៃកាតព្វកិច្ចរបស់កូនបំណុលផ្សេងទៀតឡើយ។

ផ្នែកទី ២

អានុភាពនៃហេតុដែលកើតឡើងចំពោះកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់

មាត្រា ៩២៤. អានុភាពដាច់ខាតនៃការទាមទារនិងហេតុដែលផ្អាកអាជ្ញាយុកាលផ្សេងទៀត

ការទាមទារឱ្យកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់អនុវត្ត និង ហេតុដែលផ្អាកអាជ្ញាយុកាលផ្សេងទៀត ដែលកើតឡើងចំពោះកូនបំណុលនោះត្រូវមានអានុភាព​ចំពោះកូនបំណុលផ្សេងទៀតផងដែរ ។

មាត្រា ៩២៥. អានុភាពដាច់ខាតនៃការសង ជាអាទិ៍

ក្នុងករណីដែលកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់បានសង ឬ សងដោយវត្ថុជំនួស ឬតម្កល់អានុភាពនៃការរំលត់កាតព្វកិច្ចដែលបានកើតឡើង ដោយការណ៍នោះត្រូវមានចំពោះកូនបំណុលផ្សេងទៀតផងដែរ ។

មាត្រា ៩២៦. អានុភាពដាច់ខាតនៃការទូទាត់

១-ក្នុងករណីដែលកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់មានសិទ្ធិលើបំណុលចំពោះម្ចាស់បំណុល ហើយកូនបំណុលនោះបានលើកឡើងនូវការទូទាត់ សិទ្ធិលើបំណុលត្រូវរលត់ សម្រាប់ផលប្រយោជន៍របស់កូនបំណុលទាំងអស់។

២-នៅក្នុងពេលដែលកូនបំណុល ដែលមានសិទ្ធិលើបំណុលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ មិនទាន់លើកឡើងនូវការទូទាត់កូនបំណុលផ្សេងទៀត អាចបដិសេធការសង ចំពោះបន្ទុករបស់ខ្លួនបាន ។

មាត្រា ៩២៧. អានុភាពដាច់ខាតនៃនវកម្ម

ក្នុងករណីដែលនវកម្មត្រូវបានធ្វើឡើង រវាងកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់ និងម្ចាស់បំណុលសិទ្ធិលើបំណុលត្រូវរលត់សម្រាប់ផលប្រយោជន៍របស់កូនបំណុលទាំងអស់ ។

មាត្រា ៩២៨. អានុភាពដាច់ខាតនៃព្យាកុលភាព

ក្នុងករណីដែលព្យាកុលភាពបានកើតឡើងរវាងកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់ និងម្ចាស់បំណុល កូនបំណុលនោះត្រូវបានចាត់ទុកថាបានសង ។

មាត្រា ៩២៩. អានុភាពដាច់ខាតនៃការលើកលែង

១-ការលើកលែងកាតព្វកិច្ចទាំងអស់ដែលបានធ្វើឡើងចំពោះកូនបំណុលដែលមាន កាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់ត្រូវមានអានុភាពចំពោះតែបន្ទុករបស់កូនបំណុល នោះសម្រាប់ផលប្រយោជន៍របស់កូនបំណុលផ្សេងទៀត ។

២-ក្នុងករណីដែលការលើកលែងបានធ្វើឡើងចំពោះតែកាតព្វកិច្ចមួយភាគ ចំពោះកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់ អានុភាពនៃការលើកលែងចំពោះកូនបំណុលផ្សេងទៀតត្រូវកើតឡើង តាមសមាមាត្រនៃចំនួនប្រាក់ក្នុងករណីដែលមានការលើកលែងកាតព្វកិច្ចទាំងអស់ ។

មាត្រា ៩៣០. អានុភាពដាច់ខាតនៃអាជ្ញាយុកាល

១-ក្នុងករណីដែលកូនបំណុល ដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់បានលើកឡើងនូវអាជ្ញាយុកាលដែលត្រូវបានសម្រេចចំពោះខ្លួន កូនបំណុលផ្សេងទៀតក៏ត្រូវរួចផុតពីកាតព្វកិច្ចត៏មបន្ទុករបស់កូនបំណុលដែលបានលើកឡើងនូវអាជ្ញាយុកាល នោះ ។

២-ក្នុងករណីដែល បានកំណត់នៅក្នុងកថាខណ្ឌទី១ ខាងលើនេះ នៅក្នុងពេលដែលអាជ្ញាយុកាលត្រូវបានសម្រេចតែមិនទាន់ត្រូវបានលើកឡើង កូនបំណុលផ្សេងទៀតអាចលើកឡើងនូវអាជ្ញាយុកាលនោះចំពោះបន្ទុករបស់កូនបំណុលដែលអាចលើកឡើង នូវអាជ្ញាយុកាលនោះ ។

មាត្រា ៩៣១. គោលការណ៍នៃអានុភាពមិនដាច់ខាត

ហេតុដែលបានកើតឡើងចំពោះកូនបំណុល ដែលមានកាតព្វកិច្ចដោយសាមគ្គីភាព ណាម្នាក់មិនត្រូវមានអានុភាព ចំពោះកូនបំណុលផ្សេងទៀតឡើយ លើកលែងតែហេតុដែលបានកំណត់ពីមាត្រា ៩២៤ (អានុភាពដាច់ខាតនៃការទាមទារ និងហេតុដែលផ្អាកអាជ្ញាយុកាលផ្សេងទៀត) ដល់មាត្រា ៩៣០ (អានុភាពដាច់ខាតនៃអាជ្ញាយុកាល) ខាងលើនេះ ។

ផ្នែកទី ៣

ការទាមទារសំណែង

មាត្រា ៩៣២. សិទ្ធិទាមទារសំណងរបស់កូនបំណុលដែលបានសង

១-ក្នុងករណីដែលកូនបំណុល ដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់បានរួចផុតពីកាតព្វកិច្ចដោយបានសង ឬបានចេញចំណាយផ្សេងទៀតរបស់ខ្លួន ហើយធ្វើឱ្យកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពផ្សេងទៀតរួចផុតពីកាតព្វកិច្ច កូន បំណុលនោះត្រូវទទួលសិទ្ធិទាមទារសំណងពីកូនបំណុលផ្សេងទៀត ចំពោះបន្ទុករៀងៗខ្លួន។ ក្នុងករណីដែលការសងឬចំណាយផ្សេងទៀតរបស់កូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់ មាន ចំពោះតែកាតព្វកិច្ចមួយភាគ ហើយកូនបំណុលនោះ និងកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពផ្សេងទៀត បានទទួលការរួចផុតពីកាតព្វកិច្ចតាមកម្រិតនៃភាគនោះកូនបំណុលនោះអាចទាមទារសំណង តាមសមាមាត្រនៃបន្ទុករបស់កូនបំណុលផ្សេងទៀតបាន ។

២-ការទាមទារសំណងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ អាចធ្វើបានដោយរាប់បញ្ចូលការប្រាក់ដែលច្បាប់បានកំណត់ ដោយគិតពីថ្ងៃរួចផុតពីកាតព្វកិច្ច ដោយបានសង ឬបានចេញចំណាយផ្សេងទៀតរបស់ខ្លួន និងសោហ៊ុយឬការខូចខាតផ្សេងទៀតដែលមិនអាចជៀសវាងបាន ។

មាត្រា ៩៣៣. ការជូនដំណឹងដែលជាលក្ខខណ្ឌដើម្បីទាមទារសំណង

១-ក្នុងករណីដែលកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់ បានរួចផុតពីកាតព្វកិច្ចដោយបានសង ឬបានចេញចំណាយផ្សេងទៀតរបស់ខ្លួន ហើយបានធ្វើឱ្យកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាពផ្សេងទៀតរួចផុតពីកាតព្វកិច្ច ដោយពុំបានជូនដំណឹងទៅឱ្យកូនបំណុលផ្សេងទៀតថា ខ្លួនបានទទួលការទាមទារពីម្ចាស់បំណុលបើកូនបំណុលផ្សេងទៀតណាមួយ មានហេតុដែលអាចតតាំងចំពោះម្ចាស់បំណុល កូនបំណុលនោះអាចយកហេតុនេះមកតតាំងចំពោះការទាមទារសំណងពីកូនបំណុលដែល បានទទួលការរួចផុតដោយបានសង ឬចេញចំណាយបាន ។     ប៉ុន្តែ បើហេតុដែលអាចតតាំងជាការទូទាត់ កូនបំណុលដែលត្រូវបានតតាំង អាចទាមទារឱ្យម្ចាស់បំណុលអនុវត្តកាតព្វកិច្ចដែលនឹងត្រូវរលត់ ដោយការទូទាត់ ។

២-ក្នុងករណីដែលកូនបំណុល ដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់បានធ្វើឱ្យខ្លួន និងកូនបំណុលផ្សេងទៀត រួចផុតពីកាតព្វកិច្ចដោយបានសង ឬចេញចំណាយផ្សេងទៀតរបស់ខ្លួនតែមិនបានជូនដំណឹងអំពីហេតុនោះ ទៅកូនបំណុលផ្សេងទៀត បើកូនបំណុលផ្សេងទៀត បានរួចផុតពីកាតព្វកិច្ចដោយបានសង ឬចេញចំណាយផ្សេងទៀតរបស់ខ្លួន ដោយមិនបានដឹងអំពីហេតុនោះ កូនបំណុលដែលបានរួចផុតពីកាតព្វកិច្ចពេលក្រោយនោះ អាចចាត់ទុកថា ការសង ឬសកម្មភាពផ្សេងទៀតរបស់ខ្លួន ដែលធ្វើឱ្យរួចផុតពីកាតព្វកិច្ចនោះ មានសុពលភាព ។

៣-ក្នុងករណីដែលការសងឬសកម្មភាព ដែលធ្វើឱ្យរួចផុតពីកាតព្វកិច្ចដោយចេញចំណាយផ្សេងទៀតរបស់ខ្លួនត្រូវបានធ្វើឡើង ដោយកូនបំណុលច្រើនក្នុងចំណោមកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាព ហើយបើការជូនដំណឹងដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ២ ខាងលើនេះ មិនបានធ្វើឡើង នោះការសង ឬសកម្មភាពដែលឱ្យរួចផុតពីកាតព្វកិច្ចដោយចេញចំណាយផ្សេងទៀតរបស់ខ្លួនដែលកូន បំណុលណាបានធ្វើមុន ត្រូវបានចាត់ទុកថា មានសុពលភាព ។

មាត្រា ៩៣៤. ការទាមទារសំណងក្នុងករណីដែលមានអ្នកជាអសាធនីយ៍ក្នុងការសង

បើមានអ្នកដែលស្ថិតនៅក្នុងស្ថានភាពអសាធនីយ៍    ក្នុងការសងក្នុងចំណោមកូនបំណុ

លដែលមានកាតព្វកិច្ចដោយសាមគ្គីភាព ផ្នែកដែលមិនអាចសងបាននោះ ត្រូវជាបន្ទុករបស់អ្នកដែលទាមទារសំណង និងអ្នកដែលជាសាធនីយ៍ តាមសមាមាត្រនៃបន្ទុករៀងៗខ្លួន ។ ប៉ុន្តែ បើអ្នកដែលទាមទារសំណងមានកំហុស អ្នកនោះមិនអាចទាមទារឱ្យកូនបំណុលផ្សេងទៀតទទួលបន្ទុកឡើយ ។

មាត្រា ៩៣៥. ការលើកលែងសាមគ្គីភាព និងបន្ទុករបស់អ្នកដែលជាអសាធនីយ៍ក្នុងការសង

ក្នុងករណីដែលកូនបំណុល ដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់ក្នុងចំណោមកូនបំណុលដែលមានកាតព្វកិច្ចដោយសាមគ្គីភាព បានទទួលការលើកលែងសាមគ្គីភាពបើមានអ្នកដែលជាអសាធនីយ៍ក្នុងការសងក្នុងចំណោមកូនបំណុល ដែលមានកាតព្វកិច្ចដោយសាមគ្គីភាពផ្សេងទៀត ម្ចាស់បំណុលត្រូវទទួលបន្ទុកនូវផ្នែកដែលអ្នកដែលបានទទួលការលើកលែងសាមគ្គីភាពត្រូវទទួលបន្ទុកចំពោះផ្នែកដែលអ្នកដែលជាអសាធនីយ៍នោះ មិនអាចឆ្លើយតបនឹងការទាមទារសំណងបាន។

ផ្នែកទី ៤

ឧបាទេសកឬដោយការសង

មាត្រា ៩៣៦. ឧបាទេសកម្ម

១-ក្នុងករណីដែលកូនបំណុល ដែលមានកាតព្វកិច្ចដោយសាមគ្គីភាពណាម្នាក់ទទួលសិទ្ធិទាមទារសំណងចំពោះកូនបំណុលផ្សេងទៀត  អ្នកទាមទារសំណងត្រូវស្នងម្ចាស់បំណុលដោយឧបាទេសកម្ម ចំពោះសិទ្ធិលើបំណុលដែលម្ចាស់បំណុលធ្លាប់មានចំពោះ កូនបំណុលផ្សេងទៀត និងសិទ្ធិប្រាតិភោគដើម្បីធានាសិទ្ធិលើបំណុលនោះក្នុងទំហំនៃការទាមទារសំណងនោះ ។

២-ក្រៅពីបញ្ញត្តិនៃមាត្រានេះបញ្ញត្តិនៃកថាភាគទី ៤ (ឧបាទេសកម្មដោយការសង)ផ្នែក

ទី ១ ជំពូកទី៧ នៃគន្ថីទី ៤ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះឧបាទេសកម្មរបស់អ្នកទាមទារសំណង ។

ផ្នែកទី ៥

បែបយ៉ាងផ្សេងទៀតនៃកាតព្វកិច្ចដែលមានកូនបំណុលច្រើននាក់

មាត្រា ៩៣៧. កាតព្វកិច្ចអវិភាគីយ៍ និងកាតព្វកិច្ចដែលមានលក្ខណៈប្រហាក់ប្រហែលនឹងកាតព្វកិច្ចដោយសាមគ្គីភាព និងកាតព្វកិច្ចវិភាគីយ៍

១-បញ្ញត្តិនៃមាត្រា ៩២១ (អត្ថន័យនៃកាតព្វកិច្ចដោយសាមគ្គីភាព) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលកូនបំណុលច្រើននាក់ទទួលកាតព្វកិច្ចដែលមានគោលបំណងដូចគ្នា  ចំពោះម្ចាស់បំណុលតែម្នាក់ ហើយឆន្ទៈសាមគ្គីភាពរួមគ្នាទៅវិញទៅមកមិនត្រូវបានទទួលស្គាល់រវាងកូនបំណុលទាំងនេះ ។    ប៉ុន្តែ ក្នុងករណីដែលតាវកាលិកនៃកាតព្វកិច្ចនោះអាចបែងចែកបាន ហើយការបែងចែកនោះមិនខូចខាតដល់ផលប្រយោជន៍​របស់ម្ចាស់បំណុលនោះកូនបំណុលនីមួយៗ ត្រូវទទួលកាតព្វកិច្ចដែលត្រូវបានបែងចែកតាមសមាមាត្រនៃបន្ទុករៀងៗខ្លួន ។    បើបន្ទុករបស់កូនបំណុលម្នាក់ៗមិនច្បាស់លាស់បន្ទុកនោះត្រូវបានសន្មតថា ស្មើៗគ្នា ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងវាក្យខណ្ឌទី ១ នៃកថាខណ្ឌទី ១ ខាងលើនេះ ហេតុដែលបានកើតឡើងចំពោះកូនបំណុលម្នាក់ មិនត្រូវមានឥទ្ធិពលដល់កូនបំណុលផ្សេង ទៀត លើកលែងតែករណីដែលបានកំណត់នៅក្នុងមាត្រា ៩២៥ (អានុភាពដាច់ខាតនៃការ សង ជាអាទិ៍) និង កថាខណ្ឌទី ១ នៃមាត្រា ៩២៦ (អានុភាពដាច់ខាតនៃការទូទាត់) ខាង លើនេះ ។

៣-ក្នុងករណីដែលកូនបំណុលណាម្នាក់  ក្នុងចំណោមកូនបំណុលដែលបានកំណត់នៅ

ក្នុងវាក្យខណ្ឌទី ១ នៃកថាខណ្ឌទី ១ ខាងលើនេះ បានរួចផុតពីកាតព្វកិច្ចដោយបានសងឬចេញចំណាយផ្សេងទៀតរបស់ខ្លួនហើយធ្វើឱ្យកូនបំណុលផ្សេងទៀតរួចផុតពី កាតព្វកិច្ចបើមានភាពចាំបាច់ត្រូវរក្សាសមភាពរវាងកូនបំណុលដែលបានចេញចំណាយ និងកូនបំណុលផ្សេងទៀត អ្នកដែលបានចេញចំណាយត្រូវទទួលសិទ្ធិទាមទារសំណង ចំពោះកូនបំណុលផ្សេងទៀត ក្នុងកម្រិតដែលអាចធ្វើឱ្យមានសមភាពនោះ ។