ក្រមរដ្ឋប្បវេណី
គន្ថីទី៧
ញាតិ
ជំពូកទី ៣
អាពាហ៍ពិពាហ៍
ផ្នែកទី ១
ការបង្កើតអាពាហ៏ពិពាហ៏
កថាភាគទី ១
លក្ខខណ្ឌនៃអាពាហ៍ពិពាហ៍
មាត្រា ៩៤៨. អាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍
បុរស និង នារី ដែលមិនទាន់ដល់នីតិភាព មិនអាចរៀបអាពាហ៍ពិពាហ៍បានឡើយ ។
ប៉ុន្តែ ក្នុងករណីដែលភាគីម្ខាងបានដល់នីតិភាព ហើយភាគីម្ខាងទៀតជាអនីតិជនដែលមានអាយុមិនតិចជាង ១៦(ដប់ប្រាំមួយ) ឆ្នាំ អាចរៀបអាពាហ៍ពិពាហ៍បានដោយទទួលការយល់ព្រមពីអ្នកដែលមានអំណាចមេបា ឬអ្នកអាណាព្យាបាលសម្រាប់អនីតិជនរបស់ អនីតិជននោះ ។
មាត្រា ៩៤៩. ការហាមឃាត់មិនឱ្យមានទ្វេពន្ធភាព
បុគ្គលដែលមានសហព័ទ្ធហើយ ពុំអាចរៀបអាពាហ៍ពិពាហ៍ទៀត បានឡើយ ។
មាត្រា ៩៥០. អំឡុងពេលហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត
១-នារីពុំអាចរៀបអាពាហ៍ពិពាហ៍ថ្មីទៀតបានឡើយ ប្រសិនបើអំឡុងពេល ១២០(មួយរយម្ភៃ) ថ្ងៃ ពុំទាន់បានកន្លងផុត គិតចាប់ពីថ្ងៃដែលអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ឬលុបចោល។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណី ដែលនារីមានផ្ទៃពោះនៅមុនពេលដែលអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយឬលុបចោលហើយបានសម្រាលកូន ឬចំពោះករណីដែលមានលិខិតបញ្ជាក់ពីការគ្មានផ្ទៃពោះពីវេជ្ជបណ្ឌិត។
មាត្រា ៩៥១. ការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍ រវាងញាតិលោហិត
១-អាពាហ៍ពិពាហ៍ មិនអាចធ្វើបានឡើយ រវាងញាតិលោហិតផ្ទាល់ ឬសាខាញាតិ លោហិតក្នុង ៣ (បី) ថ្នាក់ រាប់ទាំង ថ្នាក់ទី ៣ (បី) ផង ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរនៅក្រោយ ពេលដែលទំនាក់ទំនងញាតិត្រូវបានបញ្ចប់ ដោយបញ្ញត្តិនៃមាត្រា ១០១៤ (ការបញ្ចប់នូវញាតិភាពជាមួយនឹងឪពុកម្តាយបង្កើត) មាត្រា ១០១៦ (ការកាត់កាល់នៃមុំកូនពេញលេញ) ឬ មាត្រា ១០៣២ (អានុភាពនៃការកាត់កាល់មុំកូនធម្មតា) នៃក្រមនេះ ។
មាត្រា ៩៥២. ការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធ
១-អាពាហ៍ពិពាហ៍ពុំអាចធ្វើបានឡើយ រវាងញាតិពន្ធនៃខ្សែផ្ទាល់ ។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាដែរនៅក្រោយពេលដែលបានបញ្ចប់ទំនាក់ទំនងញាតិពន្ធ ដោយបញ្ញត្តិមាត្រា ៩៤១ (ការរលត់ទំនាក់ទំនងញាតិពន្ធ) ឬមាត្រា ១០១៦ (ការកាត់កាល់នៃសុំកូនពេញលេញ) នៃក្រមនេះ ។
២-អាពាហ៍ពិពាហ៍ពុំអាចធ្វើបានឡើយ រវាងសាខាញាតិពន្ធ នៅក្នុង ៣ (បី) ថ្នាក់ រាប់ទាំងថ្នាក់ទី ៣ (បី) ផង ។ បញ្ញត្តិនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរក្រោយពេលបានបញ្ចប់ទំនាក់ទំនងញាតិពន្ធ តាមបញ្ញត្តិនៃមាត្រា ៩៤១ (ការរលត់ទំនាក់ទំនងញាតិ ពន្ធ) ខាងលើនេះ។ ប៉ុន្តែ បើសហព័ទ្ធណាម្ខាង បានទទួលមរណភាពសហព័ទ្ធដែលនៅរស់អាចរៀបអាពាហ៍ពិពាហ៍ជាមួយបុគ្គលដែលធ្លាប់ជាសាខាញាតិពន្ធ នៅក្នុង ៣ (ថ្មី) ថ្នាក់ បាន ។
មាត្រា ៩៥៣. ការរៀបអាពាហ៍ពិពាហ៍របស់អនីតិជន
១-ក្នុងករណីដែលភាគីម្ខាងក្នុងចំណោមភាគីដែលមានបំណងរៀបអាពាហ៍ពិពាហ៍ ជាអនីតិជន អនីតិជននោះចាំបាច់ត្រូវមានការយល់ព្រមពីសំណាក់អ្នកដែលមានអំណាច មេបា ឬអាណាព្យាបាលសម្រាប់អនីតិជននោះ ។
២-បើអ្នកដែលមានអំណាចមេ បាណាម្ខាងមិនយល់ព្រមទេគ្រាន់តែមានការយល់ ព្រមពីសំណាក់អ្នកដែលមានអំណាចមេបាម្ខាងជាការគ្រប់គ្រាន់ហើយ ។
៣-ក្នុងករណីដែលអ្នកមានអំណាចមេបា ឬអាណាព្យាបាលសម្រាប់អនីតិជន បដិសេធការយល់ព្រមដោយគ្មានមូលហេតុសមរម្យអនីតិជនដែលមានបំណងចង់រៀប អាពាហ៍ពិពាហ៍ អាចទាមទារទៅតុលាការឱ្យ សម្រេចសេចក្តីជំនួសការយល់ព្រមនោះបាន ។
មាត្រា ៩៥៤. ការរៀបអាពាហ៍ពិពាហ៍របស់ជននៅក្រោមអាណាព្យាបាលទូទៅ
ជននៅក្រោមអាណាព្យាបាលទូទៅអាចរៀបអាពាហ៍ពិពាហ៍ បានក្នុងករណីដែលមានសមត្ថភាពបង្ហាញឆន្ទះ ក្នុងកម្រិតអប្បបរិមា ដែលចាំបាច់ដើម្បីរៀបអាពាហ៍ពិពាហ៍ ។ ក្នុងករណីនេះ មិនចាំបាច់មានការយល់ព្រមពីអ្នកអាណាព្យាបាលទូទៅឡើយ ។
មាត្រា ៩៥៥. ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ និងការចុះបញ្ជីអាពាហ៍ពិពាហ៍
១-អាពាហ៍ពិពាហ៍នឹងមានអានុភាព ដោយការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងការចុះបញ្ជីនៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន ។
២-ការដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការជូនដំណឹងជាសាធារណៈការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និងការចុះបញ្ជីអាពាហ៍ពិពាហ៍ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះត្រូវធ្វើដោយផ្អែកតាមនីតិវិធី ដែលបានកំណត់នៅក្នុងបទប្បញ្ញត្តិស្តីពីការចុះបញ្ជីអត្រានុកូលដ្ឋាន ។
មាត្រា ៩៥៦. ការទទួលពាក្យសុំរៀបអាពាហ៍ពិពាហ៍
ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ពុំអាចទទួលយកបានឡើយ បើបានទទួលស្គាល់ថាអាពាហ៍ពិពាហ៍នោះផ្ទុយនឹងបញ្ញត្តិ ចាប់ពីមាត្រា ៩៤៨ (អាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍) រហូតដល់មាត្រា ៩៥៤ (ការរៀបអាពាហ៍ពិពាហ៍របស់ជននៅក្រោមអាណាព្យាបាលទូទៅ) ខាងលើនេះ ឬបទដ្ឋានគតិយុត្តផ្សេងទៀត ។
មាត្រា ៩៥៧. ទម្រង់នៃអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរដែលរស់នៅបរទេស
១-បើមានបំណងចង់រៀបអាពាហ៍ពិពាហ៍រវាងគ្នា ពលរដ្ឋខ្មែរដែលរស់នៅបរទេសអាច ដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ជូនដំណឹងជាសាធារណៈចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ និង ចុះបញ្ជីអាពាហ៍ពិពាហ៍នោះ នៅចំពោះមុខឯកអគ្គរាជទូត ភារធាវី ឬកុងស៊ុលរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសនោះ ។
២-ការជូនដំណឹងជាសាធារណៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើ នេះ ត្រូវធ្វើដោយបិទនៅបញ្ជររបស់ស្ថានទូត ឬស្ថានកុងស៊ុល នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសនោះ ។
កថាភាគទី ២
មោឃភាព និងការលុបចោលអាពាហ៍ពិពាហ៍
មាត្រា ៩៥៨. មោឃភាពនៃអាពាហ៍ពិពាហ៍
អាពាហ៍ពិពាហ៍ នឹងត្រូវចាត់ទុកជាមោឃៈ តែក្នុងករណីដូចកំណត់ខាងក្រោមនេះៈ
ក-ប្រសិនបើគ្មានឆន្ទៈរៀបអាពាហ៍ពិពាហ៍ រវាងភាគី ដោយសារការភាន់ច្រឡំ លើមនុស្សការបង្ខំ និងមូលហេតុផ្សេងៗទៀត ។
ខ-ប្រសិនបើភាគី មិនបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍ ការជូនដំណឹងជាសាធារណៈ ការចុះកិច្ចសន្យាអាពាហ៍ពិពាហ៍ ឬមិនបានចុះបញ្ជីអាពាហ៍ពិពាហ៍ ។ ប៉ុន្តែ ប្រសិនបើគ្រាន់តែមានវិការៈតែបន្តិចបន្តួចលើនីតិវិធីប៉ុណ្ណោះទេ អានុភាពនៃអាពាហ៍ពិពាហ៍នេះ មិនត្រូវបានរារាំងដោយសារហេតុនោះឡើយ ។
មាត្រា ៩៥៩. ការលុបចោលអាពាហ៍ពិពាហ៍
ការលុបចោលអាពាហ៍ពិពាហ៍ ត្រូវធ្វើដោយយោងតាមបញ្ញត្តិចាប់ពីមាត្រា ៩៦០ (ការលុបចោលអាពាហ៍ពិពាហ៍ដែលមិនត្រឹមត្រូវតាមច្បាប់ ជាអាទិ៍) ដល់មាត្រា ៩៦៣ (ការលុបចោលអាពាហ៍ពិពាហ៍ដោយការឆបោក ឬការគំរាម) ខាងក្រោមនេះ ។
មាត្រា ៩៦០. ការលុបចោលអាពាហ៍ពិពាហ៍ដែលមិនត្រឹមត្រូវតាមច្បាប់ ជាអាទិ៍
១-អាពាហ៍ពិពាហ៍ដែល បានធ្វើផ្ទុយនឹងបញ្ញត្តិចាប់ពីមាត្រា៩៤៨ (អាយុគ្រប់លក្ខណៈរៀបអាពាហ៍ពិពាហ៍) រហូតដល់មាត្រា ៩៥២ (ការហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍រវាងញាតិពន្ធ) នៃក្រមនេះ ភាគីនីមួយៗ ញាតិសន្តានរបស់ជននោះ ឬតំណាង អយ្យការ អាចទាមទារទៅតុលាការឱ្យលុបចោលបាន ។ ប៉ុន្តែ នៅក្រោយពេលដែល ភាគីណាម្ខាង បានទទួលមរណភាពហើយតំណាងអយ្យការពុំអាចទាមទារឱ្យលុបចោល អាពាហ៍ពិពាហ៍នោះ បានឡើយ ។
២-ចំពោះអាពាហ៍ពិពាហ៍ដែលបានធ្វើផ្ទុយនឹងបញ្ញត្តិនៃមាត្រា ៩៤៩ (ការហាមឃាត់មិនឱ្យមានទ្វេពន្ធភាព) ឬមាត្រា ៩៥០ (អំឡុងពេលហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត) នៃក្រមនេះ សហព័ទ្ធរបស់ភាគី ឬសហព័ទ្ធមុននោះក៏អាចទាមទារឱ្យលុបចោលអាពាហ៍ពិពាហ៍នោះ បានដែរ ។
មាត្រា ៩៦១. ការរលត់សិទ្ធិលុបចោលអាពាហ៍ពិពាហ៍ដែលភាគីមិនទាន់គ្រប់អាយុ
រៀបអាពាហ៍ពិពាហ៍
១-អាពាហ៍ពិពាហ៍ដែលបានធ្វើផ្ទុយនឹងបញ្ញត្តិនៃមាត្រា ៩៤៨ (អាយុគ្រប់លក្ខណៈ រៀបអាពាហ៍ពិពាហ៍) នៃក្រមនេះ ប្រសិនបើជនដែលមិនទាន់គ្រប់អាយុរៀបអាពាហ៍ពិពាហ៍ បានគ្រប់អាយុរៀបអាពាហ៍ពិពាហ៍ហើយ ពុំអាចទាមទារឱ្យលុបចោលអាពាហ៍ពិពាហ៍នោះ បានឡើយ ។
២-ក្រោយពេលជនដែលមិនទាន់គ្រប់អាយុរៀបអាពាហ៍ពិពាហ៍ បានគ្រប់អាយុ រៀបអាពាហ៍ពិពាហ៍ហើយ ជននោះក៏នៅតែអាចទាមទារឱ្យលុបចោលអាពាហ៍ពិពាហ៍ នោះបាន នៅក្នុងអំឡុងពេល ៣ (បី) ខែចាប់ពីពេលដែលជននោះបានគ្រប់អាយុ ។ ប៉ុន្តែបញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ប្រសិនបើជននោះបានធ្វើសច្ចានុមតិ បន្ទាប់ពីបានគ្រប់អាយុរៀបអាពាហ៍ពិពាហ៍ហើយ ។
មាត្រា ៩៦២. ការលុបចោលអាពាហ៍ពិពាហ៍ធ្វើនៅក្នុងអំឡុងពេលហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត
អាពាហ៍ពិពាហ៍ដែលបានធ្វើផ្ទុយនឹងបញ្ញត្តិនៃមាត្រា ៩៥០ (អំឡុងពេលហាមឃាត់មិនឱ្យរៀបអាពាហ៍ពិពាហ៍ថ្មីទៀត) នៃក្រមនេះ ពុំអាចទាមទារឱ្យលុបចោលបានឡើយ ប្រសិនបើរយៈពេល ១២០ (មួយរយម្ភៃ) ថ្ងៃ បានកន្លងផុត គិតចាប់ពីថ្ងៃដែលអាពាហ៍ពិពាហ៍មុនត្រូវបានរំលាយ ឬលុបចោល ឬប្រសិនបើនាវីមានផ្ទៃពោះ ក្រោយពីបានរៀប អាពាហ៍ពិពាហ៍ថ្មីទៀត ។
មាត្រា ៩៦៣. ការលុបចោលអាពាហ៍ពិពាហ៍ដោយការឆបោក ឬការគំរាម
១-បុគ្គលដែលបានរៀបអាពាហ៍ពិពាហ៍ ដោយការឆបោក ឬការគំរាមអាចទាមទារទៅតុលាការឱ្យលុបចោលអាពាហ៍ពិពាហ៍នោះ បាន ។
២-សិទ្ធិលុបចោលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវរលត់បើភាគី បានរកឃើញការឆបោក ឬបើអំឡុងពេល ៣ (បី) ខែ បានកន្លងផុត ក្រោយពីបានរួចខ្លួនផុតពីការគំរាម ឬបើបានធ្វើសច្ចានុមតិ ។
មាត្រា ៩៦៤. អានុភាពនៃការលុបចោលអាពាហ៍ពិពាហ៍
១-ការលុបចោលអាពាហ៍ពិពាហ៍ ពុំមានអានុភាពទៅលើអតីតកាលឡើយ ។
២-ភាគីដែលមិន បានដឹងអំពីមូលហេតុនៃការលុបចោលនៅពេលរៀបអាពាហ៍ពិពាហ៍ ប្រសិនបើបានទទួលទ្រព្យសម្បត្តិ ដោយការរៀបអាពាហ៍ពិពាហ៍ ត្រូវសងទ្រព្យ សម្បត្តិនោះ ត្រឹមកម្រិតនៃផលប្រយោជន៍ដែលបានទទួល ។
៣-ភាគីដែល បានដឹងអំពីមូលហេតុនៃការលុបចោល នៅពេលរៀបអាពាហ៍ពិពាហ៍ ត្រូវសងផលប្រយោជន៍ទាំងអស់ដែលបានទទួលដោយការរៀបអាពាហ៍ពិពាហ៍នោះ។ ប្រ
សិនបើភាគីម្ខាងទៀតសុចរិតវិញ ត្រូវទទួលខុសត្រូវចំពោះសំណងនៃការខូចខាតនោះ ។
៤-បញ្ញត្តិនៃមាត្រា ៩៨៨ (ការសន្មតបិតុភាព) នៃក្រមនេះ ត្រូវយកមកអនុវត្តផងដែរ ចំពោះកូនដែលមានកំណើតរវាងភាគីនៃអាពាហ៍ពិពាហ៍ដែលអាចលុបចោលបាន ។
៥-បញ្ញត្តិនៃមាត្រា ៩៨០ (ការបែងចែកទ្រព្យសម្បត្តិ) នៃក្រមនេះ ត្រូវយកមកអនុវត្តផងដែរ ចំពោះករណីនៃការរំលាយអាពាហ៍ពិពាហ៍ដែលអាចលុបចោលបាន ។
ផ្នែកទី ២
អានុភាពនៃអាពាហ៍ពិពាហ៍
មាត្រា ៩៦៥. នាមត្រកូលរបស់ប្ដី ប្រពន្ធ
ផ្អែកតាមការកំណត់នៅពេលរៀបអាពាហ៍ពិពាហ៍ ប្តី ប្រពន្ធ អាចប្រើនាមត្រកូលរបស់ប្តីឬប្រពន្ធ ឬអាចប្រើនាមត្រកូលដើមរៀងៗខ្លួនដែលមាននៅមុនពេលរៀប អាពាហ៍ពិពាហ៍បាន ។
មាត្រា ៩៦៦. ករណីយកិច្ចរួមរស់នឹងគ្នា សហការ និងសង្គ្រោះគ្នាទៅវិញទៅមក
ប្តីប្រពន្ធត្រូវរួមរស់ជីវភាពជាមួយគ្នា ហើយត្រូវសហការសង្គ្រោះគ្នាទៅវិញទៅមក ។
មាត្រា ៩៦៧. សេរីភាពក្នុងការជ្រើសរើសវិជ្ជាជីវៈ និងសិទ្ធិចូលរួមក្នុងសកម្មភាពសង្គម
ប្ដី ប្រពន្ធ មានសេរីភាពក្នុងការជ្រើសរើសវិជ្ជាជីវៈ ហើយអាចចូលរួមក្នុងសកម្មភាព នយោបាយ វប្បធម៌ សង្គម រៀងៗខ្លួនបាន ។
មាត្រា ៩៦៨. ការចាត់ទុកជានីតិជន ដោយអាពាហ៍ពិពាហ៍
ប្រសិនបើអនីតិជន បានរៀបអាពាហ៍ពិពាហ៍ អនីតិជននោះត្រូវបានចាត់ទុកថា បានដល់នីតិភាពដោយអាពាហ៍ពិពាហ៍នោះ ក្នុងការអនុវត្តក្រមរដ្ឋប្បវេណីនេះ ។
ផ្នែកទី ៣
ប្រព័ន្ធទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ
កថាភាគទី ១
ប្រព័ន្ធទ្រព្យសម្បត្តិតាមកិច្ចសន្យា
មាត្រា ៩៦៩. កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ និងប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់
១-ប្ដី ប្រពន្ធ អាចធ្វើកិច្ចសន្យាអំពីទំនាក់ទំនងទ្រព្យសម្បត្តិនៅមុន ឬក្រោយ អាពាហ៍ពិពាហ៍បាន ។ ប៉ុន្តែ កិច្ចសន្យានេះ មិនអាចធ្វើផ្ទុយនឹងបញ្ញត្តិស្តីពីសិទ្ធិទាមទារ អាហារកាតព្វកិច្ច និងភាគបម្រុងបានឡើយ ។
២-បើប្ដីប្រពន្ធមិនបានធ្វើកិច្ចសន្យាពិសេសចំពោះទ្រព្យសម្បត្តិនោះទេ ទំនាក់ទំនង ទ្រព្យសម្បត្តិនោះ ត្រូវអនុលោមតាមបញ្ញត្តិនៃកថាភាគទី ២ (ប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់) ។
មាត្រា ៩៧0. ភាពចាំបាច់នៃទម្រង់ជាលាយល័ក្ខណ៍អក្សរនៃកិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ និងល័ក្ខខ័ណ្ឌតតាំង
១-កិច្ចសន្យាទ្រព្យសម្បត្តិប្តីប្រពន្ធ ត្រូវធ្វើជាលាយល័ក្ខណ៍អក្សរ ។
២-ក្នុងករណីដែលប្តីប្រពន្ធបានធ្វើកិច្ចសន្យា ផ្សេងពីប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ ដោយច្បាប់ បើមិនបានចុះបញ្ជីទេ មិនអាចយកកិច្ចសន្យានោះមកតតាំងជាមួយ នឹងតតិយជន បានឡើយ ។
កថាភាគទី ២
ប្រព័ន្ធទ្រព្យសម្បត្តិដែលកំណត់ដោយច្បាប់
មាត្រា ៩៧១. ចំណែកបន្ទុកនៃសោហ៊ុយអាពាហ៍ពិពាហ៍
ប្តីប្រពន្ធត្រូវមានចំណែកបន្ទុកលើសោហ៊ុយ ដែលកើតចេញពីអាពាហ៍ពិពាហ៍ដោយពិចារណាទៅលើទ្រព្យសម្បត្តិ ប្រាក់ចំណូល និងស្ថានភាពផ្សេងៗទៀត ។
មាត្រា ៩៧២. ទ្រព្យសម្បត្តិដោយឡែក
ទ្រព្យសម្បត្តិដែលកំណត់ដូចខាងក្រោមនេះ គឺជាទ្រព្យសម្បត្តិដោយឡែក ដែលស្ថិតនៅក្រោមកម្មសិទ្ធិរបស់សហព័ទ្ធណាម្នាក់ :
ក-ទ្រព្យសម្បត្តិ ដែលសហព័ទ្ធមាន នៅមុនពេលរៀបអាពាហ៍ពិពាហ៍ ។
ខ-ទ្រព្យសម្បត្តិ ដែលសហព័ទ្ធទទួលបានដោយប្រទានកម្ម សន្តតិកម្ម អច្ច័យទាន នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ។
គ-ទ្រព្យសម្បត្តិជាតម្លៃតប ដែលទទួលបានពីការចាត់ចែងទ្រព្យសម្បត្តិដែលបាន កំណត់ក្នុងចំណុច ក និង ចំណុច ខ ខាងលើនេះ ។
មាត្រា ៩៧៣. ទ្រព្យសម្បត្តិរួម
ទ្រព្យសម្បត្តិរួម គឺជាទ្រព្យសម្បត្តិទាំងឡាយដែលប្តីប្រពន្ធទាំងសងខាង ឬតែម្ខាង ទទួលបាននៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ លើកលែងតែទ្រព្យសម្បត្តិដែលកំណត់ក្នុង ចំណុច ខ និង ចំណុច គ នៃមាត្រា ៩៧២ (ទ្រព្យសម្បត្តិដោយឡែក) ខាងលើនេះ ។
មាត្រា ៩៧៤. ការគ្រប់គ្រង និងការប្រើប្រាស់ទ្រព្យសម្បត្តិ
១-ប្ដីប្រពន្ធ មានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ទទួលផលប្រយោជន៍ និងគ្រប់គ្រង ទ្រព្យសម្បត្តិរួម ។ សហព័ទ្ធនីមួយៗ មានសិទ្ធិប្រើប្រាស់ទទួលផលប្រយោជន៍ និងគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួនរៀងៗខ្លួនបាន ។
២-សហព័ទ្ធ មានសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិរួម នៅក្នុងទំហំដែលចាំបាច់ដោយផ្អែកលើការចាំបាច់នៅក្នុងជីវភាព ។
៣-សហព័ទ្ធត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរួមដោយសហការគ្នា ។ សហព័ទ្ធម្ខាងអាច ទាមទារចំពោះភាគីម្ខាងទៀត ឱ្យធ្វើចំណាត់ការដែលចាំបាច់ដើម្បីគ្រប់គ្រង និងរក្សាទុកនូវទ្រព្យសម្បត្តិរួម បាន ។
៤-បើការពិភាក្សាអំពីការគ្រប់គ្រង ឬប្រើប្រាស់ទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធមិនបានសម្រេច ឬបើពុំអាចពិភាក្សាបានទេ ភាគីម្ខាងទៀតអាចទាមទារទៅតុលាការឱ្យធ្វើការចាត់ចែងចំពោះការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសម្បត្តិរួមបាន ។
មាត្រា ៩៧៥. ការទទួលខុសត្រូវដោយសាមគ្គីភាព ចំពោះកាតព្វកិច្ច
ប្តីប្រពន្ធត្រូវទទួលខុសត្រូវដោយសាមគ្គីភាព ចំពោះកាតព្វកិច្ចដែលកំណត់ខាងក្រោមនេះ :
ក-សោហ៊ុយដើម្បីរក្សាជីវភាពរួមរបស់ប្តីប្រពន្ធ និងសោហ៊ុយដើម្បីការអប់រំ ឬការព្យាបាល ថែទាំកូន ជាអាទិ៍ ។
ខ-កាតព្វកិច្ច និងករណីយកិច្ចផ្សេងៗទៀត ដែលប្តី ឬប្រពន្ធទាំងសងខាងបានព្រមព្រៀងតាមលិខិតជាលាយល័ក្ខណ៍អក្សរជាមួយម្ចាស់បំណុលនៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ឬកាតព្វកិច្ច និងករណីយកិច្ចផ្សេងៗទៀតដែលប្តី ឬប្រពន្ធណាម្ខាងបានទទួលបន្ទុក ដោយមានការយល់ព្រមតាមលិខិតជាលាយល័ក្ខណ៍អក្សរពីប្រពន្ធ ឬប្ដី ម្ខាងទៀត នៅក្នុងអំឡុងពេលអាពាហ៍ពិពាហ៍ ។
គ-សោហ៊ុយដើម្បីគ្រប់គ្រង និងរក្សាទ្រព្យសម្បត្តិរួម ។
មាត្រា ៩៧៦. ការចាត់ចែងទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធ
១-បើគ្មានការយល់ព្រមពីប្ដីប្រពន្ធទាំងសងខាងទេ ទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធមិនអាចយកទៅលក់ ឬធ្វើការចាត់ចែងផ្សេងទៀតបានឡើយ ។
២-ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើក៏ដោយ បើមានស្ថានភាពមិនអាច ជៀសវាង បានសម្រាប់ការថែទាំជីវភាពរួមក្នុងអាពាហ៍ពិពាហ៍ និងដើម្បីរក្សាជីវភាពរស់នៅ នោះប្ដីប្រពន្ធណាម្ខាងអាចលក់ ឬធ្វើការចាត់ចែងផ្សេងទៀត នូវទ្រព្យសម្បត្តិរួមបានដោយទទួលការអនុញ្ញាតពីតុលាការ ។
៣-ក្នុងករណីដែលប្តី ឬប្រពន្ធណាម្ខាងបានលក់ ឬធ្វើការចាត់ចែងផ្សេងទៀត នូវទ្រព្យសម្បត្តិរួម ដោយគ្មានការយល់ព្រមពីសហព័ទ្ធម្ខាងទៀតផង និងគ្មានការអនុញ្ញាត ពីតុលាការផងសហព័ទ្ធដែលមិនបានផ្តល់ការយល់ព្រម អាចទាមទារឱ្យលុបចោលនូវការ (ចាត់ចែងនោះ ទៅតុលាការបាននៅក្នុងអំឡុងពេល ២ (ពីរ) ឆ្នាំ គិតចាប់ពីពេលដែលបានដឹងអំពីការចាត់ចែងនោះ បើទ្រព្យសម្បត្តិរួមដែលត្រូវបានចាត់ចែងនោះ ជាអចលនវត្ថុ និងនៅក្នុងអំឡុងពេល ១ (មួយ) ឆ្នាំ គិតចាប់ពីពេលដែលបានដឹងអំពីការចាត់ចែងនោះ បើទ្រព្យសម្បត្តិរួមដែលត្រូវបានចាត់ចែងនោះជាទ្រព្យសម្បត្តិផ្សេង ។
មាត្រា ៩៧៧. ការអាស្រ័យនៅទ្រព្យសម្បត្តិដោយឡែក
១-ប្ដីប្រពន្ធម្ចាងអាចអាស្រ័យនៅអចលនវត្ថុ ដែលជាទ្រព្យសម្បត្តិដោយឡែករបស់ សហព័ទ្ធម្ខាងទៀត ហើយដែលត្រូវបានប្រើសម្រាប់ការអាស្រ័យនៅរបស់គ្រួសារបាន ។
២-ក្នុងករណីដែលប្តីប្រពន្ធម្ចាងអាស្រ័យនៅអចលនវត្ថុដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ទោះបីជាសហព័ទ្ធម្ខាងទៀត បានចាត់ចែងអចលនវត្ថុនោះ ក៏ដោយ ក៏អាចបន្តអាយនៅអចលនវត្ថុនោះបានដែរ ។
ផ្នែកទី ៤
ការលែងលះគ្នា
កថាភាគទី ១
មូលហេតុនៃការលែងលះគ្នា
មាត្រា ៩៧៨. មូលហេតុនៃការលែងលះគ្នា
១-ប្តី ឬ ប្រពន្ធ អាច ដាក់ពាក្យបណ្តឹងលែងលះគ្នា បានតែក្នុងករណីដែលកំណត់ខាងក្រោមនេះ :
ក-បើបានប្រព្រឹត្តអំពើផិត ទៅលើសហព័ទ្ធ ។
ខ-បើបានបោះបង់សហព័ទ្ធចោល ដោយគ្មានមូលហេតុត្រឹមត្រូវ ។
គ-បើមិនដឹងច្បាស់ថាសហព័ទ្ធស្លាប់ ឬរស់ អស់រយៈពេលជាង ១ (មួយ) ឆ្នាំ ។
ឃ-បើសហព័ទ្ធ បានរស់នៅបែកគ្នាជាបន្តបន្ទាប់ អស់រយៈពេលជាង ១ (មួយ) ឆ្នាំ ផ្ទុយនឹងគោលបំណងនៃអាពាហ៍ពិពាហ៍ ។
ង-ករណីផ្សេងទៀតដែលទំនាក់ទំនងអាពាហ៍ពិពាហ៍ត្រូវបានបែកបាក់ ហើយគ្មានសង្ឃឹមថានឹងអាចបដិទានឡើងវិញបាន ។
២-ទោះបីជាក្នុងករណី ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះក៏ដោយ ប្រសិនបើយល់ឃើញថា ការលែងលះគ្នានោះនឹងបញ្ហាលឱ្យការទ្រទ្រង់ជីវភាពរបស់សហព័ទ្ធ ឬកូនក្រលំបាកយ៉ាងខ្លាំង ឬមានការឈឺចាប់ដែលពុំអាចទ្រាំទ្របានតុលាការអាចច្រានចោលការទាមទារលែងលះគ្នា ដោយពិចារណាទៅលើស្ថានភាពទាំងឡាយបាន ។
៣-ក្នុងករណីដែលមានមូលហេតុដូចបានកំណត់នៅក្នុងចំណុច ឃ ឬ ចំណុច ង នៃកថាខណ្ឌទី ១ ខាងលើនេះ ប្រសិនបើយល់ឃើញថា ការទាមទារនោះផ្ទុយនឹងភាពសុចរិត ដោយជនដែលទាមទារឱ្យលែងលះគ្នានោះធ្វេសប្រហែសយ៉ាងខ្លាំង ក្នុងការសហប្រតិបត្តិ និងជួយសង្គ្រោះចំពោះសហព័ទ្ធតុលាការអាចច្រានចោលការទាមទារលែងលះគ្នានោះដោយឆន្ទានុសិទ្ធិ បាន ។
មាត្រា ៩៧៩. ការលែងលះដោយការព្រមព្រៀង
ភាគីនៃអាពាហ៍ពិពាហ៍ អាចដាក់ពាក្យបណ្តឹងលែងលះទៅតុលាការបានក្នុងករណីដែលភាគីសងខាង បានព្រមព្រៀងអំពីការលែងលះគ្នា ។ ប៉ុន្តែ តុលាការអាចឱ្យលែងលះគ្នាបានក្រោយពីបានយល់ឃើញថា ភាគីសងខាងមានបំណងពិតប្រាកដ ក្នុងការរំលាយទំនាក់ទំនងអាពាហ៍ពិពាហ៍ ។
មាត្រា ៩៨០. ការបែងចែកទ្រព្យសម្បត្តិ
១-ក្នុងករណីដែលប្តីប្រពន្ធលែងលះគ្នា ត្រូវបែងចែកទ្រព្យសម្បត្តិដោយយុត្តិធម៌ផ្អែកតាមការពិភាក្សារបស់ភាគីទាំងសងខាង ។
២-ក្នុងករណីដែលមិនអាចពិភាក្សាគ្នារវាងប្តីប្រពន្ធបានទេ ត្រូវបែងចែកទ្រព្យសម្បត្តិ ដោយផ្អែកតាមចំណុចនីមួយៗដូចកំណត់ខាងក្រោមនេះ :
ក-សហព័ទ្ធនីមួយៗ ត្រូវទទួលបាននូវទ្រព្យសម្បត្តិដោយឡែកដែលបានកំណត់នៅក្នុងមាត្រា ៩៧២ (ទ្រព្យសម្បត្តិដោយឡែក) ។
ខ-បន្ថែមពីលើទ្រព្យសម្បត្តិដោយឡែក សហព័ទ្ធនីមួយៗមានសិទ្ធិទទួលយក ១ ភាគ ២ (មួយភាគពីរ) នៃទ្រព្យសម្បត្តិរួម ។ ប៉ុន្តែ បើមានករណីពិសេស និងមានការទាមទាររបស់ប្ដីប្រពន្ធណាម្ខាងតុលាការក៏អាចបែងចែកទ្រព្យសម្បត្តិរួម ដោយពិចារណាទៅលើស្ថានភាពផ្សេងៗដូចជា ទំហំនៃការបរិច្ចាគរបស់ភាគីនីមួយៗ ទំហំនៃការបរិច្ចាគ របស់ភាគីនីមួយៗចំពោះលទ្ធកម្មនៃទ្រព្យសម្បត្តិការថែរក្សា ឬការបង្កើនទ្រព្យ អំឡុងពេលអាពាហ៍ពិពាហ៍ កម្រិតជីវភាពរស់នៅនៅក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ អាយុ ស្ថានភាពផ្លូវចិត្តនិងផ្លូវកាយវិជ្ជាជីវៈបាក់ចំណូលលទ្ធភាពធ្វើការងាររបស់ភាគី នីមួយៗ និងផលប្រយោជន៍របស់កូន ជាអាទិ៍ ។
៣-គេហកិច្ច ត្រូវចាត់ទុកថាមានតម្លៃស្មើនឹងការងារដែលធ្វើក្រៅផ្ទះដែរ ។
មាត្រា ៩៨១. ការលែងលះគ្នា និងនាមត្រកូល
ប្តីឬប្រពន្ធ ដែលបានប្តូរនាមត្រកូលថ្មីដោយអាពាហ៍ពិពាហ៍ អាចប្រើនាមត្រកូលដែលមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍វិញបាន ឬអាចប្រើនាមត្រកូលដែលបានប្រើនៅពេលលែងលះគ្នាក៏បាន ។
កថាភាគទី ២
នីតិវិធីនៃការលែងលះគ្នា
មាត្រា ៩៨២. បណ្តឹងនៃការលែងលះគ្នា
ទាមទាររបស់ប្ដីប្រពន្ធណាម្ខាង តុលាការក៏អាចបែងចែកទ្រព្យសម្បត្តិរួមដោយពិចារណាទៅលើស្ថានភាពផ្សេងៗដូចជា ទំហំនៃការបរិច្ចាគរបស់ភាគីនីមួយៗ ទំហំនៃការបរិច្ចាគ របស់ភាគីនីមួយៗចំពោះលទ្ធកម្មនៃទ្រព្យសម្បត្តិ ការថែរក្សា ឬការបង្កើនទ្រព្យ អំឡុង ពេលអាពាហ៍ពិពាហ៍ កម្រិតជីវភាពរស់នៅនៅក្នុងពេលមានចំណងអាពាហ៍ពិពាហ៍ អាយុ ស្ថានភាពផ្លូវចិត្តនិងផ្លូវកាយវិជ្ជាជីវៈបាក់ចំណូលលទ្ធភាពធ្វើការងាររបស់ភាគីនីមួយៗ និង ផលប្រយោជន៍របស់កូន ជាអាទិ៍ ។
៣-គេហកិច្ច ត្រូវចាត់ទុកថាមានតម្លៃស្មើនឹងការងារដែលធ្វើក្រៅផ្ទះដែរ ។
មាត្រា ៩៨១. ការលែងលះគ្នា និងនាមត្រកូល
ប្តីឬប្រពន្ធ ដែលបានប្តូរនាមត្រកូលថ្មីដោយអាពាហ៍ពិពាហ៍ អាចប្រើនាមត្រកូលដែលមាននៅមុនពេលរៀបអាពាហ៍ពិពាហ៍វិញបាន ឬអាចប្រើនាមត្រកូលដែល បានប្រើនៅពេលលែងលះគ្នាក៏បាន ។
កថាភាគទី ២
នីតិវិធីនៃការលែងលះគ្នា
មាត្រា ៩៨២. បណ្តឹងនៃការលែងលះគ្នា
១-ពាក្យបណ្តឹងលែងលះគ្នា អាចដាក់ទៅតុលាការដែលមានសមត្ថកិច្ច ដោយយោងតាមបញ្ញត្តិមាត្រា ១០ (សមត្ថកិច្ចសាលាជម្រះក្តីពិសេសលើរឿងក្តីលែងលះគ្នា និងរឿងក្តីអំពីបុត្តភាព) នៃក្រមនីតិវិធីរដ្ឋប្បវេណីបាន ។
២-ភាគីអាចដាក់ពាក្យសុំលែងលះគ្នាទៅក្រុមប្រឹក្សាឃុំសង្កាត់ ខាងលំនៅឋាន ឬទីសំណាក់ដូចបានកំណត់នៅក្នុងកថាខណ្ឌទី ១ និង ទី ៣ នៃមាត្រា ១០ (សមត្ថកិច្ចសាលា ជម្រះក្តីពិសេសលើរឿងក្តីលែងលះគ្នា និងរឿងក្តីអំពីបុត្តភាព) នៃក្រមនីតិវិធីរដ្ឋប្បវេណី បាន ។ ក្នុងករណីនេះ ក្រុមប្រឹក្សាឃុំសង្កាត់ អាចធ្វើការបញ្ចុះបញ្ចូលឱ្យសះជាគ្នា បានក្នុងអំឡុងពេល ១៥ (ដប់ប្រាំ) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំនោះ ។ បើមិនអាចបញ្ចុះបញ្ចូលឱ្យសះជាគ្នាបានទេ ត្រូវចាត់ទុកថាមានពាក្យបណ្តឹងលែងលះគ្នា ហើយក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ជូនពាក្យបណ្តឹងនោះ ទៅតុលាការជាបន្ទាន់ ។
មាត្រា ៩៨៣. ការចាត់ចែងរក្សាការពារ
តុលាការដែលទទួលពាក្យបណ្តឹងលែងលះគ្នា ក្នុងករណីចាំបាច់អាចចេញដីកា សម្រេចបង្គាប់ឱ្យធ្វើការចាត់ចែងរក្សាការពារ ចំពោះការបំបែកលំនៅការគ្រប់គ្រងថែរក្សាកូន ការគ្រប់គ្រងរក្សាទ្រព្យសម្បត្តិអាហារកាតព្វកិច្ចរបស់សហព័ទ្ធបន្ទុកនៃសោហ៊ុយអាពាហ៍ពិពាហ៍ និងសោហ៊ុយចិញ្ចឹមបីបាច់កូនជាអាទិ៍ តាមពាក្យសុំ ឬដោយឆន្ទានុសិទ្ធិបាន ។
មាត្រា ៩៨៤. ការសាកល្បងផ្សះផ្សា ដោយតុលាការ
១-ទោះបីជាភាគីម្ខាងទាមទារយ៉ាងខ្លាំង ចំពោះការលែងលះគ្នាក៏ដោយតុលាការអាចសាកល្បងធ្វើការផ្សះផ្សាបាន ។
២-បើការផ្សះផ្សាពុំអាចសម្រេចបានទេ តុលាការត្រូវយកបណ្ដឹងលែងលះគ្នាមកធ្វើការវិនិច្ឆ័យ ហើយធ្វើការប្រកាសសាលក្រម ។