ក្រមរដ្ឋប្បវេណី

គន្ថីទី៧

ញាតិ

ជំពូកទី ៥

អំណាចមេបា

ផ្នែកទី ១

បទប្បញ្ញត្តិទូទៅ

មាត្រា ១០៣៤. អត្ថន័យនៃអំណាចមេបា

អ្នកដែលមានអំណាចមេបា មានសិទ្ធិ និងករណីយកិច្ច ត្រូវបីបាច់រក្សារូបកាយរបស់កូនដែលជាអនីតិជន និង​គ្រប់គ្រងទ្រព្យសម្បត្តិរបស់កូននោះ ។

មាត្រា ១០៣៥. អំណាចមេបាលើកូនសុំ

អ្នកដែលមានអំណាចមេបាលើកូនសុំ គឺឪពុកម្តាយចិញ្ចឹម ។

មាត្រា ១០៣៦. គោលការណ៍នៃការសហការប្រើប្រាស់អំណាចមេបា

ឪពុកម្តាយដែលមាន ចំណងអាពាហ៍ពិពាហ៍   ត្រូវប្រើប្រាស់អំណាចមេបាដោយសហការគ្នា ។    ប៉ុន្តែ បើឪពុក ឬម្តាយណាម្ខាងពុំអាចប្រើប្រាស់អំណាចមេបាបានទេ ឪពុក ឬម្តាយម្ខាងទៀតត្រូវប្រើអំណាចមេបានោះ ។

ផ្នែកទី ២

ការសម្រេចអំពីអ្នកមានអំណាចមេបា ក្នុងករណីលែងលះគ្នា និងការទទួលស្គាល់

មាត្រា ១០៣៧. ការសម្រេចអំពីអ្នកមានអំណាចមេបានៅពេលលែងលះគ្នា

១-បើឪពុកម្តាយលែងលះគ្នាត្រូវកំណត់យកឪពុក ឬម្តាយណាម្ខាងជាអ្នកមានអំណាចមេបាតាមការពិភាក្សារបស់ឪពុកម្តាយ ។

២-ក្នុងករណីដែលឪពុកម្តាយ បានលែងលះគ្នានៅមុនកំណើតរបស់កូន ម្តាយគឺជា អ្នកមានអំណាចមេបាចំពោះកូនដែលបានកើតមកនោះ ។ ប៉ុន្តែ នៅក្រោយកំណើតរបស់ កូន អាចកំណត់យកឪពុកជាអ្នកមានអំណាចមេបា តាមការពិភាក្សារបស់ឪពុកម្តាយ បាន ។

៣-បើការពិភាក្សានៃកថាខណ្ឌទី ១ ឬកថាខណ្ឌទី ២ ខាងលើនេះ ពុំបានសម្រេច ឬបើពុំអាចពិភាក្សាបានទេ តុលាការត្រូវកំណត់អ្នកមានអំណាចមេបា ដោយពិចារណាទៅលើផលប្រយោជន៍របស់កូននោះ ។

មាត្រា ១០៣៨. ទំនាក់ទំនងរវាងការទទួលស្គាល់ និងអំណាចមេបា

១-អ្នកមានអំណាចមេបាលើកូន ដែលម្តាយមិនទាន់បានរៀបអាពាហ៍ពិពាហ៍បានបង្កើត គឺម្តាយ ។

២-ឪពុក អាចប្រើប្រាស់អំណាចមេបា ចំពោះកូនដែលខ្លួនបានទទួលស្គាល់បានតែក្នុងករណីដែលការពិភាក្សារបស់ឪពុកម្តាយ    បានកំណត់យកឪពុកនោះជាអ្នកមានអំណាចមេបា ។

៣-បើការពិភាក្សា ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ខាងលើនេះ ពុំបានសម្រេច ឬបើពុំអាចធ្វើការពិភាក្សានោះបានទេ តុលាការត្រូវកំណត់អ្នកមានអំណាច មេបាតាមការទាមទាររបស់ឪពុក ឬម្តាយ ។

៤-ក្រោយពេលដែលឪពុកបានទទួលស្គាល់កូនហើយ ប្រសិនបើឪពុកម្តាយបានរៀបអាពាហ៍ពិពាហ៍ ឪពុកម្តាយត្រូវអនុវត្តអំណាចមេបាដោយសហការគ្នា ។

មាត្រា ១0៣៩. ការផ្លាស់ប្តូរអ្នកដែលមានអំណាចមេបា

នៅក្នុងករណីនៃបញ្ញត្តិមាត្រា ១០៣៧ (ការសម្រេចអំពីអ្នកមានអំណាចមេបានៅ ពេលលែងលះគ្នា) និង មាត្រា ១០៣៨ (ទំនាក់ទំនងរវាងការទទួលស្គាល់ និង អំណាចមេបា) ខាងលើនេះ តុលាការអាចផ្លាស់ប្តូរអ្នកដែលមានអំណាចមេបាតាមការទាមទាររបស់ញាតិនៅក្នុង ៤ (បួន) ថ្នាក់របស់កូនបានប្រសិនបើទទួលស្គាល់ថាចាំបាច់ ដើម្បីផលប្រយោជន៍របស់កូន ។

មាត្រា ១០៤០. សិទ្ធិ និងករណីយកិច្ចរបស់ឪពុកម្តាយដែលមិនរស់នៅជាមួយកូន

១-ឪពុក ឬ ម្តាយ ដែលពុំមានអំណាចមេបា ក្រោយពេលលែងលះគ្នាមានសិទ្ធិចូលជួប និងប្រាស្រ័យទាក់ទងជាមួយកូន និងមានករណីយកិច្ចទទួលបន្ទុកលើសោហ៊ុយ ដែលចាំបាច់ដើម្បីគ្រប់គ្រងថែរក្សាកូន ។

២-ឪពុកម្តាយដែលមានបំណងចង់លែងលះគ្នាត្រូវពិភាក្សា និងកំណត់អំពីរបៀបចូលជួប និងប្រាស្រ័យទាក់ទងជាមួយកូន និងសោហ៊ុយចាំបាច់ដែលត្រូវទទួលបន្ទុកដើម្បីគ្រប់គ្រងថែរក្សាកូន ។

៣-ឪពុកដែលមិន បានរស់នៅជាមួយកូនដែលបានទទួលស្គាល់អាចពិភាក្សា និង កំណត់ជាមួយម្តាយ អំពីរបៀបចូលជួបប្រាស្រ័យទាក់ទង និងសោហ៊ុយចាំបាច់ដែលត្រូវទទួលបន្ទុកដើម្បីគ្រប់គ្រងថែរក្សាកូនបាន។

៤ -បើការពិភាក្សាដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ និង ទី ៣ ខាងលើនេះពុំ បានសម្រេច    ឬបើពុំអាចធ្វើការពិភាក្សាបាន    ទេតុលាការត្រូវកំណត់អំពីរបៀបចូលជួបប្រាស្រ័យទាក់ទង និងសោហ៊ុយចាំបាច់ដែលត្រូវទទួលបន្ទុកដើម្បីគ្រប់គ្រងថែរក្សាកូនតាមការទាមទាររបស់ឪពុក ឬម្តាយ ។

៥-បើទទួលស្គាល់ថាចាំបាច់ដើម្បីផលប្រយោជន៍របស់កូន តុលាការអាចផ្លាស់ប្តូរ របៀបចូលជួបប្រាស្រ័យទាក់ទងនិងសោហ៊ុយចាំបាច់ដែលត្រូវទទួលបន្ទុកដើម្បី គ្រប់គ្រងថែរក្សាកូន តាមការទាមទាររបស់ឪពុក ឬម្តាយបាន ។

៦-នៅក្នុងការសម្រេចសេចក្តីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ៤ និង ទី ៥ ខាង លើនេះ តុលាការត្រូវកំណត់អំពីការចូលជួបប្រាស្រ័យទាក់ទង ដោយយកផលប្រយោជន៍ របស់កូនជាអាទិភាព និងត្រូវកំណត់អំពីសោហ៊ុយចាំបាច់ដែលត្រូវទទួលបន្ទុកដើម្បីគ្រប់គ្រងថែរក្សាកូនដោយគិតពិចារណាទៅលើស្ថានភាពនៃជីវភាព និងស្ថានភាពសេដ្ឋកិច្ចរបស់ឪពុកម្តាយ ។

៧-ប្រសិនបើឪពុក ឬម្តាយមិនអាចពិភាក្សា ឬមិនអាចទាមទារទៅតុលាការបានទេញាតិនៅក្នុង ៤ (បួន) ថ្នាក់ របស់កូនអាចធ្វើការទាមទារដែលបានកំណត់នៅ ក្នុងកថាខណ្ឌទី ៤ និង ទី ៥ ខាងលើនេះបាន។

មាត្រា ១0៤១. សិទ្ធិទាមទារឱ្យរាយការណ៍អំពីស្ថានភាពរបស់កូន

១-ឪពុក ឬម្តាយ ដែលពុំមានអំណាចមេ បាលើកូនអាចទាមទារឱ្យអ្នកដែលមាន អំណាចមេបារាយការណ៍អំពីស្ថានភាពរបស់កូននោះ បាន ។

២-ចំពោះខ្លឹមសារ និងរបៀបរបបនៃការរាយការណ៍ ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវកំណត់តាមការពិភាក្សារវាងឪពុកម្តាយ។     ប៉ុន្តែ បើការពិភាក្សាពុំបានសម្រេច ឬបើពុំអាចធ្វើការពិភាក្សាបានទេ តុលាការអាចសម្រេចសេចក្តី ជំនួសការពិភាក្សា តាមការទាមទាររបស់ឪពុក ឬម្តាយបាន ។

៣-ញាតិក្នុង ៤ (បួន) ថ្នាក់ របស់កូនអាចទាមទារឱ្យរាយការណ៍អំពីស្ថានភាពរបស់កូនចំពោះអ្នកមានអំណាចមេបាបាន ។

មាត្រា ១0៤២. ករណីយកិច្ចពិភាក្សាអំពីចំណុចសំខាន់ៗទាក់ទងទៅនឹងកូន

លើកលែងតែករណីដែលមានភាពចាំបាច់បន្ទាន់ អ្នកដែលមានអំណាចមេបាត្រូវ ពិភាក្សាជាមួយឪពុក ឬម្តាយដែលពុំមានអំណាចមេបាអំពីចំណុចដែលទាក់ទងទៅ នឹងកូន ដូចមានកំណត់ខាងក្រោមនេះ :

ក-ការអប់រំរបស់កូនដែលហួសពីកម្រិតនៃកាតព្វកិច្ចអប់រំ ដែលជាករណីយកិច្ចកំណត់ដោយច្បាប់ ។

ខ-ការផ្លាស់ប្តូរទីសំណាក់របស់កូន ពីខេត្ត-ក្រុងមួយ ទៅខេត្ត-ក្រុងមួយទៀត ។

គ-វិជ្ជាជីវៈ ឬអាជីវកម្មរបស់កូន ។

ឃ-សកម្មភាពព្យាបាល ដែលទាក់ទងដល់អាយុជីវិតរបស់កូន ។

ង-ការចាត់ចែងទ្រព្យសម្បត្តិសំខាន់របស់កូន ។

ច-ចំណុចសំខាន់ៗផ្សេងទៀត ដែលទាក់ទងទៅនឹងការគ្រប់គ្រងថែរក្សាកូន និងទ្រព្យសម្បត្តិរបស់កូន ។

ផ្នែកទី៣

សិទ្ធិ និងករណីយកិច្ចរបស់អ្នកដែលមានអំណាចមេបា

មាត្រា ១០៤៣. ការអប់រំកូន

អ្នកមានអំណាចមេបា មានសិទ្ធិ និងករណីយកិច្ចអប់រំកូន ។

មាត្រា ១០៤៤. ទីសំណាក់របស់កូន

ទីសំណាក់របស់កូនត្រូវកំណត់នៅទីកន្លែងដែលអ្នកមានអំណាចមេបា បានកំណត់ ។

មាត្រា ១០៤៥. ការដាក់ទណ្ណកម្មកូន

អ្នកមានអំណាចមេបា អាចដាក់ទណ្ណកម្មកូនដោយខ្លួនឯង នៅក្នុងទំហំដែលចាំបាច់ បាន ។

មាត្រា ១០៤៦. ការអនុញ្ញាតឱ្យប្រកបវិជ្ជាជីវៈ និងអាជីវកម្ម

១-កូន មិនអាចប្រកបវិជ្ជាជីវៈបានឡើយ បើមិនបានទទួលការអនុញ្ញាតពីអ្នកមាន អំណាចមេបា ។

២-ក្នុងករណីដែលបានកំណត់ក្នុងកថាខណ្ឌទី ២ មាត្រា ២០ (អនីតិជនដែលត្រូវបានអនុញ្ញាតឱ្យប្រកបអាជីវកម្ម) នៃក្រមនេះ អ្នកមានអំណាចមេបា អាចលុបចោល ឬកម្រិតការអនុញ្ញាត ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើ នេះបាន ។

មាត្រា ១០៤៧. ការទាមទារឱ្យប្រគល់កូន

១-អ្នកមានអំណាចមេបា អាចទាមទារឱ្យតតិយជន ដែលមិនព្រមប្រគល់កូនដោយផ្ទុយនឹងច្បាប់ ប្រគល់កូនបាន ។

២-អ្នកមានអំណាចមេបាអាចទាមទារឱ្យឪពុក ឬម្តាយ ដែលពុំមានអំណាចមេបា ប្រគល់កូនបាន ។

ផ្នែកទី ៤

ការព្យួរ នឹងការដកហូតអំណាចមេបា

មាត្រា ១០៤៨. ការប្រកាសការព្យួរ ឬការដកហូតអំណាចមេបា

បើឪពុក ឬម្តាយដែលអនុវត្តអំណាចមេបា បានបំពានសិទ្ធិអំណាចក្នុងនាមជាអ្នកមានអំណាចមេបា ឬបើបានធ្វេសប្រហែសក្នុងការបំពេញករណីយកិច្ចក្នុងនាមជាអ្នកមានអំណាចមេបា តុលាការអាចប្រកាសព្យួរ ឬការដកហូតអំណាចមេបា តាមការទាមទាររបស់ញាតិក្នុង ៤ (បួន) ថ្នាក់របស់កូនមេឃុំ ឬចៅសង្កាត់នាយកមជ្ឈមណ្ឌលសាធារណៈសម្រាប់សុខុមាលភាពកុមារ ឬតំណាងអយ្យការបាន ។

មាត្រា ១០៤៩. ការលុបចោលនូវការប្រកាសការព្យួរ ឬការដកហូតអំណាចមេបា

បើមូលហេតុដែលបានកំណត់ក្នុងមាត្រា ១០៤៨ (ការប្រកាសការព្យួរ ឬការដកហូត អំណាចមេបា) ខាងលើនេះ បានបញ្ចប់  ហើយតុលាការអាចលុបចោលការប្រកាសការព្យួរ ឬ ការដកហូតសិទ្ធិអំណាចក្នុងនាមជាអ្នកមានអំណាចមេបា តាមការទាមទាររបស់សាមីជនដែលបានទទួលការប្រកាសការព្យួរ ឬការដកហូតអំណាចមេបា ឬញាតិក្នុង ៤ (បួន) ថ្នាក់ របស់ជននោះបាន ។

មាត្រា ១០៥០. ការលាឈប់ និងបដិទានរបស់អ្នកមានអំណាចមេបា

១-បើមានមូលហេតុដែលពុំអាចជៀសវាងបានឪពុក ឬម្តាយដែលអនុវត្តអំណាចមេបា អាចលាឈប់ពីការធ្វើជាអ្នកមានអំណាចមេបាបានដោយទទួលការអនុញ្ញាតពីតុលាការ ។

២-បើមូលហេតុដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវបានបញ្ចប់ហើយឪពុក ឬម្តាយ ដែលបានលាឈប់ពីការធ្វើជាអ្នកមានអំណាចមេបា អាចទទួលបដិទាននូវអំណាចមេបានោះវិញ បានដោយទទួលការអនុញ្ញាតពីតុលាការ ។

មាត្រា ១០៥១. ការផ្លាស់ប្តូរអ្នកមានអំណាចមេបា

១-ក្នុងករណីដែលឪពុកម្តាយតែម្ខាង ជាអ្នកមានអំណាចមេបា ហើយកូនបានធ្លាក់ទៅក្នុងស្ថានភាពដែលពុំមានអ្នកមានអំណាចមេបា ដោយសារអ្នកនោះត្រូវបានប្រកាសការព្យួរ ឬ ការដកហូតអំណាចមេបា ឬបានលាឈប់ពីការធ្វើជាអ្នកមានអំណាចមេបាតុលាការអាចយកឪពុក ឬម្តាយ ដែលពុំមានអំណាចមេបា មកធ្វើជាអ្នកមានអំណាចមេបារបស់កូនបាន ។

២-ប្រសិនបើមានការចាំបាច់ ញាតិក្នុង ៤ (បួន) ថ្នាក់ របស់កូនអាចទាមទារឱ្យធ្វើការប្រកាសដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បាន ។

៣-នៅពេលលែងលះគ្នាប្រសិនបើឪពុក ឬម្តាយដែលធ្វើជាអ្នកមានអំណាច មេបារបស់កូនតាមការពិភាក្សា បានទទួលមរណភាពប្រសិនបើកូនពុំមានអ្នកមានអំណាចមេបាទេ ឪពុក ឬម្តាយដែលពុំបានធ្វើជាអ្នកមានអំណាចមេបា ត្រូវក្លាយជាអ្នកមានអំណាចមេបា ។

មាត្រា ១០៥២. ការចាប់ផ្តើមអាណាព្យាបាលសម្រាប់អនីតិជន

១-បើមានស្ថានភាពដែលពុំមានអ្នកមានអំណាចមេបា ចំពោះកូនតាមបញ្ញត្តិនៃមាត្រា ១០៤៨ (ការប្រកាសការព្យួរ ឬការដកហូតអំណាចមេបា) ឬ កថាខណ្ឌទី ១ នៃ មាត្រា ១០៥០ (ការលាឈប់ និងបដិទានរបស់អ្នកមានអំណាចមេបា) ហើយបើពុំបានផ្លាស់ប្តូរអ្នកមានអំណាចមេបាតាមបញ្ញត្តិនៃមាត្រា ១០៥១ (ការផ្លាស់ប្តូរអ្នកមានអំណាចមេបា) ខាងលើនេះទេ អាណាព្យាបាលសម្រាប់អនីតិជនចំពោះកូននោះ ត្រូវចាប់ផ្តើម តាមបញ្ញត្តិនៃមាត្រា ១០៦៧ (មូលហេតុនៃការចាប់ផ្តើមអាណាព្យាបាលសម្រាប់អនីតិជន) ។

២-ក្នុងករណីដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ តុលាការត្រូវជ្រើសតាំងអ្នកអាណាព្យាបាលសម្រាប់អនីតិជន ដោយយោងតាមបញ្ញត្តិនៃកថាខណ្ឌទី ៣ មាត្រា ១០៦៨ (អ្នកអាណាព្យាបាលសម្រាប់អនីតិជនដែលត្រូវបានកំណត់អ្នកអាណាព្យាបាលសម្រាប់អនីតិជនដែលត្រូវបានជ្រើសតាំង និងមូលដ្ឋាននៃការជ្រើសតាំង) ។

ផ្នែកទី ៥

សិទ្ធិអំណាចគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន

មាត្រា ១០៥៣. ការគ្រប់គ្រងទ្រព្យសម្បត្តិ និងការតំណាង

អ្នកមានអំណាចមេបាមានសិទ្ធិ និងករណីយកិច្ច ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន និងក្នុងការតំណាងឱ្យកូននោះចំពោះសកម្មភាពដែលទាក់ទងទៅនឹងទ្រព្យ សម្បត្តិនោះ ។ ប៉ុន្តែ បើសកម្មភាពរបស់អ្នកមានអំណាចមេបា បង្កើតកាតព្វកិច្ចដែលមានកម្មវត្ថុជាសកម្មភាពរបស់កូននោះអ្នកមានអំណាចមេបាត្រូវទទួលការយល់ព្រមពីកូននោះ។

មាត្រា ១0៥៤. សកម្មភាពដែលអ្នកមានអំណាចមេបាតែម្ខាងបានធ្វើក្នុងនាមជាអ្នកមានអំណាចមេបាទាំងសងខាង

១-បើឪពុក ឬម្តាយណាម្ខាង ក្នុងចំណោមអ្នកមានអំណាចមេបារួមធ្វើសកម្មភាពណាមួយជំនួសកូន ក្នុងនាមជាអ្នកមានអំណាចមេបាទាំងសងខាងទោះជាសកម្មភាពនោះ ផ្ទុយនឹងឆន្ទៈរបស់ឪពុក ឬម្តាយម្ខាងទៀតក៏ដោយអានុភាពនៃសកម្មភាពនោះ ពុំត្រូវបានរារាំងឡើយ ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលភាគីម្ខាងទៀត នៃសកម្មភាពនោះ មានបំណងទុច្ចរិត ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលឪពុក ឬម្តាយណាម្ខាងក្នុងចំណោមអ្នកមានអំណាចមេបារួម​ បានយល់ព្រមឱ្យកូនធ្វើសកម្មភាពណាមួយទោះបីជាសកម្មភាព​នោះ ផ្ទុយនឹងឆន្ទៈរបស់ឪពុក ឬម្តាយម្ខាងទៀតក៏ដោយ ។

មាត្រា ១០៥៥. ករណីយកិច្ចប្រុងប្រយ័ត្ន នៅក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ

អ្នកមានអំណាចមេបា     ត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូនដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត ។

មាត្រា ១០៥៦. ការគណនានូវចំណូលចំណាយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិ

បើកូនបានក្លាយជានីតិជនហើយអ្នកមានអំណាចមេបា ត្រូវគណនានូវចំណូល ចំណាយក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូននោះ ដោយគ្មានការយឺតយ៉ាវ ។  ប៉ុន្តែសោហ៊ុយចិញ្ចឹមបីបាច់កូននោះ និងសោហ៊ុយគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូននោះ ត្រូវចាត់ទុកថាបានទូទាត់ជាមួយនឹងផលចំណូលពីទ្រព្យសម្បត្តិរបស់កូននោះ ។

មាត្រា ១០៥៧. បញ្ញត្តិពិសេស

បញ្ញត្តិនៃវាក្យខណ្ឌទី ២ នៃមាត្រា ១០៥៦ (ការគណនានូវចំណូលចំណាយក្នុងការ គ្រប់គ្រងទ្រព្យសម្បត្តិ) ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះទ្រព្យសម្បត្តិដែល ត្រូវបានផ្តល់ដោយមិនគិតថ្លៃទៅឱ្យកូនដោយតតិយជនដែលបានបង្ហាញឆន្ទៈផ្ទុយ នឹងវាក្យ ខណ្ឌទី ២ នៃមាត្រា ១០៥៦ នោះ ។

មាត្រា ១០៥៨. ការគ្រប់គ្រងទ្រព្យសម្បត្តិដែលតតិយជនបានផ្តល់ទៅឱ្យកូន

១-ប្រសិនបើតតិយជន ដែលបានផ្តល់ទ្រព្យសម្បត្តិឱ្យទៅកូនដោយមិនគិតថ្លៃបានបង្ហាញឆន្ទៈថា មិនឱ្យឪពុកម្តាយណាម្ខាង ឬទាំងសងខាង ដែលអនុវត្តអំណាចមេបាគ្រប់គ្រងទ្រព្យសម្បត្តិនោះទេទ្រព្យសម្បត្តិនោះពុំត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់ ឪពុកម្តាយណាម្ខាង ឬទាំងសងខាងឡើយ ។

២-ក្នុងករណីដែលអ្នកមានអំណាចមេបា ពុំបានអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើតតិយជនពុំបានកំណត់អ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិនោះទេ តុលាការអាចជ្រើសតាំងអ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិនោះតាមការទាមទាររបស់កូន ញាតិក្នុង ៤ (បួន) ថ្នាក់របស់កូន ឬតំណាង អយ្យការ បាន ។

៣-ទោះបីជាតតិយជន បានកំណត់អ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិក៏ដោយបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាដែរ នៅក្នុងករណីដែលសិទ្ធិអំណាចរបស់អ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិនោះ បានរលត់ ឬមានការចាំបាច់ត្រូវផ្លាស់ប្តូរអ្នកនោះ តែតតិយជននោះ មិនបានកំណត់អ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិផ្សេងទៀត ។

៤-បញ្ញត្តិចាប់ពីមាត្រា៣៧ (ការជ្រើសតាំងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិដោយតុលាការ) រហូតដល់មាត្រា ៤០ (សិទ្ធិរបស់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិជាអាទិ៍) នៃក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ២ និង ទី ៣ ខាងលើនេះ ។

មាត្រា ១០៥៩. ការអនុវត្តដូចគ្នានៃបញ្ញត្តិស្តីពីអាណត្តិ

បញ្ញត្តិនៃមាត្រា ៦៥០ (ករណីយកិច្ចសង្គ្រោះបន្ទាន់របស់អាណត្តិគាហក នៅក្រោយពេលបញ្ចប់អាណត្តិ) និងមាត្រា ៦៥១ (ល័ក្ខខ័ណ្ឌតតាំងនៃការបញ្ចប់អាណត្តិ) នៃ ក្រមនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះករណីដែលអ្នកមានអំណាចមេបា ជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិរបស់កូន និងករណីដែលបានកំណត់នៅក្នុងមាត្រា ១០៥៨ (ការ គ្រប់គ្រងទ្រព្យសម្បត្តិដែលតតិយជនបានផ្តល់ទៅឱ្យកូន) ខាងលើនេះ ។

មាត្រា ១០៦០. អាជ្ញាយុកាលនៃការរំលត់លិទ្ធិលើបំណុលដែលទាក់ទងទៅនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរវាងឪពុកម្តាយ និង កូន

១-សិទ្ធិលើបំណុលដែលកើតឡើងរវាងអ្នកមានអំណាចមេបា និងកូន ចំពោះការ គ្រប់គ្រងទ្រព្យសម្បត្តិ ត្រូវរលត់ដោយអាជ្ញាយុកាលបើពុំបានអនុវត្តសិទ្ធិនោះ ក្នុងអំឡុងពេល ៣ (បី) ឆ្នាំ គិតចាប់ពីពេល  ដែលសិទ្ធិអំណាចនៃការអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិបានរលត់ ។

២-ក្នុងករណីដែលសិទ្ធិអំណាចក្នុងការអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិ បានរលត់នៅក្នុងពេលដែលកូនពុំទាន់ក្លាយជានីតិជន បើកូនពុំមានអ្នកតំណាងដែលច្បាប់បានកំណត់ អំឡុងពេលដែលបានកំណត់ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវគណនាអំឡុងពេលដោយ គិតចាប់ពីពេលដែលកូននោះក្លាយជានីតិជន ឬពេលដែលអ្នកតំណាងដែលច្បាប់បានកំណត់ ដែលស្នងបន្តនោះ បានឡើងកាន់តំណែង ។

ផ្នែកទី ៦

ការព្យួរ និងការដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិ

មាត្រា ១០៦១. ការប្រកាសការព្យួរឬការ ដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រង

ទ្រព្យសម្បត្តិ បើអ្នកមានអំណាចមេបា បានធ្វើឱ្យអន្តរាយដល់ទ្រព្យសម្បត្តិរបស់កូន ដោយសារការគ្រប់គ្រងមិនត្រឹមត្រូវតុលាការអាចប្រកាសព្យួរ ឬដកហូតសិទ្ធិអំណាចនៃការគ្រប់ គ្រងតាមការទាមទាររបស់ញាតិក្នុង ៤ (បួន) ថ្នាក់របស់កូនមេឃុំ ឬចៅសង្កាត់នាយកមជ្ឈមណ្ខលសាធារណៈសម្រាប់សុខុមាលភាពកុមារ ឬតំណាងអយ្យការបាន ។

មាត្រា ១០៦២. ការលុបចោលការប្រកាសការព្យួរ និងការដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិ

បើមូលហេតុដែលបានកំណត់នៅក្នុងមាត្រា ១០៦១ (ការប្រកាសការព្យួរ ឬការដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិ) ខាងលើនេះ បានបញ្ចប់ ហើយតុលាការអាចលុបចោលការប្រកាសការព្យួរឬការដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យ សម្បត្តិតាមការទាមទាររបស់សាមីជនដែលបានទទួលការប្រកាសការព្យួរ ឬការដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិ ឬញាតិក្នុង ៤ (បួន) ថ្នាក់ របស់ជននោះបាន ។

មាត្រា ១០៦៣. ការលាឈប់ និងបដិទាននៃការគ្រប់គ្រងទ្រព្យសម្បត្តិ

១-បើមានមូលហេតុពុំអាចជៀសវាងបានអ្នកមានអំណាចមេបា អាចលាឈប់ពីសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិបានដោយទទួលការអនុញ្ញាតពីតុលាការ ។

២-បើមូលហេតុដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បានបញ្ចប់ ហើយ អ្នកមានអំណាចមេបា ដែលបានលាឈប់ពីសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិអាចទទួលបដិទាននូវសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិនោះវិញ បានដោយទទួលការអនុញ្ញាតពីតុលាការ ។

មាត្រា ១០៦៤. ករណីដែលពុំមានអ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិ

បើពុំមានអ្នកអនុវត្តការគ្រប់គ្រងទ្រព្យសម្បត្តិ តាមបញ្ញត្តិនៃមាត្រា ១០៦១ (ការប្រកាសការព្យួរ ឬការដកហូតសិទ្ធិអំណាចនៃការគ្រប់គ្រងទ្រព្យសម្បត្តិ) ឬកថាខណ្ឌទី ១ នៃមាត្រា ១០៦៣ (ការលាឈប់ និងបដិទាននៃការគ្រប់គ្រងទ្រព្យសម្បត្តិ) ខាងលើនេះទេ តុលាការត្រូវសម្រេចសេចក្តីជ្រើសតាំងអ្នកតំណាងពិសេសឱ្យកូន ។

មាត្រា ១០៦៥. ករណីដែលផលប្រយោជន៍របស់អ្នកមានអំណាចមេបា និងកូនមានភាពផ្ទុយគ្នា

១-ចំពោះសកម្មភាពដែលផលប្រយោជន៍របស់អ្នកមានអំណាចមេបា និងកូនមានភាពផ្ទុយគ្នាអ្នកមានអំណាចមេបា ត្រូវទាមទារឱ្យតុលាការជ្រើសតាំងអ្នកតំណាងពិសេសសម្រាប់កូន ។

២-ក្នុងករណីដែលអ្នកមានអំណាចមេបា អនុវត្តអំណាចមេបាចំពោះកូនច្រើននាក់ចំពោះសកម្មភាពដែលផលប្រយោជន៍របស់កូនម្នាក់នោះ និងកូនផ្សេងទៀត មានភាពផ្ទុយគ្នា អ្នកមានអំណាចមេបា ត្រូវទាមទារឱ្យតុលាការជ្រើសតាំងអ្នកតំណាងពិសេសសម្រាប់កូនណាម្ខាង ។

ផ្នែកទី ៧

ការយកមកអនុវត្តដូចគ្នានៃជំពូកនេះ

មាត្រា ១០៦៦. អ្នកជំនួសអំណាចមេបា

ចំពោះកូនរបស់អនីតិជនដែលមិនទាន់ បានរៀបអាពាហ៍ពិពាហ៍ អ្នកមានអំណាច មេបារបស់អនីតិជននោះ ត្រូវអនុវត្តអំណាចមេបាជំនួស ។   ក្នុងករណីនេះ បញ្ញត្តិនៃជំពូកែ ៥ (អំណាចមេបា) នេះ ត្រូវយកមកអនុវត្តផងដែរ ចំពោះអ្នកដែលអនុវត្តអំណាចមេបា ជំនួស ។