ក្រមរដ្ឋប្បវេណី

គន្ថីទី៨

សន្តតិកម្ម

ជំពូកទី ៥

ការយល់ព្រម និងការបោះបង់សន្តតិកម្ម

ផ្នែកទី ១

បទប្បញ្ញត្តិទូទៅ

មាត្រា ១២៤៨. អំឡុងពេលនៃការយល់ព្រម ឬ ការបោះបង់

១-សន្តតិជន ត្រូវធ្វើការយល់ព្រម ឬការបោះបង់សន្តតិកម្ម ទាំងស្រុង ឬដោយកម្រិត នៅក្នុងអំឡុងពេល ៣ (បី) ខែ គិតចាប់ពីពេលដែលបានដឹងថា សន្តតិកម្មចំពោះ ខ្លួនបានចាប់ផ្ដើម ។    ប៉ុន្តែ អំឡុងពេលនេះ អាចពន្យារទៀត បានតាមពាក្យសុំរបស់សន្តតិជនទៅតុលាការ ។

២-សន្តតិជន អាចធ្វើការស្រាវជ្រាវមត៌ក បាននៅមុនពេលធ្វើការយល់ព្រម ឬការបោះបង់ ។

មាត្រា ១២៤៩. ករណីពិសេសនៃអំឡុងពេល បើសន្តតិជនទទួលមរណភាព

បើសន្តតិជន បានទទួលមរណភាពនៅមុនពេលធ្វើការយល់ព្រម ឬការបោះបង់​អំឡុងពេលដែល បាន​កំណត់​នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១២៤៨ (អំឡុងពេលនៃការយល់ព្រម ឬការបោះបង់) ខាងលើនេះ ត្រូវគណនាដោយគិតចាប់ពីពេលដែលសន្តតិជនរបស់ជននោះ បានដឹងថាសន្តតិកម្មចំពោះខ្លួន បាន​ចាប់​ផ្ដើម។

មាត្រា ១២៥០. ករណីពិសេសនៃអំឡុងពេល បើសន្តតិជនជាអនីតិជន ជាអាទិ៍

បើសន្តតិជន ជាអនីតិជន ឬ​ជន​នៅ​ក្រោមអាណាព្យាបាល​ទូទៅ​អំឡុងពេល​ដែល​បាន​កំណត់​នៅ​ក្នុង​កថា​ខណ្ឌទី ១ នៃមាត្រា ១២៤៨ (អំឡុងពេលនៃការយល់ព្រម ឬការបោះបង់) ខាងលើនេះ ត្រូវ​គណនា​ដោយ​គិតចាប់ពីពេលដែលអ្នកតំណាងដែលច្បាប់បានកំណត់នោះ បានដឹងថា សន្តតិកម្ម​ចំពោះ​ជន​ដែល​ជា​អនីតិជន ឬជននៅក្រោម អាណាព្យាបាលទូទៅនោះ បានចាប់ផ្ដើម។

មាត្រា ១២៥១. ករណីពិសេសនៃអំឡុងពេលបើសន្តតិជនមិនដឹង អំពីអត្ថិភាពនៃកាតព្វកិច្ច

១-ក្នុងករណីដែលមតកជន មានកាតព្វកិច្ចដែលមានចំនួនទឹកប្រាក់ច្រើន ហើយ​មិន​អាច​យក​មត៌ក​ទៅ​សង​ឱ្យ​គ្រប់ចំនួនបានទេ បើសន្តតិជន មិន​អាច​ដឹង​អំពី​អត្ថិភាព​នៃ​កាតព្វកិច្ច​នោះ​តាម​ស្ថាន​ភាព​នៃ​ជីវភាព​របស់​មតកជន ស្ថានភាពនៃទ្រព្យសម្បត្តិរបស់មតកជន ឬស្ថានភាពផ្សេងៗទៀត អំឡុង​ពេល​ដែល​បាន​កំណត់​នៅ​ក្នុងកថាខណ្ឌទី១ នៃមាត្រា ១២៤៨ (អំឡុងពេលនៃការយល់ព្រម ឬការបោះបង់) ខាងលើនេះ ត្រូវគណនា ដោយគិតចាប់ពីពេលដែលសន្តតិជនបានដឹងអំពីអត្ថិភាពនៃកាតព្វកិច្ចនោះ ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ បើ​សន្តតិជន​បាន​ចាត់​ចែង​មត៌ក​ដើម្បី​សង​កាតព្វកិច្ចផ្សេង ដែលត្រូវបានទទួលតាមរយៈសន្តតិកម្មនៅមុនពេល បាន​ដឹង​អំពី​អត្ថិភាព​នៃ​កាតព្វកិច្ច​ដែល បានកំណត់នៅក្នុងកថាខណ្ឌទី ១ ដដែលនេះបញ្ញត្តិនៃចំណុច ក មាត្រា ១២៥៥ (ការ​យល់​ព្រម​ទាំង​ស្រុង​តាមច្បាប់) នៃក្រមនេះ មិនត្រូវយកមកអនុវត្តឡើយ ។

មាត្រា ១២៥២. ការលុបចោលការយល់ព្រម ឬការបោះបង់

១-ការយល់ព្រម និងការបោះបង់សន្តតិកម្មមិនអាចលុបចោលបានឡើយ ទោះ​នៅ​ក្នុង​អំឡុង​ពេល​ដែល​បាន​កំណត់​នៅក្នុងកថាខណ្ឌទី ១ នៃមាត្រា ១២៤៨ (អំឡុងពេលនៃការយល់ព្រម ឬការបោះបង់) នៃក្រមនេះ ក៏ដោយ ។

២-បញ្ញត្តិនៃកថាខណ្ឌទី ១ ខាងលើនេះ ពុំរារាំងចំពោះការលុបចោលនូវការយល់ព្រម ឬបោះបង់សន្តតិកម្ម ដោយយកមូលហេតុមានវិការៈក្នុងការបង្ហាញឆន្ទៈឡើយ ។    ប៉ុន្តែ សិទ្ធិលុបចោលនេះ ត្រូវ​រលត់​បើ​ពុំបាន​អនុវត្ត​នៅក្នុងអំឡុងពេល ៦ (ប្រាំមួយ) ខែគិតចាប់ពីពេលដែលអាចផ្តល់សច្ចានុមតិបាន ។ បញ្ញត្តិ​នេះ​ត្រូវ​យក​មកអនុវត្តដូចគ្នាផង ដែរចំពោះករណីដែលពុំបានអនុវត្តសិទ្ធិលុបចោលនៅក្នុងអំឡុងពេល ៥ (ប្រាំ) ឆ្នាំ គិតចាប់ពីពេលដែលចាប់ផ្តើមធ្វើសន្តតិកម្ម ។

៣-បុគ្គលដែលមានបំណងចង់លុបចោល ការយល់ព្រមដោយកម្រិត ឬការបោះបង់ តាម​បញ្ញត្តិ​នៃ​កថាខណ្ឌ​ទី ២ ខាងលើនេះ ត្រូវដាក់ពាក្យសុំលុបចោលនោះ ទៅតុលាការ ។

មាត្រា ១២៥៣. ការហាមឃាត់មិនឱ្យធ្វើបណ្តឹងចំពោះសន្តតិជន នៅមុនការយល់ព្រម

សិទ្ធិទាមទារចំពោះបេតិកភ័ណ្ឌ ពុំអាចយក​មកអះអាង​ក្នុងបណ្តឹង​ចំពោះ​សន្តតិ​ជ​ន​នៅ​មុន​ពេល​យល់​ព្រម​លើ​ស​​ន្តតិកម្ម បានឡើយ ។

ផ្នែកទី ២

ការយល់ព្រម

មាត្រា ១២៥៤. ការយល់ព្រមទាំងស្រុង

បើសន្តតិជន បានយល់ព្រមទាំងស្រុង ត្រូវទទួលបន្តដោយគ្មានកម្រិតនូវសិទ្ធិ និង​កាតព្វកិច្ច​របស់​មតក​ជន​នោះ។

មាត្រា ១២៥៥. ការយល់ព្រមទាំងស្រុងតាមច្បាប់

ក្នុងករណីដែលកំណត់ដូចខាងក្រោមនេះត្រូវចាត់ទុកថា សន្តតិជនបានយល់ព្រម ទាំងស្រុងតាមច្បាប់ :

ក-បើសន្តតិជន បានចាត់ចែងមតិកនោះទាំងអស់ ឬមួយភាគ ។   ប៉ុន្តែ បញ្ញត្តិ​នេះ​មិន​ត្រូវ​យក​មក​អនុវត្ត​ឡើយ ចំពោះសកម្មភាពរក្សា និងសកម្មភាពត្រឹមតែជា ការគ្រប់គ្រង ។

ខ-បើសន្តតិជនមិន បានយល់ព្រមដោយកម្រិត ឬបោះបង់នៅក្នុងអំឡុងពេលដែល​បាន​កំណត់​នៅក្នុ​ង​កថា​ខណ្ឌ​ទី ១ នៃមាត្រា ១២៤៨ (អំឡុងពេលនៃការយល់ព្រម ឬការបោះបង់) នៃក្រមនេះ ។

គ-ទោះបីជាសន្តតិជន បានយល់ព្រមដោយកម្រិតឬបោះបង់ក៏ដោយបើសន្តតិជន បានលាក់មត៌កទាំងអស់ ឬមួយភាគ ឬបានប្រើប្រាស់មត៌កនោះដើម្បីខ្លួន ។    ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ នៅ​ក្រោយ​ពេលដែលជនដែលបាន​ក្លាយជា​សន្តតិជនដោយ​សារការបោះបង់របស់សន្តតិជន​លំដាប់មុនបាន​យល់ព្រម ។

មាត្រា ១២៩៦. ការយល់ព្រមដោយមានកម្រិត

១-សន្តតិជនអាចយល់ព្រម ដោយបម្រុងទុកនូវសំណងកាតព្វកិច្ច និងអច្ច័យទាន របស់មតកជន បាន​ត្រឹម​កម្រិតនៃទ្រព្យសម្បត្តិដែលខ្លួនបានទទួលតាមរយៈសន្តតិកម្មតែ ប៉ុណ្ណោះ ។

២-បើសន្តតិជនមានច្រើននាក់ ការយល់ព្រមដោយកម្រិតនេះ អាចធ្វើបានលុះត្រាតែ​សហសន្តតិជននោះ បានធ្វើដោយរួមគ្នាទាំងអស់ ។

មាត្រា ១២៥៧. វិធីនៃការយល់ព្រមដោយកម្រិត

សន្តតិជនដែលមានបំណងចង់យល់ព្រមដោយកម្រិតត្រូវធ្វើបញ្ជីសារពើភ័ណ្ឌ ហើយ​ត្រូវ​ដាក់ពាក្យសុំ​អំពី​ការ​យល់​ព្រមដោយកម្រិតនោះ ទៅតុលាការនៅក្នុងអំឡុងពេល ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ នៃ​មាត្រា ១២៤៨ (អំឡុងពេលនៃការយល់ព្រម ឬការបោះបង់) នៃក្រមនេះ ។

មាត្រា ១២៥៨. អានុភាពនៃការយល់ព្រមដោយកម្រិត

១-ក្នុងករណីដែលសន្តតិជន បានយល់ព្រមដោយកម្រិត ម្ចាស់​បំណុល​របស់​មតកជន​ពុំអាច​តាម​ទាម​ទារ​ឱ្យ​សន្តតិជន​ទទួលខុសត្រូវចំពោះទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ សន្តតិជននោះ បានឡើយ ។

២-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះសិទ្ធិ និងកាតព្វកិច្ច របស់​សន្តតិជន​ដែល​មាន​ចំពោះមតកជននោះ ត្រូវចាត់ទុកថា មិនបានរលត់ដោយព្យាកុលភាពឡើយ ។

មាត្រា ១២៥៩. ករណីដែលហេតុនៃការយល់ព្រមតាមច្បាប់កើតឡើង ក្រោយការយល់ព្រមដោយកម្រិត

១-ក្នុងករណីដែលជនដែល បានធ្វើសន្តតិកម្មតែម្នាក់ឯងបានយល់ព្រមដោយកម្រិត បើសន្តតិជននោះមិន បាន​សរសេរទ្រព្យសម្បត្តិទាំងអស់ ឬមួយភាគ នៅក្នុងបញ្ជីសារពើភ័ណ្ ដោយទុច្ចរិត ឬ​បើ​មាន​ហេតុ​ដែល​បាន​កំណត់នៅក្នុងចំណុច ក ឬ គ នៃ មាត្រា ១២៥៥ (ការយល់ព្រមទាំងស្រុងតាមច្បាប់) នៃក្រមនេះ កើត​ឡើងចំពោះសន្តតិជននោះ ត្រូវចាត់ទុកថា សន្តតិជននោះ បានយល់ព្រមទាំងស្រុង ហើយ​សេចក្តី​ថ្លែង​ការណ៍​នៃការយល់ព្រមដោយកម្រិត មិនបង្កើតអានុភាព តាំងពីដំបូងមក ។

២-បើមានមូលហេតុដូចកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ចំពោះសហសន្តតិជនម្នាក់ ឬច្រើននាក់ ដែលបានយល់ព្រមដោយកម្រិតម្ចាស់បំណុល​របស់មតកជន​អាច​អនុវត្តសិទ្ធិ​របស់ខ្លួន​ទៅលើ​សហ​សន្តតិជន​​ម្នាក់ ឬច្រើននាក់នោះ ចំពោះចំនួនទឹកបាក់នៃសិទ្ធិលើបំណុល ដែល​ពុំអាច​ទទួល​ការសងដោយ​មតិក តាមចំណែកមតិកនីមួយៗ នោះបាន ។

ផ្នែកទី ៣

ការបោះបង់

មាត្រា ១២៦០. ការបោះបង់សន្តតិកម្ម

បុគ្គលដែលមានបំណងបោះបង់សន្តតិកម្ម ត្រូវដាក់ពាក្យសុំការ​បោះបង់សន្តតិកម្ម នោះ ទៅតុលាការ ។

មាត្រា ១២៦១. អានុភាពនៃការបោះបង់

បុគ្គលដែលបានបោះបង់សន្តតិកម្ម ត្រូវចាត់ទុកថា បុគ្គលនោះមិនមែនជាសន្តតិជន​តាំ​ងពីដំបូងមក ។