គណនេយ្យ (accounting) សំដៅដល់កិច្ចការថែរក្សា គ្រប់គ្រង ឬត្រូតពិនិត្យបញ្ជីគណនី។
✍សម្រង់មាត្រាមួយចំនួននៃក្រមរដ្ឋប្បវេណី៖
មាត្រា ៨២. ការបង្កើត និងលក្ខន្តិកៈ (នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត)
១-ដើម្បីបង្កើតនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត បុគ្គលដែលមានបំណងធ្វើជាសមាជិកត្រូវសហការគ្នាបង្កើតលក្ខន្តិកៈ ហើយចុះហត្ថលេខារៀងៗខ្លួន។
២-លក្ខន្តិកៈដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវសរសេរនូវគ្រប់ចំណុចដូចខាងក្រោម:
- ក. គោលបំណង។
- ខ. នាមករណ៍។
- គ. ទីតាំងនៃទីស្នាក់ការកណ្តោល។
- ឃ. បញ្ញត្តិស្តីពីចំនួនទឹកប្រាក់សរុបនៃទ្រព្យសម្បត្តិជាមូលដ្ឋាន ដែលត្រូវធានាក្នុងនាមជានីតិបុគ្គល និងទ្រព្យធនសកម្ម។ ក្នុងករណីដែលមានវិភាគទានជាវត្ថុក្រៅពី បាក់ត្រូវសរសេរនូវឈ្មោះ ឬនាមករណ៍របស់បុគ្គលធ្វើវិភាគទានជាវត្ថុក្រៅពីប្រាក់ឈ្មោះ និងតម្លៃនៃទ្រព្យសម្បត្តិនោះ ឬក្នុងករណីដែលបុគ្គលណាម្នាក់បានសន្យាថា នឹងធ្វើអនុប្បទានទ្រព្យសម្បត្តិណាមួយក្រោយពីការបង្កើតនីតិបុគ្គលត្រូវសរសេរនូវតម្លៃ នៃទ្រព្យសម្បត្តិនោះ និងឈ្មោះឬនាមករណ៍របស់អនុប្បទាយី ឬត្រូវសរសេរនូវចំនួនបាក់នៃសោហ៊ុយដែលចំណាយ ក្នុងការបង្កើតនីតិបុគ្គល ហើយដែលនីតិបុគ្គលត្រូវទទួលបន្ទុក។
- ង. ឆ្នាំអនុវត្តកិច្ចការ ។
- ច. ចំណុចស្ដីពីអភិបាល អ្នកត្រួតពិនិត្យ និងអ្នកមានតួនាទីផ្សេងទៀត។
- ឆ. បញ្ញត្តិស្តីពីការទទួល និងការបាត់បង់សមាជិកភាព។
- ជ. ចំណុចស្ដីពីគណនេយ្យ។
- ឈ. ចំណុចស្ដីពីការរំលាយ។
- ញ. ចំណុចស្តីពីការកែប្រែលក្ខន្តិកៈ។
- ដ. វិធីផ្សព្វផ្សាយជាសាធារណៈ។
៣-លក្ខន្តិកៈពុំមានអានុភាពឡើយ បើពុំបានទទួលសេចក្តីបញ្ជាក់ពីសារការីទេ ។
៤-លក្ខន្តិកៈត្រូវរក្សាទុកនៅទីស្នាក់ការកណ្តោល និងទីស្នាក់ការសាខា។