ញាតិលោហិតខ្សែផ្ទាល់ (direct consanguinity) សំដៅដល់ញាតិ ដែលមានឈាមជ័រជាមួយគ្នា ហើយកើតតគ្នាពីមួយទៅមួយតាមលំដាប់ គឺ ឪពុក ម្តាយ កូន ចៅ ចៅទូត។

ប្រភព៖ សទ្ទានុក្រមពាក្យច្បាប់​ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និងនីតិវិធីរដ្ឋប្បវេណី រៀបចំដោយគណៈ កម្មការបណ្ឌិត្យសភាទទួលបន្ទក​អនុម័តពាក្យច្បាប់​ របស់ទីស្តីការគណៈរដ្ឋមន្រ្តីបោះពុម្ពលើកទី១ ឆ្នាំ ២០០៧​។

សម្រង់មាត្រា នៃក្រមរដ្ឋប្បវេណី

មាត្រា ១១៤០.– ទំហំ និងលំដាប់ នៃជនដែលមានករណីយកិច្ចត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ច

១- ញាតិ ក្លាយជាជនដែលមានករណីយកិច្ចត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ច តាមទំហំ និងលំដាប់ ដូចខាងក្រោមនេះ :

  • ទី ១ ញាតិដែលរស់នៅជាមួយគ្នា។
  • ទី ២ ញាតិលោហិតខ្សែផ្ទាល់។
  • ទី ៣ បងប្អូនបង្កើត។

២-ក្រៅពីជនដែលបញ្ញត្តនៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ តុលាការអាច​ឱ្យញាតិនៅក្នុងថ្នាក់ទី ៣ (បី) ទទួលបន្ទុកករណីយកិច្ចត្រូវផ្គត់ផ្គង់អាហារកាតព្វកិច្ចបានបើមានស្ថានភាពពិសេស។   នៅក្នុងករណីដែលអាពាហ៍​ពិពាហ៍ បានរលាយដោយសារមរណភាពរបស់សហព័ទ្ធម្ខាង បញ្ញត្តិនេះត្រូវយកមកអនុវត្តដូចគ្នាផងដែរ ចំពោះអាហារកាតព្វកិច្ចរវាងសហព័ទ្ធ​ដែលនៅរស់ និងញាតិរបស់សហព័ទ្ធដែលបានទទួលមរណភាព។

៣-ក្រោយពីបានសម្រេចសេចក្តីតាមបញ្ញត្តិនៃកថាខណ្ឌទី ២ ខាងលើនេះ បើមានការផ្លាស់ប្តូរស្ថានភាព តុលាការអាចលុបចោលនូវសេចក្តីសម្រេចនោះបាន។

មាត្រា ១១៥០.– អភ័ព្វបុគ្គលនៃសន្តតិកម្ម ជាអាទិ៍

បុគ្គលដែលបានកំណត់ដូចខាងក្រោមនេះ ពុំអាចក្លាយជាសន្តតិជន ឬពុំអាច​ទទួលទ្រព្យសម្បត្តិតាមមតកសាសន៍ បានឡើយ:

  • ក-បុគ្គលដែលបានទទួលទោស ដោយមានចេតនាធ្វើឃាត ឬប៉ុនប៉ងធ្វើឃាតលើមតកជនឬ លើជនដែលមានលំដាប់សន្តតិកម្ម​មុន ឬលំដាប់ស្មើគ្នាទោះដោយផ្ទាល់ក្តី ឬដោយប្រយោលក្តី។
  • ខ-បុគ្គលដែលដឹងអំពីការសម្លាប់មតកជន​តែមិនបានរាយការ​ណ៍ ឬមិនបានប្តឹង​។ ប៉ុន្តែ បញ្ញត្តិនេះមិនត្រូវយកមកអនុវត្តឡើយ ចំពោះ​ករណីដែលបុគ្គលនោះ មិនអាចវិនិច្ឆ័យអំពើល្អ ឬអាក្រក់បាន ឬករណីដែលអ្នកសម្លាប់ជាសហព័ទ្ធ ឬញាតិលោហិតខ្សែផ្ទាល់របស់បុគ្គលនោះ។
  • គ-បុគ្គលដែលបានរារាំងមតកជនក្នុងការធ្វើលុបចោល ឬកែប្រែមតកសាសន៍ស្តីពីសន្តតិកម្ម ដោយការឆបោក ឬគម្រាមកំហែង។
  • ឃ-បុគ្គលដែលបានឱ្យមតកជនធ្វើលុបចោល ឬកែប្រែមតកសាសន៍​ស្តីពី សន្តតិកម្ម ដោយការឆបោក ឬគម្រាមកំហែង។
  • ង-បុគ្គលដែល បានក្លែងកបន្លំ បំផ្លាញចោល ឬលាក់ទុកនូវលិខិតមតកសាសន៍ស្តីពីសន្តតិកម្ម របស់មតកជន។