ផ្អែកតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការប័ណ្ណព្រំដែន ជូនប្រជាពលរដ្ឋដែលស្នាក់នៅអចិន្ត្រៃយ៍ក្នុងខេត្តជាប់ព្រំដែនប្រើប្រាស់ឆ្លងចូលទៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

ប៉ុន្តែជាក់ស្តែង រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃមួយចំនួន អនុញ្ញាតឱ្យសមត្ថកិច្ចនៅតាមច្រកទ្វារព្រំដែន ចេញឯកសារមិនប្រក្រតីជូនប្រជាពលរដ្ឋខ្មែរ ដើម្បីចេញ-ចូលឆ្លងកាត់ព្រំដែន។ ការចេញសំបុត្រឆ្លងដែនបណ្តោះអាសន្ន គឺហួសពីសមត្ថកិច្ច និងផ្ទុយពីកិច្ចព្រមព្រៀងកម្ពុជា-ថៃ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចក្រឡាហោមបានធ្វើការណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃទាំងអស់ ឱ្យអនុវត្តកិច្ចការចាំបាច់មួយចំនួន៖

1/ ណែនាំអាជ្ញាធរមានសមត្ថកិច្ចប្រចាំការនៅតាមបណ្តាច្រកទ្វារព្រំដែនទាំងអស់ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ឱ្យបញ្ឈប់រាល់ការចេញសំបុត្រឆ្លងដែនបណ្តោះអាសន្ន ឬឯកសារឆ្លងដែនមិនប្រក្រតីនានា។

2/ ត្រូវជំរុញនិងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណព្រំដែនសម្រាប់ចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែនផ្លូវការ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងការពារបាននូវប្រយោជន៍ស្របច្បាប់ អនុលោមតាមស្មារតីកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

3/ ត្រូវផ្សព្វផ្សាយ អប់រំ និងណែនាំដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងច្បាស់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណព្រំដែន និងជំរុញឱ្យពួកគាត់មកដាក់ពាក្យស្នើសុំប័ណ្ណព្រំដែនកម្ពុជា-ថៃ នៅអង្គភាពច្រកចេញ-ចូលតែមួយដែលមានទីតាំងនៅសាលាខេត្ត ឬទីតាំងផ្សេងៗទៀត ដែលកំណត់ដោយរដ្ឋបាលខេត្តសាមី។

4/ ត្រូវធ្វើរបាយការណ៍ជាលាយលក្ខណ៍អក្សរអំពីលទ្ធផលវឌ្ឍនភាពនៃការអនុវត្តការងារផ្តល់ប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋ ដោយបញ្ជាក់អំពីបញ្ហាប្រឈម និងសំណូមពរនានា ជូនមកក្រសួងមហាផ្ទៃជារៀងរាល់ខែ ដើម្បីមានវិធានការដោះស្រាយ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន!

ប្រភព៖ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ