ប្រទេសជាច្រើននៅលើពិភពលោក បានរៀបចំស្ថាប័នតុលាការដើម្បីដោះស្រាយវិវាទដោយបង្កើតឲ្យមានតុលាការជំនាញផ្សេងៗគ្នា មានដូចជា តុលាការរដ្ឋប្បវេណី តុលាការព្រហ្មទណ្ឌ តុលាការពាណិជ្ជកម្ម តុលាការរដ្ឋធម្មនុញ្ញ តុលាការការងារ តុលាការរដ្ឋបាល ជាដើម ដើម្បីបង្កភាពងាយស្រួល ធានាដំណើរការនីតិវិធីបានលឿន និងប្រកបដោយភាពយុត្តិធម៌ ។

ចំណែកនៅកម្ពុជា មិនទាន់ឈានទៅដល់ការបង្កើតតុលាការតាមជំនាញខាងលើនៅឡើយ គឺមានតុលាការនៃនីតិរួម ដែលដោះស្រាយលើគ្រប់វិវាទទាំងអស់ លើកលែងតែរឿងក្ដីយោធាព្រោះយើងមានតុលាការយោធា ជាតុលាការដោយឡែកមួយ ។

វិវាទរដ្ឋបាល គឺជាវិវាទដែលកើតឡើងរវាងអាជ្ញាធរសាធារណៈ និងប្រជាពលរដ្ឋ ឬរវាងនីតិបុគ្គលសាធារណៈ និងនីតិបុគ្គលសាធារណៈ ឬរវាងនីតិបុគ្គលឯកជន និងនីតិបុគ្គលសាធារណៈ ។ នៅក្នុងទំនាក់ទំនងរវាងអាជ្ញាធរសាធារណៈ និងប្រជាជន អាចមានទំនាស់កើតឡើង ព្រោះជាទំនាក់ទំនងរវាងការប្រើប្រាស់អំណាចសាធារណៈ និងការប្រើប្រាស់សិទ្ធិរបស់ប្រជាពលរដ្ឋ ។

ការប្រើប្រាស់អំណាចសាធារណៈ របស់អាជ្ញាធររដ្ឋបាល ជាពិសេសអំពើ ឬសកម្មភាព និងសេចក្ដីសម្រេចរដ្ឋបាលអាចបណ្ដាលឱ្យកើតមាន អំពើអនីត្យានុកូល បញ្ហាអសកម្ម (រដ្ឋបាលមិនះអនុវត្តសមត្ថកិច្ចជាកាតព្វកិច្ចរបស់ខ្លួន) ការរំលោភអំណាច ឬការប្រើអំណាចផ្ដេសផ្ដាស (រដ្ឋបាលប្រើអំណាចឆន្ទានុសិទ្ធិហួសព្រំដែន) ឬការបង្កជាព្យស្យនកម្មផ្សេងៗ ។​ កំហុសទាំងនេះ ជាហេតុបណ្ដាលឱ្យមានវិវាទរដ្ឋបាល ។ បណ្ដឹងក្នុងវិវាទរដ្ឋបាល មានគោលបំណងពីរ គឺ ទី១- សុំកែប្រែ និរាករណ៍ មោឃភាព សេចក្ដីសម្រេចរដ្ឋបាល ទី២- ទាមទារសំណង ។នៅក្នុងប្រវត្តិសាស្ត្រ កម្ពុជា ធ្លាប់មានយុត្តាធិការរដ្ឋបាលចាប់តាំងពីឆ្នាំ ១៩៣៣ មកម្ល៉េះ ។  នៅឆ្នាំ ១៩៣៣ កម្ពុជា បានបង្កើត សាលាក្រុមវិវាទ សម្រាប់ដោះស្រាយរឿងក្ដីរដ្ឋបាលដូចការរំលោភអំណាច និងការពិនិត្យទៅលើនីត្យានុកូលភាព (ភាពស្របច្បាប់) ។ ស្រដៀងគ្នានេះ ក៏ធ្លាប់មានសាលាក្រុមវិវាទ ឆ្នាំ ១៩៤៨ សាលាក្រុមវិវាទឆ្នាំ ១៩៥៣ ផងដែរ ។   

រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៩ ចែងថា “ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិប្ដឹងបរិហារ ប្ដឹងតវ៉ា ឬប្ដឹងទាមទារសំណងជួសជុលការខូចខាត ដែលបណ្ដាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកអង្គការទាំងនេះ។ ការដោះស្រាយបណ្ដឹងតវ៉ា សំណងជួសជុលការខូចខាត ជាសមត្ថកិច្ចរបស់តុលាការ ” ។ ចំណែកមាត្រា ១២៨ ថ្មី វាក្យខណ្ឌទី៣ និងទី៤ ចែងថា “អំណាចតុលាការគ្របដណ្ដប់ទៅលើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង ។ អំណាចនេះ ត្រូវប្រគល់ឲ្យតុលាការកំពូល និងសាលាជម្រះក្ដីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់” ។ ច្បាប់ស្ដីពីការរៀបចំអង្គការតុលាការ ដែលប្រកាសឲ្យប្រើនៅថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០១៤ ត្រង់មាត្រា ៤ បានចែងថា “សាលាជម្រះក្ដីគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ អនុវត្តអំណាចតុលាការ ដែលគ្របដណ្ដប់លើរឿងក្ដីទាំងអស់ រួមទាំងរឿងក្ដីរដ្ឋបាលផង” ។ ចំណែកមាត្រា ៥ ខថាខណ្ឌទី ១ នៃច្បាប់ដដែល បានកំណត់ឲ្យសាលាជម្រះក្ដីជាន់ទាប បែងចែកជាតុលាការជំនាញ ហើយសាលាជម្រះក្ដីជាន់ខ្ពស់ត្រូវបែងចែកជាសភាជំនាញ ។ ត្រង់នេះ បញ្ជាក់ច្បាស់ថា រឿងក្ដីរដ្ឋបាល ត្រូវស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការទូទៅ ពោលគឺតុលាការតុលាការរាជធានី ខេត្ត សាលាឧទ្ធរណ៍ និងតុលាការកំពូល ។

ក្នុងរឿងក្តីរដ្ឋប្បវេណី ជាធម្មតាគេច្រើនយកតាមកន្លែងកើតហេតុគឺកន្លែងដែលវិវាទកើតទ្បើងនោះជាតុលាការមានសមត្ថកិច្ចកាត់ក្តី ។ រឿងក្តីរដ្ឋបាលខ្លះអាចជារឿងអាជ្ញាធរ រដ្ឋបាលថ្នាក់ឃុំ ស្រុក ខេត្តរំលោភយកដីរបស់ប្រជាជនក៏មាន ហើយក្នុងករណីនេះតាម តាមលំនាំដែលមានខាងរដ្ឋប្បវេណីខាងលើ តុលាការនៃទីកន្លែង ដែលមានការរំលោភ អំណាចយកដីប្រជាជននោះ ហើយជា តុលាការមានសមត្ថកិច្ច ជំនុំជម្រះ។ រឿងក្តីរដ្ឋបាលខ្លះអាចជារឿងសុំមោឃភាព ។ រឿងក្តីរដ្ឋបាលខ្លះទៀត ទាក់ទងនិងរឿងអនុវត្តកិច្ចសន្យារដ្ឋបាល ឬរឿងការទទួលខុសត្រូវរបស់រដ្ឋ ឬឃុំសង្កាត់ ។

ដូចបានលើកឡើងខាងលើ មាត្រា ៣៩ នៃរដ្ឋធម្មនុញ្ញ ផ្ដល់សិទ្ធិឱ្យប្រជាពលរដ្ឋខ្មែរប្ដឹងបរិហារ ប្ដឹងតវ៉ា ឬប្ដឹងតវ៉ា ប្ដឹងទាមទារសំណងជួសជុលការខូចខាត ដែលបណ្ដាលពីអំពើខុសច្បាប់របស់អង្គការរដ្ឋ របស់អង្គការសង្គម និងរបស់បុគ្គលិកនៃអង្គការទាំងនោះ ។ នេះមានន័យថា អ្នកដែលមានសិទ្ធិប្ដឹងគឺ ជារូបវន្តបុគ្កល តំណាងរបស់រូបវន្តបុគ្គល (មេធាវី) នីតិបុគ្គលសាធារណៈ និងនីតិបុគ្គលឯកជន ដែលរងគ្រោះដោយអំពើខុសច្បាប់របស់អាជ្ញាធរសាធារណៈ ។

ការដោះស្រាយវិវាទរដ្ឋបាល អចធ្វើឡើងតាម (១) ផ្លូវរដ្ឋបាល ដែលគេហៅថា ដោះស្រាយតាមនីតិវិធីរដ្ឋបាលក្រៅវិវាទ និង (២) ផ្លូវតុលាការដែលគេហៅថាដោះស្រាយតាមនីតិវិធីយុត្តាធិការ។

ការដោះស្រាយវិវាទតាមផ្លូវរដ្ឋបាល ជាការត្រួតពិនិត្យសេចក្ដីសម្រេច អំពើ ឬសកម្មភាពរបស់រដ្ឋបាល ដោយរដ្ឋបាលខ្លួនឯង ។ ការត្រួតពិនិត្យនេះ មានពីរបែបគឺ ការជួបជាមួយរដ្ឋបាលសាមី (រដ្ឋបាល/អាជ្ញាធរដែលចេញសេចក្ដីសម្រេច ឬធ្វើអំពើ) និងការជួបជាមួយរដ្ឋបាល ឬអាជ្ញាធរដែលមានឋានានុក្រមខ្ពស់ជាងរដ្ឋបាលសាមី (ឧទាហរណ៍ រដ្ឋបាលសាមីជាអភិបាលស្រុក នោះរដ្ឋបាលថ្នាក់លើគឺអភិបាលខេត្ត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឬនាយករដ្ឋមន្ត្រី) ដើម្បីបង្ហាញការពិត ឬសុំការសម្របសម្រួល ឬសុំការកែសម្រួល ដោយបញ្ជាក់ពីមូលហេតុ ចាំបាច់នានា ដែលអាចជាភស្ដុតាង ជាដើម ។

ការដោះស្រាយវិវាទរដ្ឋបាល នៅកម្ពុជា បច្ចុប្បន្ន មានពីរបែប គឺការដោះស្រាយវិវាទតាមយុត្តាធិការធម្មតា និងការដោះស្រាយវិវាទតាមយុត្តាធិការពិសេស ។

ការដោះស្រាយវិវាទតាមយុត្តាធិការធម្មតា គឺសំដៅដល់ការដោះស្រាយវិវាទដោយអនុលោមតាមបទប្បញ្ញត្តិដែលមានចែងនៅក្នុងច្បាប់រដ្ឋប្បវេណី (ក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី) ។ ដូចបានដឹងស្រាប់ហើយថា បច្ចុប្បន្ន កម្ពុជាមិនទាន់មានក្រមរដ្ឋបាល និងក្រមនីតិវិធីរដ្ឋបាលនៅឡើយ ប៉ុន្តែ ចៅក្រមត្រូវតែដោះស្រាយ គ្រប់វិវាទ ដែលបានដាក់ជូន ។ ដូច្នេះ នៅពេលដែលមានវិវាទដាក់ជូនចំពោះមុខ ចៅក្រមត្រូវស្វះស្វែងរកវិធានពាក់ព័ន្ធនានា   ដើម្បីកាត់ក្ដី ហើយដំណើរការនីតិវិធី ត្រូវធ្វើឡើង ដោយយកលំនាំតាមរឿងក្ដីរដ្ឋប្បវេណី និងគោលការណ៍ច្បាប់ប្រទេសដែលមានតុលាការរដ្ឋបាលស្រាប់ ជាពិសេស ប្រទេសបារាំង ។ មិនខុសពីរឿងក្ដីទូទៅឡើយ ភាគីវិវាទ ពោលគឺរដ្ឋ និងបុគ្គលឯកជន អាចប្ដឹងឧទ្ធរណ៍ និងប្ដឹងសាទុក្ខ ប្រឆាំងនឹងសេចក្ដីសម្រេចរបស់តុលាការបាន ។ និយាយជារួម នីតិវិធី និងដំណើរការរបស់សាលាជម្រះក្ដីវិវាទរដ្ឋបាល នៅក្នុងតុលាការបច្ចុប្បន្ន មិនខុសគ្នាពី ដំណើរការក្ដីក្នុងរឿងរដ្ឋប្បវេណីឡើយ ។  

នៅពេលដំណើរការនីតិវិធី អាចមានវិធានការបង្អង់ការអនុវត្តសេចក្ដីសម្រេចរដ្ឋបាល ។ ការបង្អង់សេចក្ដីសម្រេចរដ្ឋបាល មានគោលបំណងព្យួរការអនុវត្តជាបណ្ដោះអាសន្នសិន រហូតដល់មានសាលក្រមរបស់តុលាការ ។ ប៉ុន្តែ តាមគោលការណ៍នៃនីតិរដ្ឋបាល ចំពោះពលរដ្ឋ សេចក្ដីសម្រេចរដ្ឋបាល ត្រូវតែអនុវត្តភ្លាមនៅពេលបានទទួល ហើយបណ្ដឹងគ្រប់ប្រភេទ មិនអាចផ្អាកការអនុវត្តបានឡើយ លើកលែងតែមានអញត្រកម្ម (ករណីលើកលែង) ដែលច្បាប់បានចង្អុលទុក ។ ដូច្នេះ បើគ្មានច្បាប់អនុញ្ញាត ចៅក្រមម្នាក់ មិនអាចចេញដីកាបង្អង់ការអនុវត្តសេចក្ដីសម្រេចរដ្ឋបាលបានទេ ។ យោងតាមយុត្តសាស្ត្រតុលាការរដ្ឋបាលបារាំង ចៅក្រមយល់ព្រមបង្អង់ការអនុវត្តសេចក្ដីសម្រេចរដ្ឋបាលបាន លុះត្រាតែមានលក្ខខណ្ឌ ពីរគឺ ១- បណ្ដឹងនោះត្រូវតែមានមធ្យោបាយច្បាស់លាស់ ២- សេចក្ដីសម្រេចរដ្ឋបាលនោះអាចបណ្ដាលឲ្យមានផលវិបាកមិនអាចជួសជុល ឬពិបាកនឹងជួសជុលវិញបាន ។ នៅពេលដែលតុលាការរកឃើញកំហុសរបស់រដ្ឋ រដ្ឋត្រូវតែសងការខូចខាតដល់ជនរងគ្រោះ ។ អាជ្ញាធររដ្ឋបាល ត្រូវតែគោរព និងអនុវត្តសេចក្ដីសម្រេចរបស់តុលាការ ។ ប៉ុន្តែ ក្នុងរឿងក្ដីរដ្ឋបាល រដ្ឋមានសិទ្ធិជ្រើសរើសកាលានុវត្តភាពក្នុងការសងការខូចខាត ដែលតុលាការបានសម្រេចឱ្យសង ។ តុលាការពុំមានអំណាចបង្ខំឱ្យរដ្ឋសងជាកំហិត នៅថ្ងៃជាក់លាក់ណាមួយបានឡើយ ។ តុលាការបានត្រឹមដាក់ពិន័យដល់រដ្ឋចំពោះការយឺតយ៉ាវក្នុងការសងការខូចខាតដល់ភាគីឯកជនប៉ុណ្ណោះ ។

នីតិវិធីដោះស្រាយវិវាទតាមយុត្តាធិការពិសេស សំដៅដល់ការដោះស្រាយវិវាទរដ្ឋបាលនៅក្នុងច្បាប់ដោយឡែក ដែលក្នុងនោះរួមមាន (១) វិវាទទាក់ទងនឹងការបោះឆ្នោត (២) វិវាទទាក់ទងនឹងពាណិជ្ជកម្ម និង (៣) វិវាទទាក់ទងនឹងអគ្គិសនី ។

យោងតាមមាត្រា ១៣៦ ថ្មីនៃរដ្ឋធម្មនុញ្ញ ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យ និងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ ចំណែកច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ត្រង់មាត្រា ៤២ ថ្មីបានកំណត់ថា ការដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹងការចុះបញ្ជីគណបក្សនយោបាយ និងបេក្ខភាពឈរឈ្មោះបោះឆ្នោត ត្រូវធ្វើឡើងតាមលំដាប់លំដោយ ដែលមានគណៈកម្មការឃុំ/សង្កាត់រៀបចំការបោះឆ្នោត គណៈកម្មការរាជាថី/ខេត្តរៀបចំការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មុននឹងអាចធ្វើបណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ។ តាមរយៈបញ្ញត្តិទាំងនេះ យើងឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើរតួជាតុលាការរដ្ឋបាលជាន់ទាប ហើយក្រុមប្រឹក្សាធម្មនុញ្ញ គឺជាតុលាការរដ្ឋបាលជាន់ខ្ពស់ ក្នុងរឿងបោះឆ្នោត ។

រឿងក្ដីរដ្ឋបាលនៅក្នុងវិស័យពាណិជ្ជកម្ម អាចដោះស្រាយដោយមជ្ឈត្តកម្ម ដែលដំណើរការនៃមជ្ឈត្តកម្មនេះ ត្រូវធ្វើឡើងស្របតាមច្បាប់ស្ដីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ។ សង្ខេបជារួម ដំណើរការ មជ្ឈត្តកម្មមាន៦ដំណាក់កាល គឺ ១- ការផ្ដួចផ្ដើមមជ្ឈត្តកម្ម ២- ការជ្រើសរើសវេទិការមជ្ឈត្តកម្ម ៣- នីតិវិធីមុនសវនាការ ៤- សវនាការមជ្ឈត្តការ ៥- ការធ្វើសេចក្ដីសម្រេចចិត្ត ៦- ការប្ដឹងឧបាស្រ័យ និងការដាក់ឱ្យអនុវត្ត ។ សេចក្ដីលម្អិតនៃដំណាក់កាលនីមួយៗ មាននៅក្នុងច្បាប់ស្ដីពីមជ្ឈត្តការផ្នែកពាណិជ្ជកម្ម ឆ្នាំ ២០០៦ ។

វិវាទទាក់ទងនឹងបញ្ហាអគ្គិសនី ក៏ស្ថិតនៅក្រោមយុត្តាធិការពិសេសដែរ ព្រោះថា វាស្ថិតក្នុងសមត្ថកិច្ចរបស់អាជ្ញាធរអគ្គិសនីកម្ពុជា និងអនុវត្តនីតិវិធីនៃការដោះស្រាយទៅតាមច្បាប់ស្ដីពីអគ្គិសនីកម្ពុជា ។
នៅក្នុងការបំពេញតួនាទីរបស់ខ្លួន អាជ្ញាធររដ្ឋបាល មានអំណាចមួយ ដែលគេហៅថា “បុព្វសិទ្ធិនៃអំណាចសាធារណ: ” ដើម្បីធានាបាននូវផលប្រយោជន៍ទូទៅ ។ ប៉ុន្តែ សកម្មភាពរបស់អាជ្ញាធររដ្ឋបាល ត្រូវតែប្រព្រឹត្តទៅស្របតាមបទប្បញ្ញត្តិច្បាប់ ។ ហេតុនេះ ត្រូវស្ថិតក្រោមការត្រួតពិនិត្យរបស់ស្ថាប័នយុត្តាធិការ ឬសាលាជម្រះក្ដីទាំងឡាយ ។

តុលាការរដ្ឋបាល  មានសមត្ថកិច្ចដោះស្រាយបណ្ដឹងរបស់ប្រជាពលរដ្ឋប្រឆាំងនឹងអំពើខុសច្បាប់របស់អង្គការរដ្ឋ ឲ្យអង្គការរដ្ឋបញ្ឈប់អំពើខុសច្បាប់នោះ កែតម្រូវកិច្ច (លិខិតរដ្ឋបាល) និងបង្ខឲ្យរដ្ឋជួសជុលការខូចខាត ចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ។ កំហុសរបស់រដ្ឋ អាចជាការអនុវត្តអំណាចដោយរំលោភបំពានច្បាប់ធ្វើឲ្យខូចប្រយោជន៍ដល់ប្រជាពលរដ្ឋ (ឧទាហរណ៍ ការដកហូតដីកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ មិនស្របតាមនីតិវិធីច្បាប់ និងមិនផ្ដល់សំណងសមរម្យកំណត់ដោយច្បាប់) ជាការធ្វេសប្រហែសបង្កឬការខូចខាត ឬគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ (ឧទាហរណ៍ រដ្ឋជីករណ្ដៅដាក់លូ លើដងផ្លូវ ដោយមិនបានដាក់សញ្ញាប្រាប់ព័ត៌មានដល់អ្នកធញវើដំណើរ នាំឲ្យមានអ្នកជិះម៉ូតូធ្លាក់ក្នុងរណ្ដៅនោះ ) និងការចេញសេចក្ដីសម្រេចផ្សេងៗមិនសមស្រប ឬរំលោភច្បាប់ ។

ក្នុងដំណើររឿងរដ្ឋបាល ចៅក្រមអាចប្រឈមនឹងបញ្ហាជាច្រើន ព្រោះថា ជាទំនាស់រវាង អង្គការរដ្ឋបាល ជាមួយនឹងប្រជាពលរដ្ឋ ដែលស្ថិតក្រោមនៅក្នុងដែនរដ្ឋបាលរបស់អង្គភាពនោះ ។ ចៅក្រម ត្រូវថ្លឹងថ្លែងយ៉ាងប្រយ័ត្នប្រយែង រវាងបុព្វសិទ្ធិនៃអំណាចសាធារណ:ដែលធានាផលប្រយោជន៍ទូទៅ និងការការពារសិទ្ធិសរីភាពរបស់ប្រជាពលរដ្ឋ ។ ហេតុនេះ ចៅក្រមនៅក្នុងតុលាការនៃនីតិរួម (ដូចកម្ពុជាសព្វថ្ងៃ ដែលតុលាការទូទៅកាត់ក្ដីលើរឿងទាំងអស់ គ្រប់ជំនាញ) មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវិភាគគ្រប់ជ្រុងជ្រោយ លើអង្គហេតុ និងអង្គច្បាប់ នៅក្នុងរឿងក្ដីរដ្ឋបាលឡើយ ព្រោះថា គាត់រវល់ខ្លាំងជាមួយនឹងរឿងក្ដីក្នុងវិស័យផ្សេង (ដូចជា រដ្ឋប្បវេណី ព្រហ្មទណ្ឌ ការងារ ពាណិជ្ជកម្ម ជាដើម) គ្មានពេលស្រាវជ្រាវ មិនមានបទពិសោធ និងជំនាញច្បាស់លាស់លើវិស័យវិវាទរដ្ឋបាល ។

ដើម្បីដោះស្រាយបញ្ហាខាងលើ គេត្រូវរៀបចំអង្គការដោយឡែកមួយដែលមានជំនាញ និងមានសមត្ថកិច្ចផ្ដាច់មុខលើរឿងក្ដីរដ្ឋបាល ហើយចៅក្រមនៅក្នុងតុលាការនេះ ជាអ្នកជំនាញដែលមានជំនាញច្បាស់លាស់លើនីតិរដ្ឋបាល ។  

គួរបញ្ជាក់ថា ទោះបីជាតុលាការនៃនីតិរួមនៅកម្ពុជា មានសមត្ថកិច្ចជម្រះក្ដីលើរឿងរដ្ឋបាលក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ មានរឿងក្ដីរដ្ឋបាលតិចតួចណាស់ដែលបានដោះស្រាយដោយតុលាការ ។ មូលហេតុគឺ នៅក្នុងការយល់ឃើញរបស់ប្រជាពលរដ្ឋ នៅពេលដែលរដ្ឋបាលប្រព្រឹត្តកំហុស មិនដឹងទៅប្ដឹងនរណា ។ ហេតុនេះហើយ ការបង្កើតតុលាការដោយឡែកមួយ គឺតុលាការរដ្ឋបាល ដែលមាន តុលាការដំបូងរដ្ឋបាល តុលាការឧទ្ធរណ៍រដ្ឋបាល និងតុលាការកំពូលរដ្ឋបាល ដើម្បីដោះស្រាយរឿងក្ដីនានា ពាក់ព័ន្ធនឹងរដ្ឋបាល ពិតជាសំខាន់ណាស់ សម្រាប់ការកសាងនីតិរដ្ឋនៅកម្ពុជា ។ តុលាការរដ្ឋបាល ជាស្ថាប័នដែលត្រូវ ១- ស្វែងរកយុត្តិធម៌រដ្ឋបាល ២- កសាងទំនាក់ទំនងរវាងប្រជាពលរដ្ឋ និងរដ្ឋ ៣- ពង្រីកនីត្យានុកូលភាពសង្គម ៤- ការពារផលប្រយោជន៍ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ៥- ធានាសិទ្ធិប្ដឹងតវ៉ា និងប្ដឹងបរិហាររបស់ប្រជាពលរដ្ឋ និង ៦- ត្រួតពិនិត្យសកម្មភាពរបស់រដ្ឋបាល ។