យោងតាមឧបសម្ព័ន្ធនៃច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce Law) ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១១៩/០១៧ ចុះថ្ងៃទី ០២ វិច្ឆិកា ២០១៩ , “ភស្តុតាងអេឡិចត្រូនិក” សំដៅដល់ព័ត៌មាន ទិន្នន័យ ឬឯកសារ នានាដែលបានបង្កើតឡើង រក្សាទុក ផ្ញើចេញ ឬទទួលក្នុងទម្រង់ឬទំនាក់ទំនងអេឡិចត្រូនិក សម្រាប់ជាសំអាងទាក់ទងនឹងអង្គហេតុណាមួយក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ ហើយព័ត៌មាន ទិន្នន័យ ឬឯកសារនោះមានយថាភូតភាពស្របតាមច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិក។
មាត្រា៣៥ នៃច្បាប់ខាងលើ បានចង្អុលបង្ហាញពីការទទួលយកជាទូទៅនូវភស្តុតាងអេឡិចត្រូនិក ទោះបីជាវាមិនស្ថិតក្នុងទម្រង់ដើមក៏ដោយ។ ទោះជាយ៉ាងនេះក្ដី ភស្ដុតាងអេឡិចត្រូនិក ដែលអាចទទួលយកបាន ត្រូវមានភាពសុក្រឹតទាំងលើប្រព័ន្ធអេឡិចត្រូនិក និងព័ត៌មាន។

១. អំពីសុក្រឹតភាពនៃប្រព័ន្ធអេឡិចត្រូនិក[1]
នៅក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ សុពលភាពនៃភស្តុតាងអេឡិចត្រូនិកអាចត្រូវបានបញ្ជាក់តាមរយៈសុក្រឹតភាពនៃប្រព័ន្ធអេឡិចត្រូនិក ដែលបានកត់ត្រាឬរក្សាទុកនូវទិន្នន័យណាមួយ។
លើកលែងតែមានភស្តុតាងផ្ទុយ ប្រព័ន្ធអេឡិកនិកដែលបានប្រើប្រាស់សម្រាប់កត់ត្រា ឬរក្សាទុកកំណត់ត្រាអេឡិចត្រូនិក ត្រូវបានសន្មតថាមានសុក្រឹតភាព ក្នុងដំណើរការនីក៏វិធីតាមផ្លូវច្បាប់ តាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖
- ក្នុងករណីមានភស្តុតាងគាំទ្រ ដល់អង្គហេតុណាមួយដែលបញ្ជាក់ថាប្រព័ន្ធអេឡិចត្រូនិកឬឧបករណ៍ស្រដៀងគ្នាផ្សេងទៀត បានដំណើរការជាប្រក្រតីនៅពេលដែលកំណត់ត្រាអេឡិចត្រូនិកនោះត្រូវបានកត់ត្រាឬរក្សាទុក ឬនៅពេលដែលយកទៅធ្វើជាភស្តុតាង ឬក្នុងករណីដែលប្រព័ន្ធអេឡិចត្រូនិក ឬឧបករណ៍ស្រដៀងគ្នាផ្សេងទៀត នោះមិនបានដំណើរការជាប្រក្រតី ឬឈប់ដំណើរការទាំងស្រុង ប៉ុន្តែមិនធ្វើឱ្យប៉ះពាល់ដល់សុក្រឹតភាពនៃកំណត់ត្រាអេឡិចក្រនិក ហើយគ្មានមូលហេតុសមស្របណាផ្សេងយកមកជំទាស់សុក្រឹតភាពនៃកំណត់ត្រានោះ ។
- ក្នុងករណីមានភស្តុតាងអាចបង្ហាញបានថា កំណត់ត្រាអេឡិចត្រូនិកត្រូវបានកត់ត្រា ឬរក្សាទុកដោយភាគីដែលមានផលប្រយោជន៍ផ្ទុយគ្នាទៅនឹងភាគីម្ខាងទៀតដែលប្រើប្រាស់កំណត់ត្រាអេឡិចត្រនិកនោះ ជាភស្តុតាងក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់។ ឬ
- នៅពេលដែលមានភស្តុតាងអាចបង្ហាញបានថា កំណត់ត្រាអេឡិចត្រូនិកត្រូវបានកត់ត្រាឬរក្សាទុកជាប្រក្រតីក្នុងគោលបំណងអាជីវកម្មធម្មតាដោយបុគ្គលដែលមិនមែនជាភាគីក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ ហើយបុគ្គលនោះមិនបានកត់ត្រា ឬក៏ក្សាទុកនូវកំណត់ត្រាអេឡិចត្រូនិកក្រោមការគ្រប់គ្រងរបស់ភាគីដែលប្រើប្រាស់កំណត់ត្រាឡិចត្រូនិកនោះ ជាភស្តុតាង ក្នុងដំរការនីតិវិធីតាមផ្លូវច្បាប់។
២. អំពីសុក្រឹតភាពនៃព័ត៌មាន[2]
លើកលែងតែមានភស្តុតាងផ្ទុយពីនេះ កំណត់ត្រាអេឡិចត្រូនិកដែលបានកត់ត្រាឬ រក្សាទុកនៅក្នុងប្រព័ន្ធអេឡិចត្រូនិកត្រូវបានសន្មតថាមានសុក្រឹតភាពនៅក្នុងដំណើរការនីតិវិធីតាម ផ្លូវច្បាប់ ប្រសិនបើកំណត់ត្រាអេឡិចត្រូនិកនោះ៖
- នៅពេញលេញនិងគ្មានការកែប្រែក្រៅពីការធ្វើបដ្ឋិលេខបន្ថែមណាមួយ ឬការផ្លាស់ប្តូរដែលមិនសំខាន់ណាមួយដែលកើតឡើងនៅក្នុងដំណើរការជាប្រក្រតីនៃទំនាក់ទំនង ការរក្សាទុកឬការបង្ហាញ។
- ត្រូវបានបញ្ជាក់ឬចុះហត្ថលេខានៅក្នុងទម្រង់អេឡិចត្រូនិក តាមរយៈមធ្យោបាយដែលផ្តល់ឱ្យដោយអ្នកផ្តល់នីតិវិធីសុវត្ថិភាពដែលមានអាជ្ញាបណ្ណត្រឹមត្រូវ។
- មានសុក្រឹតភាពនិងមានខ្លឹមសារដែលត្រូវបានបញ្ជាក់ដោយក្រសួងឬស្ថាប័នមានសមត្ថកិច្ច។
- ត្រូវបានកត់ត្រាទុកនៅក្នុងឧបករណ៍រក្សាទុកឬតាមមធ្យោបាយអេឡិចត្រូនិកផ្សេងទៀតដែលមិនអនុញ្ញាតឱ្យមានការកែប្រែទៅលើកំណត់ត្រាអេឡិចត្រូនិក។
- ត្រូវបានត្រួតពិនិត្យនិងបញ្ជាក់ពីសុក្រឹតភាព ដោយអ្នកជំនាញដែលត្រូវបានតែងតាំងដោយតុលាការ។
- នៅពេលដែលមានភស្តុតាងគាំទ្រ ដល់អង្គហេតុណាមួយ ដែលបញ្ជាក់ថាប្រព័ន្ធអេឡិចត្រូនិកឬឧបករណ៍ស្រដៀងគ្នាផ្សេងទៀតបានដំណើរការជាប្រក្រតីនៅគ្រប់ រយៈពេលសំខាន់ៗ ឬក្នុងករណីដែលប្រព័ន្ធអេឡិចត្រូនិកឬឧបករណ៍ស្រដៀងគ្នា ផ្សេង ទៀត នោះមិនបានដំណើរការជាប្រក្រតីឬឈប់ដំណើរការទាំងស្រុង តែសុក្រឹតភាពនៃ កំណត់ត្រាមិនរងការប៉ះពាល់ដោយសារស្ថានភាពទាំងនោះទេ ហើយគ្មានមូលហេតុសមស្របណាផ្សេងទៀតដែលចោទជាមន្ទិលសង្ស័យលើ សុក្រឹតភាពនៃកំណត់ត្រានោះឡើយ។ ឬ
- នៅពេលដែលមានភស្តុតាងអាចបង្ហាញបានថាកំណត់ត្រាអេឡិចត្រូនិកត្រូវបានកត់ត្រាឬរក្សាទុកដោយភាគីដែលចូលរួមនៅក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់នោះ ហើយដែលភាគីមានទំនាស់ផលប្រយោជន៍ផ្ទុយគ្នាទៅនឹងភាគីម្ខាងទៀត ដែលមានបំណងប្រើប្រាស់កំណត់ត្រាអេឡិចត្រូនិកនោះ។
នៅពេលដែលមានភស្តុតាងអាចបង្ហាញបានថាកំណត់ត្រាអេឡិចត្រូនិកត្រូវបានកត់ត្រា ឬរក្សាទុកតាមធម្មតា និងក្នុងគោលបំណងអាជីវកម្មធម្មតា ដោយបុគ្គលដែលមិនមែនជាភាគី នៅក្នុងដំណើរការនីតិវិធីតាមផ្លូវច្បាប់ ហើយបុគ្គលនោះមិនបានកត់ត្រា ឬរក្សាទុកនូវកំណត់ត្រាអេឡិចត្រូនិក ក្រោមការគ្រប់គ្រងរបស់ភាគីដែលមានបំណងប្រើប្រាស់កំណត់ត្រាអេឡិចត្រូនិកនោះ។
នៅពេលដែលរបាយការណ៍ត្រវបានកត់ត្រាទុក នៅក្នុងកំណត់ត្រាអេឡិចត្រូនិក ដែលត្រូវបានបង្កើតឡើងដោយប្រព័ន្ធអេឡិចត្រូនិក មិនត្រូវបានចាត់ទុកថាជាពាក្យចចាមអារ៉ាមទេនោះ របាយការណ៍ទាំងនោះអាចទទួលយកបាន ប្រសិនបើកំណត់ត្រានោះស្របតាមលក្ខខណ្ឌដូចបានរៀបរាប់ខាងលើ។
លោកអ្នកអាចចុចទាញយកច្បាប់ជាPDF តាមឆាណែលតេឡេក្រាម៖ LAWKH
[1] ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នស/រកម/១១១៩/០១៧ ០២ វិច្ឆិកា ២០១៩, មាត្រា ៣៦។
[2] ដដែល, មាត្រា ៣៧។