តាមព្រះរាជពង្សាវតារភាគតំណាល ឆ្នាំ១៨៦៩ នគរគោកធ្លក ជារដ្ឋប្រជាជាតិខ្មែរដំបូង ជាព្រះរាជាណាចក្រមួយ ដែលចាប់ផ្តើមដោយរាជវង្សព្រះថោង និងនាងនាគ នៅឆ្នាំ២៦៧មុនគ.ស.។

  • នគរគោកធ្លកឬកោះគោកធ្លក ដែលជាទីកំណើតនៃអរិយធម៌ខ្មែរនោះលាតសន្ធឹងពីតំបន់មាត់មហាសាគរប៉ាស៊ីហ្វិកនៅភាគខាងត្បូង (អូរកែវ-អង្គរបុរី) ទៅដល់នគររាជសីមា និងទន្លេមូល (ថៃហៅថា ទន្លេមូន)នៅភាគខាងជើង។
  • កំណាយបុរាណវត្ថុវិទ្យានាឆ្នាំ១៩៩៦-១៩៩៩ ដោយអ្នកបុរាណវត្ថុវិទ្យានៃសាកលវិទ្យាល័យហាវ៉ៃ(ស.រ.អា.) និងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានរកឃើញថា រដ្ឋដំបូងៗនៅតំបន់អង្គរបុរី មានអត្ថិភាពតាំងពី៥០០ឆ្នាំមុនគ.ស.។ នេះជាភស្តុតាង ដ៏រឹងមាំមួយទៀត បញ្ជាក់អំពីនគរគោកធ្លក ដែលមានចំណាស់ច្រើនសតវត្សរ៍មុនគ.ស.។

ប្រភព៖ រាជបណ្ឌិត្យសភាកម្ពុជា, បច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសប្រវត្តិវិទ្យា ដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលត្រូវបានអនុម័តនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។