រាជាណាចក្រភ្នំ គឺជារដ្ឋខ្មែរដែលមានអត្ថិភាពចាប់ពីស.វ.ទី១ដល់ទី៦នៃគ.ស.។ អតីតរាជាណាចក្រនេះមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសចិន ខាងកើតជាប់នឹងប្រទេសចម្ប៉ា ខាងត្បូងជាប់នឹងឈូងសមុទ្រខ្មែរ និងខាងលិចជាប់នឹងប្រទេសមន។ រាជាណាចក្រនេះមាន រដ្ឋបុរីចំណុះជាច្រើន និងមានរាជធានីឈ្មោះ វ្យាធបុរៈ។ រាជាណាចក្រភ្នំប្រើភាសាខ្មែរបុរាណ សំស្រ្កឹត បាលី និងគោរពព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។ ដោយផ្អែកតាមកំណត់ហេតុរបស់អ្នកការទូតចិន កាំង តៃ និង ជូ យីង បញ្ជាក់ថា បឋមក្សត្ររាជាណាចក្រ ភ្នំគឺព្រះនាង លីវ យី និង ព្រះបាទ ហ៊ុន ទៀន។ ព្រះមហាក្សត្រ ចុងក្រោយគឺព្រះបាទរុទ្រវរ្ម័ន។

ប្រភព៖ រាជបណ្ឌិត្យសភាកម្ពុជា, បច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសប្រវត្តិវិទ្យា ដាក់ជូនក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលត្រូវបានអនុម័តនាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤។